(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ​ស៉ើបអង្កេត ចុះប្រតិបត្តិការ​ឃាត់ខ្លួនជនជនជាតិអាមេរិកម្នាក់ ដែលពាក់ព័ន្ធករណីទិញពេស្យាចារកុមារ។ ប្រតិបត្តិការនេះ ធ្វើឡើងនៅល្ងាច​ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ ស្ថិតនៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការសម្របសម្រួល​ពីលោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយ​លោកឧត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំ ការងារការិយាល័យប្រឆាំងការជួញដូរ​មនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

មន្ដ្រីនគរបាលដែលចូលរួមប្រតិបត្តិការ បានឲ្យដឹងថា ជនបរទេសដែលឃាត់ខ្លួនមានឈ្មោះ POPE DANNY LEE ហៅ​រ៉ានី អាយុ​៦០ឆ្នាំ ជនជាតិអាមេរិក កាន់លិខិតឆ្លងដែនលេខ 546245420។

មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យបរទេសម្នាក់នេះ គឺកម្លាំងនគរបាលជំនាញ នៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានធ្វើការស្រាវជ្រាវ​ស៉ើបអង្កេត កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ រហូតថ្ងៃល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ បានចុះទៅឃាត់ខ្លួនជន​បរទេស​តែម្ដង នៅចំណុចផ្ទះម៉ាស្សា យីហោ ស្រីនាង៨៧១ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ​។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនបុរសជនជាតិ​អាមេរិកម្នាក់ និងធ្វើការស្រាវជ្រាវរកឃើញនារីរងគ្រោះ ចំនួន០៥នាក់ ក្នុងនោះកុមារីចំនួន០៣នាក់ បាននាំខ្លួនជនបរទេសយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីធ្វើការសាកសួរ។

សូមបញ្ជាក់ថា ក្រោយបញ្ចប់ការសាកសួរ ជនបរទេសម្នាក់នេះមានការពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ មានស្ថានទម្ងន់ទោស និងទិញពេស្យាចារកុមារ ត្រូវបានលោកព្រះរាជអាជ្ញាឯកភាពឲ្យនគរបាលឃុំខ្លួនជនបរទេសបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួន ទៅអយ្យការអមសាលាដំបូងរាជធានី ចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង៥នាក់នោះ ត្រូវបាន​នគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]