អាមេរិក៖ លោកគ្រូបង្រៀនថ្នាក់មហាវិទ្យាល័យម្នាក់ ថ្មីៗនេះកំពុងតែផ្ទុះការសរសើរយ៉ាងខ្លាំងនៅលើបណ្តាញសង្គម ក្រោយរូបភាព ពនាងតូចម្នាក់ទាំងកំពុងបង្រៀនសិស្សនៅក្នុងថ្នាក់ ត្រូវបានបង្ហោះចែកចាយ។

លោក Nathan Alexander គឺជាសាស្រ្តចារ្យផ្នែកគណិតវិទ្យាមួយរូប បង្រៀននៅឯមហាវិទ្យាល័យ Morehouse College ក្នុងទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក។

លោកគ្រូ Nathan Alexander

កាលពីថ្ងៃសុក្រ សប្តាហ៍មុននេះ លោកត្រូវបានកូនសិស្ស (និស្សិត) លួចប្រមាញ់ថតរូបរបស់លោក ក្នុងអំឡុងពេលកំពុងតែបង្រៀនសិស្សបណ្ដើរនិងព (ឬស្ពាយ) ក្មេងស្រីតូចម្នាក់បណ្តើរ ដោយប្រើជំនួយកាតាប ឬកាបូបសុវត្ថិភាពសម្រាប់ដាក់កូនង៉ែតតូចៗ ពដាក់នាងតូចជាប់នឹងទ្រូងរបស់លោក ខណៈដែលដៃម្ខាងរបស់លោកគេឃើញថា ក៏បានចាប់ឱបឬកាន់ទប់នាងតូច ឯដៃម្ខាងទៀតកាន់ហ្វឺតដើម្បីសរសេរមេរៀននៅលើក្តាខៀន។

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ក្មេងស្រីតូចនោះ ពុំមែនជាកូនរបស់លោកគ្រូ Alexander នោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ នាងតូចនោះគឺជាកូនស្រីរបស់កូនសិស្សលោកម្នាក់ (ប៉ារបស់នាងតូច) ដែលបាននាំនាងមករៀនជាមួយ ព្រោះតែគ្មានអ្នកជួយមើល។

ក្រោយមកដោយសារតែ លោកគ្រូ Alexander កត់សម្គាល់ឃើញថា ប៉ាប៉ារបស់នាងតូចហាក់បីដូចជា ពិបាកនៅក្នុងកត់ត្រាមេរៀន ទើបលោកក៏បានសម្រេចចិត្តយកមកនាងតូចមកពជំនួសប៉ារបស់នាងតែម្តង ដើម្បីឲ្យប៉ានាងបានស្រួលចិត្តនៅក្នុងការរៀន និងស្រួលកត់ត្រាមេរៀនផងដែរ។

ជាក់ស្តែង អ្នកប្រើគណនី Twitter ម្នាក់ ក៏បានឲ្យដឹងតាមរយៈរូបភាពនេះថា «សិស្សមករៀនថ្ងៃនេះយកកូនស្រីរបស់គាត់មកជាមួយ ដោយសារតែ ពុំមានអ្នកជួយមើល(នៅផ្ទះ) ហើយនៅក្នុងថ្នាក់ក៏ពុំមានអ្នកជួយមើលនាងទៀត ទើបត្រូវបានលោកគ្រូ Nathan Alexander ប្រាប់ប៉ានាងតូចថា គាត់នឹងជួយមើលនាង ដើម្បីឲ្យប៉ានាងស្រួលរៀន និងស្រួលសរសេរមេរៀន» ។

លោកគ្រូ Nathan Alexander

ត្រឹមតែរយៈពេលខ្លីប៉ុន្មានប៉ុណ្ណោះ រូបភាពទាំងនេះទទួលបានអ្នក Like ខ្ទង់ជាង ៤ម៉ឺននាក់ និងអ្នកចែកចាយបន្តជាង ១ម៉ឺនដងឯណោះ មកជាមួយនឹងការសរសើជាហូរហែរដល់លោកគ្រូ Alexander ផងដែរ។

អ្នកលេងបណ្តាញសង្គមមួយចំនួន បានបញ្ចេញមតិសរសើរលោក Alexander មិនខុសគ្នាថា គាត់មិនត្រឹមតែជាគ្រូបង្រៀនដ៏ល្អម្នាក់ប៉ុណ្ណោះនោះទេ ប៉ុន្តែគាត់ថែមទាំងមានទឹកចិត្ត ចែករំលែកក្តីស្រលាញ់ ជួយសម្រាលបន្ទុក និងផ្តល់ភាពកក់ក្តៅទៅឲ្យកុមារថែមទៀត (នាងតូច) ទាំងដែលរូបគាត់ក៏កំពុងតែមមាញឹកនឹងការងាររបស់គាត់។ ខណៈដែលសិស្សៗ និងអ្នកមួយចំនួនទៀតថា លោកគ្រូ Alexander គាត់ពិតជាអ្នកដែលមានចិត្តសប្បុរ ហើយជាវីរបុរសក្នុងដួងចិត្តរបស់ពួកគេផងដែរ។ ព្រោះថាកន្លងមកគាត់ក៏ធ្លាប់ជួយដល់សិស្សៗជាច្រើនផ្សេងទៀត តាមលទ្ធភាពដែលគាត់អាចធ្វើបានផងដែរ។ គាត់ពិតជាលោកគ្រូម្នាក់ដ៏គួរឲ្យគោរព និងស្ថិតនៅក្នុងចិត្តសិស្សជានិច្ច។

អ្នកលេងបណ្តាញសង្គមបញ្ចេញមតិ

គួរឲ្យដឹងផងដែរថា លោកគ្រូ Alexander បានចូលខ្លួនមកធ្វើជាសាស្រ្តចារ្យបង្រៀននៅមហាវិទ្យាល័យខាងលើនេះ ក្នុងកំឡុងឆ្នាំ២០១៧។ គាត់គឺជាគ្រូឯកទេសអប់រំផ្នែកគណិតវិទ្យា (Mathematics Education) ស្ថិតិ (Statistical) ក្រាហ្វិច (Graphs) និង Social Networks ក៏ដូចជាគណិតវិទ្យា Mathematical Modeling ជាដើម ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

លោកគ្រូ Nathan Alexander
អ្នកលេងបណ្តាញសង្គមបញ្ចេញមតិ
អ្នកលេងបណ្តាញសង្គមបញ្ចេញមតិ
អ្នកលេងបណ្តាញសង្គមបញ្ចេញមតិ
អ្នកលេងបណ្តាញសង្គមបញ្ចេញមតិ
អ្នកលេងបណ្តាញសង្គមបញ្ចេញមតិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]