ធម្មតា គ្រប់គ្នាតែងតែនិយាយថា ពីមិត្តអាចក្លាយជាស្នេហា តែពីស្នេហា​មិនអាចក្លាយជាមិត្តបានឡើយ ដូច្នេះហើយ ទើបចុងក្រោយនៃជីវិតស្នេហា គឺមានតែជាសត្រូវនឹងគ្នាតែប៉ុណ្ណេាះ។ តែជឿទេថា មានអ្នកខ្លះ គាត់ធ្លាប់ជាសង្សារនឹងគ្នា តែពេលបែកគ្នាក៏ដោយ ក៏គាត់នៅតែអាចក្លាយជាមិត្តល្អនឹងគ្នា ចេះមើលថែ ការពារ បារម្ភពីគ្នាជាងសង្សារទៅទៀត គ្រប់យ៉ាង វាកើតពីហេតុផលដូចខាងក្រោម ៖  

រូបតំណាង

១. ពីដំបូងអ្នកទាំងពីរមិនបានដាក់ចិត្តស្រឡាញ់គ្នាពិតប្រាកដ
អាចនិយាយបានថា ជាអារម្មណ៍មិនច្បាស់ថាស្រឡាញ់គ្នា គឺនៅស្ទាក់ស្ទើរ ស្នេហាមិនចំស្នេហា មិត្តភក្តិក៏មិនចំមិត្តភក្តិ បែបនេះហើយ ទើបអាចធ្វើឱ្យគេមិនពិបាកនឹងធ្វើជាមិត្តល្អនឹងគ្នា។

២. ដល់ចំណុចមួយដែលមានអារម្មណ៍ថា​អស់ចិត្តរៀងៗខ្លួន

គ្រប់មនុស្សដែលស្រឡាញ់គ្នា ទោះស្រឡាញ់ខ្លាំងកម្រិតណា ក៏មានពេលខ្លះ មានអារម្មណ៍ថា ធុញទ្រាន់ និងអស់ចិត្តនឹងស្រឡាញ់គ្នាដែរ។ មនុស្សយើងតែងមានពេលមួយគឺ ពេលដែលហត់នឿយចិត្តជាមួយគ្នា ក៏ព្រោះតែអាចមកពីទង្វើ កាយវិការព្រងើយកន្តើយ ឬមកពីអ្នកទាំងពីរនាក់ សម្លឹងឃើញអ្នកថ្មី ឬស្រឡាញ់អ្នកផ្សេងរៀងៗខ្លួន ទើបធ្វើឱ្យគេទាំងពីរ គ្មានមន្ទិលក្នុងការធ្វើជាមិត្តល្អនឹងគ្នា បន្ទាប់ពីបែកចែកផ្លូវគ្នា។ 

រូបតំណាង

៣. ព្រមទទួលយកការពិត ឬត្រៀមចិត្តបែកគ្នាទុកជាមុន
គូស្នេហ៍ខ្លះ ស្រឡាញ់គ្នាពិតៗ ទើបគេបើកចិត្ត ផ្ដល់សិទ្ធិសេរីភាពឱ្យគ្នាទៅវិញទៅមក មានហេតុផលក្នុងការទទួលស្គាល់ការពិតនៃពាក្យថា " ធ្វើម្ដេចយើងមិនមែនជាគូនឹងគ្នា "។​ ត្រូវហើយ មានដៃគូច្រើនណាស់ ដែលអាចស្រឡាញ់គ្នា តែមិនបានជួបគ្នា ត្រូវចាំថា មនុស្សខ្លះ អាចចូលមកនៅក្នុងចិត្តយើង តែមិនអាចមានវត្តមានក្នុងជីវិតយើងរហូតឡើយ អាចស្រឡាញ់ក៏អាចបែក សំខាន់ គឺបើកចិត្តព្រមទទួលយកថា មនុស្សយើងធ្លាប់ស្រឡាញ់ ទោះមិនអាចរួមរស់នឹងគ្នា​ តែក៏ត្រូវតែធ្វើជាមិត្តល្អនឹងគ្នាឱ្យបានដែរ។

៤. អស់ចិត្តស្រឡាញ់ តែមិនចង់បាត់បង់គ្នា
ទំនាក់ទំនងរវាងអ្នកទាំងពីរ គឺវាល្អអស់ពីចិត្ត ពេលស្រឡាញ់គ្នា គ្មានភាគីម្ខាងណាធ្វើឱ្យមានអារម្មណ៍ថាឈឺចាប់ ស្រឡាញ់គ្នា ដោយមិនចង់បានអ្វីពីគ្នា ក្រៅពីការបាននៅក្បែរ មើលថែគ្នា ដឹងសុខទុក្ខគ្នា ចង់ឃើញគ្នាមានអនាគត មានក្ដីសុខ អ្នកទាំងពីរចេះលះបង់ដើម្បីគ្នា ធ្វើអ្វីៗដើម្បីគ្នាដោយមិនខ្វល់ថា ថ្ងៃខាងមុខ ជួប ឬបែក តែក៏នៅតែធ្វើជាមិត្តល្អនឹងគ្នារហូតទៅ។

រូបតំណាង

វាក៏នៅមានហេតុផលជាច្រើនទៀត ដែលធ្វើឱ្យមនុស្សពីរនាក់ប្ដូរទំនាក់ទំនងពីសង្សារ ក្លាយទៅជាមិត្តល្អនឹងគ្នា សំខាន់គឺស្ថិតនៅលើចិត្ត គំនិតអ្នកទាំងពីរនាក់នោះ​ ថាតើ អាចទទួលយកបានដែរឬទេ? ពេលខ្លះអ្នកត្រូវគិតថា ការដែលបានស្រឡាញ់គ្នា វាគឺជានិស្ស័យមួយដែលល្អ​ ហើយបើអាចប្ដូរពីសង្សារទៅជាមិត្តល្អនឹងគ្នាបាន វាក៏រឹតតែមានតម្លៃ ព្រោះមនុស្សម្នាក់ៗ មិនមែនសុទ្ធតែអាចមាននិស្ស័យបានជួបគ្នា ស្គាល់គ្នា ហើយស្រឡាញ់គ្នានោះឡើយ យ៉ាងណាក៏ដោយ មានទំនាក់ទំនងល្អនឹងគ្នាវាល្អបំផុត សាងមិត្ត ប្រសើរជាង សាងសត្រូវ

រូបតំណាង

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]