រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​មុខសញ្ញា​ចោរ​គាស់​ផ្ទះ​ម្នាក់​បាន​គាស់​សោ​បន្ទប់​ជួល​លួច​ទ្រព្យសម្បត្តិ​ជា​បន្តបន្ទាប់ ដោយ​លើក​មុន​គាស់​បាន​សម្រេច​៣​បន្ទប់ និង​លួច​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រួច​គេចខ្លួន​បាត់ ជា​ហេតុ​ធ្វើ​ឲ្យ​ជន​នេះ​ញ៉ាម​ក៏​ធ្វើ​សកម្មភាព​នៅ​ប្លុក​ផ្ទះ​ជួល​ដដែល​បន្ត​ទៀត ប៉ុន្តែ​លើក​នេះ​គ្មាន​សំណាង​ដូច​លើក​មុន​ឡើយ​ដោយ​គាស់​សម្រេច​៣​បន្ទប់​ទៀត​តែ​ត្រូវ​ម្ចាស់​បន្ទប់​ទៅ​ទាន់​ចាប់ខ្លួន​ប្រគល់​ជូន​នគរ​បាល​តែ​ម្ដង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​និង​២០​នាទី​រសៀល ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ឈ្មោះ អឹ​ុ​ម សៅ អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​តា​ភេ​ម ឃុំ​ច​ន្ទ្រា ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ដោយ​នគរបាល​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1DM-1552 ជា​មធ្យោបាយ​ជនសង្ស័យ​ជិះ​ដើរ​ធ្វើ​សកម្មភាព និង​កូនសោ​សម្រាប់​ដើរ​ចាក់​ឆ្កឹះ មេសោរ​តាម​បន្ទប់ និង​ផ្ទះ​នានា​ផង​ដែរ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នេះ​ជា​សកម្មភាព​លើក​ទី​២​ហើយ ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្តិ ដោយ​កាលពី​រសៀល​ថ្ងៃ​ទី​១ មីនា ជនសង្ស័យ​ធ្វើ​សកម្មភាព​គាស់​សោ​បន្ទប់​ជួល​ខាងលើ​បាន​សម្រេច​ចំនួន​៣​បន្ទប់​ម្តង​រួច​ហើយ រួច​លួច​បានទ្រព្យ​សម្បត្តិ​មួយ​ចំនួន ហើយ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព។

ខណៈនោះ​ម្ចាស់​បន្ទប់​មិន​ទាន់​បាន​នាំ​គ្នា​ទៅ​ប្តឹង​នគរបាល​ផង ស្រាប់​១​ថ្ងៃក្រោយ គឺ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែមីនា ជន​សង្ស័យ​រូប​នោះ​ជិះ​ម៉ូតូ​ទៅ​ធ្វើ​សកម្មភាព​គាស់​សោ​បន្ទប់​បាន​៣​ទៀត ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ទាន់​ស្រែក​ឆោ​ឡោ​ព័ទ្ធ​ចាប់ខ្លួន​បាន​ប្រគល់​ឲ្យ​នគរបាល​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្ដង​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]