ចិន៖ សព្វថ្ងៃនេះបចេ្ចកវិទ្យាក្នុងពិភពលោកចេះតែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ មនុស្សអាចបង្កើតម៉ាស៊ីនដើម្បីយកទៅជំនួសតំណែងការងារមនុស្សផ្សេងទៀតបានយ៉ាងងាយ។

ដូចអ្នករាល់គ្នាភាគច្រើនបានដឹងហើយ កាលពីមុនចិនបានបង្កើតមនុស្សសិប្បនិម្មិត ភេទប្រុសពីរនាក់សម្រាប់អានព័ត៌មាន មួយអានព័ត៌មានអង់គ្លេស ហើយមួយទៀតអានព័ត៌មានចិន។

ដោយឡែកអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ថ្មីៗនេះចិនបានបង្កើតមនុស្សសិប្បនិម្មិតស្រីដែលជាការធ្វើបច្ចុប្បន្នភាព (Update) សម្រាប់អ្នកអានព័ត៌មាន។ នាងមានឈ្មោះ Xin Xiaomeng មានរូបរាងដូចទៅនឹងមនុស្សស្រីពិតៗ អាចធ្វើចលនា និងបញ្ចេញសំលេងបានសឹងតែដូចមនុស្សធម្មតា១០០%។ ដោយប្រើបច្ចេកវិទ្យាវៃឆ្លាតដែលគេស្គាល់ថា A.I (មកពីពាក្យ Artificial Intelligence ឬប្រាជ្ញាសិប្បនិម្មិត)

ពួកគេបានធ្វើឲ្យមនុស្សសិប្បនិម្មិតចេះអានបានយ៉ាងរលូន ប្រៀបដូចជាអ្នកសារព័ត៌មានផ្លូវការអីចឹង។ មិនតែប៉ុណ្ណោះវាអាចកំណត់មុខមនុស្សផ្សេងៗតាមការច្នៃប្រឌិតរបស់អ្នកឌីហ្សាញបានទៀត។

យោងតាមសារព័ត៌មានចិនបានឱ្យដឹងថា បច្ចេកវិទ្យានៃការប្រើមនុស្សសិប្បនិម្មិតឲ្យនិយាយព័ត៌មានផ្លូវការ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនសារព័ត៌មាន Xinhua និងក្រុមអ្នកជំនាញខាងបច្ចេកវិទ្យា A.I មកពីក្រុមហ៊ុន Sogou។ ក្រុមហ៊ុន Xinhua បានអះអាងថា អ្នកអានព័ត៌មានប្រភេទថ្មីមួយនេះអាចធ្វើការបាន ២៤ម៉ោងលើ២៤ម៉ោង «ដោយកាត់បន្ថយការចំណាយ និងបង្កើនផលិតភាពឱ្យកាន់តែមានប្រសិទ្ធភាព។»

បន្ថែមពីនេះទៀត ក្រុមហ៊ុនសារព័ត៌មាន Xinhua ដ៏ទំនើបនេះក៏បានអះអាងបន្ថែមទៀតថា៖

«អ្នកសារព័ត៌មានសិប្បនិម្មិតនេះអាចនិយាយលើកដាក់សំលេងតាមតុងភាសាដែលបានកំណត់ ចេះព្រិចភ្នែក ធ្វើចលនាបបូរមាត់ និង ប្តូរទឹកមុខទៅតាមកាលៈទេសៈប្រៀបបានទៅនឹងអ្នកសារព័ត៌មានអាជីពអីចឹងដែរ៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

Xin Xiaomeng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]