ជប៉ុន៖  ទារកតូចជាងគេបំផុតបានរស់រានមានជីវិតឡើងវិញ ក្រោយពីក្រុមគ្រូពេទ្យបានចំណាយពេលអស់ជាច្រើនខែដើម្បីជួយសង្គ្រោះ។ នេះបើយោងតាមសារព័ត៌មាន Metro ចេញផ្សាយថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

ទារកក្រោយពេលកើតពីផ្ទៃម្តាយ

ទារកមិនទាន់មានឈ្មោះម្នាក់បានកើតនៅក្នុងមន្ទីរពេទ្យ Keio មានទីតាំងក្នុងទីក្រុងតូក្យូ។ គេជាទារកតូចជាងគេមួយនៅលើពិភពលោក ព្រោះក្មេងនេះបានឈប់លូតលាស់ក្នុងផ្ទៃម្តាយ ហើយកើតក្នុងសប្តាហ៍ទី២៤ (ស្មើនឹង៥ខែកន្លះ) មានទម្ងន់មិនស្មើនឹងឥដ្ឋមួយដុំផង ពោលគឺត្រឹម ០,២គីឡូក្រាមតែប៉ុណ្ណោះ។

សព្វថ្ងៃទារកអាចបន្តនៅរស់រានមានជីវិត ដោយសារក្រុមគ្រូពេទ្យមើលថែទាំ និងព្យាបាលយ៉ាងដិតដល់ និងត្រឹមត្រូវ។ ឥឡូវគេមានទម្ងន់សរុប ៣,១ គីឡូក្រាមហើយ។

ម្តាយទារកនិយាយថា “ខ្ញុំអាចត្រឹមនិយាយពាក្យថាសប្បាយចិត្តពេលបានឃើញកូនខ្ញុំលូតលាស់ធំធាត់បែបនេះ។ បើនិយាយដោយស្មោះត្រង់ទៅ ខ្ញុំពិតជាមិនប្រាកដចិត្តថាគេអាចមានជីវិតផង”។

យោងតាមប្រសាសន៍លោកវេជ្ជបណ្ឌិត Takeshi Arimitsu បានឲ្យដឹងថា “ខ្ញុំចង់ប្រាប់មនុស្សគ្រប់គ្នាថា លទ្ធភាពដែលទារកអាចបន្តរស់រានមានជីវិតជាមួយនឹងសុខភាពដ៏ល្អមួយនៅតែមាន បើទោះបីជារូបគេកើតមកតូចក៏ដោយ”៕

ឥឡូវនេះ រូបគេមានទម្ងន់៣,១គីឡូហើយ
ឥឡូវនេះ រូបគេមានទម្ងន់៣,១គីឡូហើយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]