ម៉ាឡេស៊ី៖ យើងទាំងអស់គ្នាសុទ្ធតែដឹងហើយថា ជនជាតិជប៉ុនគឺជាមនុស្សដែលមានវិន័យនិងសុភាពរាបសារ។ ពួកគេសរមែងនិយមភាពស្អាត ហើយមិនថាចាញ់ការប្រកួតក៏ដោយ ក៏នៅតែរក្សាភាពស្អាត និងមានរបៀបរាបរយជានិច្ចដែរ។ ជាក់ស្តែងដូចជាការប្រកួតបាល់ទាត់ពិភពលោក World Cup កាលពីឆ្នាំ២០១៨កន្លងទៅអីចឹង បើទោះបីជាជប៉ុនចាញ់ការប្រកួតក៏ដោយ ក៏ក្រុមកីឡាករបាល់ទាត់ជប៉ុនបានរៀបចំបន្ទប់ផ្តាស់ប្តូរសំលៀកបំពាក់របស់ពួកគេបានយ៉ាងល្អឥតខ្ចោះ ដែលសកម្មភាពនេះបានធ្វើឱ្យពិភពលោកមានការកោតសរសើរ និងគោរពជាតិសាសន៍មួយនេះជាខ្លាំង។

ដោយឡែក ថ្មីៗនេះក្រុមកីឡាករបាល់ឱបជនជាតិជប៉ុន បានមកដល់ទីលានប្រកួត MCKK 7s ក្នុងប្រទេសម៉ាឡេស៊ី ហើយពួកគេបានធ្វើសកម្មភាពដ៏អស្ចារ្យមួយទៀតដែលកំពុងតែល្បីល្បាញពេញបណ្តាញសង្គម Twitter។ 

យោងតាមគណនី Twitter លោក Alio Lavista បានឱ្យដឹងថា ក្រុមបាល់ឱបជនជាតិជប៉ុនមួយក្រុមបានដើររើសកន្ទុយបារី និងសំរាមនៅទីលានប្រកួត ព្រោះមូលហេតុ ២យ៉ាងគឺ៖ ទី១ ដោយសារជនជាតិជប៉ុនជាមនុស្សរស់នៅស្អាត ហើយជាវប្បធម៌របស់ពួកគេ។ ចំណែកទី២គឺដោយសារប្រជាជនម៉ាឡេស៊ីរស់នៅគ្មានសណ្តាប់ធ្នាប់ ចោលកន្ទុយបារី និងសំរាមផ្តេសផ្តាស។

សកម្មភាពក្រុមកីឡាករបាល់ឱបជប៉ុនដើររើសសំរាម

លើសពីនេះទៅទៀត ម្ចាស់គណនី Twitter ខាងលើក៏បាននិយាយបន្ថែមទៀតថា៖

«នេះជាក្រុមកីឡាករបាល់ឱបជប៉ុនដែលមកទីលាន MCKK 7s ហើយពួកគេបែរជាមករើសកន្ទុយបារី និងសំរាមទៅវិញ។ សាកពិចារណាទាំងអស់គ្នាថាតើពួកគេមកទីនេះដើម្បីប្រកួត ឬក៏មកដើម្បីរើសសំរាមឱ្យអ្នកដទៃ?»

មិនយូរប៉ុន្មាន រឿងនេះបានល្បីពេញបណ្តាញសង្គម Twitter ហើយមានមនុស្សម្នាជាច្រើនបានបញ្ចេញមតិថា៖

«ពិតជាគួរឱ្យខ្មាសគេខ្លាំងណាស់! បើអ្នកជក់បារី អ្នកគួរតែដឹងពីរបៀបបោះចោលកន្ទុយបារីនៅក្នុងធុងសំរាម មិនមែនបោះចោលតែផ្តេសផ្តាសនោះទេ។»

«ជនជាតិជប៉ុនគឺជាជាតិសាសន៍ដែលមានភាពស្អាត តាំងតែពីក្មេងមកម្ល៉េះ ហើយបើអ្នកធ្លាប់ទៅលេងប្រទេសជប៉ុន អ្នកប្រាកដជាយល់រឿងមួយនេះ។»

«ពួកគេគ្រាន់តែចង់អប់រំប្រជាជនម៉ាឡេស៊ីថា ប្រសិនបើអ្នកជក់បារី អ្នកគួរតែបោះចោលកន្ទុយបារីក្នុងធុងសំរាម។ ពិភពលោកនេះមិនមែនជាធុងសំរាមនោះទេ។ ពិតជាល្ងង់មែន។»

ដូច្នេះយើងទាំងអស់គ្នាគួររៀនសូត្រតាមជនជាតិជប៉ុន ចូលរួមរក្សាអនាម័យ និងសណ្តាប់ធ្នាប់ឱ្យបានគ្រប់ៗគ្នាទើប «ទីក្រុងស្អាត បរិស្ថានល្អ ផ្តើមចេញពីពួកយើងទាំងអស់គ្នា»៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់ជប៉ុនក្រោយពេលបញ្ចប់ការប្រកួត
បន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់របស់ជប៉ុនក្រោយពេលបញ្ចប់ការប្រកួត
សកម្មភាពក្រុមកីឡាករបាល់ឱបជប៉ុនដើររើសសំរាម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]