សិង្ហបុរី៖ នារីវ័យក្មេងស្រស់ស្អាតជនជាតិសិង្ហបុរីម្នាក់ បានធ្វើឲ្យមហាជនជាច្រើនរំជួលចិត្តយ៉ាងខ្លាំង ក្រោយត្រូវបានគេដឹងថា នាងបានសម្រេចចិត្តជិះយន្តហោះឆ្លងប្រទេស ដើម្បីមកថតរូបបញ្ចប់ការសិក្សាជាមួយនឹងជីតាជាទីស្រលាញ់របស់នាង ដែលកំពុងធ្លាក់ខ្លួនឈឺ និងធ្លាប់មើលថែទាំនាងតាំងពីតូច ក្នុងសកម្មភាពពោរពេញដោយភាពកក់ក្តៅ។

Ranie និងជីតារបស់នាង

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និស្សិតស្រីសញ្ជាតិសិង្ហបុរីខាងលើនេះ ត្រូវបានគេស្គាល់ឈ្មោះថា Ranie ។ បច្ចុប្បន្ននាងបានស្នាក់នៅ និងសិក្សានៅក្នុងប្រទេសអូស្រ្តាលី ប៉ុន្តែទើបតែថ្មីៗនេះនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រដោយជោគជ័យ។

Ranie នាងតែងតែគិត និងចង់ថតរូបបញ្ចប់ការសិក្សា (ឬថ្ងៃទទួលសញ្ញាបត្រ / ពាក់ឯកសណ្ឋាន) ជាមួយនឹងជីតានាង ដែលរស់នៅឯប្រទសសិង្ហបុរីជាខ្លាំង។ ប៉ុន្តែគួរឲ្យសោកស្តាយកាលពីដើមឆ្នាំ២០១៨ កន្លងទៅនេះ ជីតារបស់នាងបានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល បណ្តាលឲ្យគាត់ធ្លាក់ខ្លួនពិការពុំអាចដើរបាន ហើយក៏ពុំអាចមានឱកាសបានទៅជួប ឬទៅលេងនឹងចៅស្រីបណ្ដូលចិត្តរូបនេះបានឡើយ។

ដោយសារតែ បែបនេះហើយ ទើប Ranie នាងក៏បានសម្រេចចិត្តជិះយន្តហោះមកសិង្ហបុរីវិញ ដើម្បីបានមកជួបនឹងជីតារបស់នាង ដែលបានបែកគ្នាជាយូរឆ្នាំ និងដើម្បីបានថតរូបបញ្ចប់ការសិក្សាជាមួយនឹងគាត់ផងដែរ។

Ranie និងជីតារបស់នាង

រូបថតប៉ុន្មានសន្លឹកដែលនាងបានថតជាមួយនឹងជីតា (ដោយខាង Little Panny Photography ក្នុងប្រទេសសិង្ហបុរី) និងបានបង្ហោះចែកចាយនៅលើបណ្តាញសង្គម គឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយក៏បានធ្វើឲ្យគ្រប់គ្នារំជួលចិត្ត និងសរសើរពីទឹកចិត្តដ៏ប្រពៃរបស់នាងថែមទៀតផង។

ប្រភពបានឲ្យដឹងថា ជីដូននិងជីតារបស់ Ranie តែងតែមើលថែទាំនាងយ៉ាងយកចិត្តទុកដាក់បំផុត ជាងឪពុកម្តាយរបស់នាងទៅទៀត តាំងតែពីនាងនៅតូចក្រូចឆ្មាមកម៉្លេះ។ ព្រោះថាឪពុកម្តាយនាង រវល់នឹងបំពេញការងារនៅឆ្ងាយ ពុំសូវមានពេលវេលាគ្រប់គ្រាន់នៅជាមួយនឹងនាងនោះទេ។ ដូច្នេះហើយទើបបានជា Ranie ចង់បង្ហាញពីក្តីស្រលាញ់ ការតបស្នង និងភាពជោគជ័យក្នុងទំព័រជីវិតថ្មីមួយនេះ ដើម្បីឲ្យជីតារបស់នាងបានដឹង បានឃើញ និងរំភើបចិត្តនូវអ្វីដែលនាងទទួលបាននៅពេលនេះផងដែរ។

ទន្ទឹមនឹងនេះ គ្រប់គ្នាក៏បានអបអរសាទរចំពោះការបញ្ចប់ការសិក្សាដោយជោគជ័យរបស់ Ranie ។ ហើយគេក៏សង្ឃឹមថា Ranie និងនៅតែជាចៅស្រីដ៏ល្អ និងជាពិសេសខិតខំតស៊ូបន្ថែមទៀត ដើម្បីជីវិតនៅពេលអនាគតដ៏ល្អរបស់នាង តទៅមុខទៀតផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

Ranie និងជីតារបស់នាង
Ranie និងជីតារបស់នាង
Ranie

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]