អាមេរិក៖ រថយន្តមួយគ្រឿងបានរងការខូចខាតជាដំណំ ក្រោយត្រូវក្រុមភ្នាក់ងារពន្លត់អគ្គិភ័យ វាយទម្លាយកញ្ចក់បែកទាំងសងខាង ដោយសារតែ ការចតលើចិញ្ចើមផ្លូវឥតសណ្ដាប់ធ្នាប់ ប៉ះចំទីតាំងក្បាលម៉ាស៊ីនទឹក ដែលត្រូវបូមដាក់ឡាន។

រូបភាពក្នុងថ្ងៃកើតហេតុ

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃអង្គារ កន្លងទៅនេះ នាយកដ្ឋានពន្លត់អគ្គិភ័យ Anaheim Fire & Rescue ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានធ្វើការបង្ហោះចែកចាយរូបភាពប៉ុន្មានសន្លឹក នៅលើបណ្តាញសង្គម Twitter ជុំវិញនឹងរថយន្តមួយគ្រឿង ដែលបានរងការខូចខាតបែកកញ្ចក់សងខាង ព្រោះតែចតបិទផ្លូវយកទឹក ពីក្បាលម៉ាស៊ីនទឹករបស់ក្រុមពន្លត់អគ្គិភ័យ និងថែមទាំងបានចោទជាសំណួរដល់មហាជនឲ្យមានការគិតពិចារណាឡើងវិញ ថាតើនឹងមានរឿងអ្វីកើតឡើង នៅពេលដែលចតឡានទាំងមិនយល់ការបែបនេះ? ។

រូបភាពក្នុងថ្ងៃកើតហេតុ

នៅក្នុងនោះដែរ អ្នកលេងបណ្តាញសង្គមមួយចំនួនធំ ក៏បានធ្វើការរិះគន់ចំពោះសកម្មភាពនេះ របស់ក្រុមពន្លត់អគ្គិភ័យ ដោយលើកហេតុផលថា បើទោះបីជាយ៉ាងណាក្តី ក៏មិនចាំបាច់ដល់ថ្នាក់ត្រូវវាយបំបែកកញ្ចក់ឡានរបស់អ្នកដទៃបែបនេះនោះទេ។ ព្រោះថា ទុយោអាចបត់បែនទាញអូសបាន។

ប៉ុន្តែផ្ទុយទៅវិញ ខាងនាយកដ្ឋានពន្លត់អគ្គិភ័យ បានធ្វើការឆ្លើយតបវិញថា វាគ្មានជម្រើសនោះទេ ព្រោះថាបំពង់ទុយោទឹកនេះ មិនមែនដូចបំពង់ទុយោទឹកនៅតាមផ្ទះឡើយ។ ដូច្នេះត្រូវដាក់បូមទឹកចេញពីក្បាលម៉ាស៊ីនទឹក គឺត្រង់ស្មើជានិច្ច មិនអាចបត់បែរបានទេ ឬសូម្បីតែអូសទុយោដាក់ពីលើដំបូលឡានក៏មិនកើតដែរ ព្រោះថាវារឹតតែអាចបណ្តាលឲ្យរងការខូចខាតរថយន្តច្រើនជាងនេះ ម្យ៉ាងវាមានសម្ពាធទឹកខ្លាំង។

រូបភាពក្នុងថ្ងៃកើតហេតុ

ខាងនាយកដ្ឋានបានបញ្ជាក់ថា ពួកគេក៏មិនបានធ្វើការបន្ទោសទៅលើម្ចាស់រថយន្តនោះទេ ហើយសូម្បីតែព័ត៌មាន ឬអត្តសញ្ញាណម្ចាស់ឡាន ក៏មិនត្រូវបានបញ្ចេញដូចគ្នា។ ហើយជុំវិញនឹងការបង្ហោះចែកចាយនូវរូបភាពទាំងអស់នេះ វាគ្រាន់តែជាការដាស់តឿននិងអប់រំ ចៀសវាងការចតរថយន្តបែបនេះតទៅទៀត មិនមែនបង្ហោះរូបភាពក្នុងន័យមើលងាយ ឬធ្វើឲ្យនរណាម្នាក់អាម៉ាស់មុខនោះឡើយ។

ខាងនាយដ្ឋានពន្លត់អគ្គិភ័យនេះ បានអះអាងពន្យល់ទៀតថា ពុំមានចេតនានៅក្នុងការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយគ្មានហេតុផលនោះទេ ប៉ុន្តែនេះគឺជាតម្រូវការ ឬកាតព្វកិច្ចដែលត្រូវធ្វើ៕

ជុំវិញនឹងករណីនេះ តើប្រិយមិត្តយល់យ៉ាងណាដែរ?  

រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]