ខេត្តតាកែវ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០១៩​នេះ ប៉ូលិស​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​សាលាដំបូង​ខេត្ត​ហើយ ខណៈ​ពេល​ដែល​បុរស​រូប​នេះ​ទាត់​មន្ត្រី​ជំរឿន​៤​ជើងពេល​បំពេញការងារ ហើយ​ស្ទុះ​ទៅ​រារាំង​ចាប់​ហែក​ឯកសារ រួច​ដុត​ចោល​អស់​គ្មាន​សល់ និង​ថែម​ទាំង​ជេរ​ដៀល​ដល់​ថ្នាក់ដឹកនាំ​ទៀត​ផង ទីបំផុត​ក៏​ត្រូវ​សមត្ថកិច្ច​ចុះ​ចាប់​វាយ​ខ្នោះ​នាំ​យក​មក​ចាត់ការ​តាម​ច្បាប់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រពាំង​ត្រគៀត ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​។

លោក​វរសេនីយ៍ឯក យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត បានឱ្យ​ដឹង​ថា​ជនសង្ស័យ​មានឈ្មោះ​មិន សុក អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ត្រពាំង​ត្រគៀត ឃុំ​ឧត្តម សុរិយា ស្រុក​ត្រាំកក់​។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ​យ៉ាង សុភាព ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​មន្ត្រី​ជំរឿន រស់នៅ​ភូមិ​រំ​ពាក់​ពេន ឃុំ​ឧត្តម​សុរិយា ស្រុក​ត្រាំកក់​។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ក្នុង​ពេល​ចុះ​បំពេញការងារ​ជំរឿន​ប្រជាជន​នៅ​ទីតាំង​ខាងលើ ស្រាប់តែ​ជនសង្ស័យ​បាន​រារាំង​មិន​ឱ្យ​លោក​យ៉ាង សុភាព ចុះ​បំពេញ​ឯកសារ និង​ធ្វើ​ការងារ​នោះ​ទេ​។ ដោយ​ភ្លាម​នោះ គ្រាន់តែ​ឃើញ​មន្ត្រី​ជំរឿន​ចុះ​បំពេញការងារ​ភ្លាម ស្រាប់តែ​ជនសង្ស័យ​បាន​ទៅ​ដណ្តើម​យក​ឯកសារ​ការងារ​ដែល​លោក​យ៉ាង សុភាព ចុះ​ធ្វើ​បាន​ចំនួន​៥៧​គ្រួសារ និង​ផែនទី​ប្លង់​ជំរឿន​យក​ទៅ​ហែក រួច​ដុត​ចោល​ទាំងអស់​។ មិនតែប៉ុណ្ណោះ ជនសង្ស័យ​ថែម​ទាំង​បាន​ទាត់​លោក​យ៉ាង សុភាព ដែល​ជា​មន្ត្រី​ជំរឿន​ចំនួន​៤​ជើង​ទៀត​ផង​។ លើស​ពី​នេះ​ទៅ​ទៀត​ជនសង្ស័យ​បាន​ជេរ​ដៀល​ដល់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ នគរបាល​ស្រុក​បាន​ចុះ​ទៅ​ឃាត់ខ្លួន​កសាង​សំណុំរឿង​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត រួច​ក៏​បាន​បញ្ជូន​បន្ត​មក​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​ទៅ​តាម​ច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]