រាជធានី​ភ្នំពេញ ៖ ក្រុម​គ្រួសារ​របស់​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន គ្រោង​ប្តឹង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​ចំពោះ​បទ​ចម្រៀង​របស់​តារាចម្រៀង​នាយ ចឺម ដែល​ទើបតែ​ចេញ​ថ្មី​ៗ​នេះ បាន​កាឡៃ​បទ​ភ្លេង និង​ទំនុកច្រៀង​ទាំងស្រុង​ពី​ស្នាដៃ​មរតក​ដើម​របស់​កវី​ស្ទឹង​សង្កែ​។ បទ​ចម្រៀង​របស់​នាយ ចឺម ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ដែល​មាន​ចំណងជើង​ថា «​អូន​ជា​អ្នកមាន​សម​នឹង​អ្នកមាន​ដូច​គ្នា​» ​ដែល​ត្រូវ​បាន​កាឡៃ​បទ​ភ្លេង​ពី​បទ «​ថ្ងៃ​ដែល​អូន​ចុក​ឈាម ឬ​នឹក​ភូមិ​ភ្នំ​ធំ​» ដែល​ជា​មរតក​ដើម​ពី​កវីនិពន្ធ គ​ង្គ ប៊ុ​ន​ឈឿ​ន​។

ផលិតកម្ម​សាន់​ដេ បាន​ផលិត​បទ​ចម្រៀង​មួយ​នេះ​សម្រាប់​តារាចម្រៀង​នាយ ចឺម ជាមួយនឹង​ការ​ដាក់​និពន្ធ​បទ​ភ្លេង​ដោយ Boty និង Jane Roffer ដែល​ចំណុច​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​ក៏​ដូច​ជា​បណ្តា​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ផ្ទុះ​ការ​រិះគន់​យ៉ាង​ខ្លាំង​។

យ៉ាងណា​ក៏​ដោយ បន្ទាប់​ពី​មានការ​រិះគន់​នោះ​មក ក្រុម​គ្រួសារ​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ចេញ​មក​ប្រតិកម្ម និង​គ្រោង​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​ដើម្បី​ប្តឹង​ឲ្យ​ផលិតកម្ម​សាន់​ដេ បញ្ឈប់​នូវ​ការ​ចាក់​ផ្សាយ​បទ​ចម្រៀង​របស់​នាយ ចឺម ខាងលើ​នេះ​។

ក្រុម​គ្រួសារ​របស់​កវី​ស្ទឹង​សង្កែ​បាន​ចាត់​ទុក​ទ​ង្វើ​ពី​អ្នកនិពន្ធ និង​ម្ចាស់​ផលិត​ដែល​បាន​ធ្វើ​សកម្មភាព​ខាងលើ​នេះ គឺជា​ការ​ប្រមាថ​ដល់​ស្នាដៃ​ម្ចាស់​ដើម និង​ជា​ការ​បំផ្លាញ​នូវ​ស្នាដៃ​ដែល​ជា​មរតក​ដើម​ផង​ដែរ​។

ជា​អ្នកដឹកនាំ​រឿង នឹង​ជា​កូនប្រសា​របស់​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន លោក មុត ថា​រី បាន​អះអាង​ប្រាប់​កោះ​សន្តិ​ភាព​តាម​សា​អេ​ឡិច​ត្រូ​និ​ច​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ នេះ​ថា បច្ចុប្បន្ន​ម្តាយក្មេក​លោក និង​ប្អូន​ៗ​ដែល​ទទួល​រក្សា​សិទ្ធិ​បទ​ចម្រៀង​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ជាមួយ​ក្រុមព្រះ​សុរិយា​បាន​រៀបចំ​ឯកសារ​ដែល​ជា​ភស្តុ​តាង ដើម្បី​ប្តឹង​ទៅ​កាន់​ភាគី​ពាក់ព័ន្ធ​។

លោក​បញ្ជាក់​ថា «​សម្រាប់​នាយ​ចឺម ដែល​យក​បទ​ភ្លេង​កាឡៃ​មរតក​ដើម ទៅ​ស្រែកច្រៀង​អា​ឡេ​អា​ឡូ ជាមួយ​ការ​ផលិត​ឡើង​ពី​អ្នកនិពន្ធ និង​អ្នក​ផលិត ចាត់​ទុក​នោះ​គឺជា​ការ​ប្រមាថ​មួយ​។​អ្នក​ស​សេរ​ដែល​យក​បទ​ភ្លេង​ពី​ដើម​មក​កាឡៃ​ឲ្យ​តារាចម្រៀង​ច្រៀង​ឡូឡា​តាម​ចិត្ត ហើយ​ក្រុមហ៊ុន​ផលិត​នោះ មាន​ខួរក្បាល​គិត​ទេ​ថា តើ​គាត់​គួរ​ទទួល​បទ​ចឹ​ង​មក​ផលិត និង​ផ្សព្វផ្សាយ​លក់​ដែរ​ឬ​យ៉ាងណា?

លោក មុត ថា​រី បន្ថែម​ថា ប្រសិនបើ​យើង​ទទួល​បទ​គេ​មក​ច្រៀង ហើយ​ទទួល​សិទ្ធិ​ពី​ម្ចាស់​ដើម នោះ គឺ​មាន​ន័យ​ថា យើង​បាន​ចូលរួម​ថែរក្សា ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​បើ​យើង​យក​របស់​គេ​មក​កាឡៃ​នោះ​មាន​ន័យ​ថា យើង​បាន​បំផ្លាញ​របស់​គេ​ហើយ​។

យ៉ាងណា​លោក​មិន​យល់​ស្រប​ទៅ​នឹង​បញ្ហា​ខាងលើ​នេះ​ឡើយ ព្រោះ​វា​ជា​សកម្មភាព​នៃ​ការ​បំផ្លាញ​នៃ​តម្លៃ​មរតក​ដើម ដែល​កវី គ​ង្គ ប៊ុ​ន​ឈឿ​ន បាន​ខិតខំ​រិះគិត​តាក់តែង​ឡើង​។

លោក​បញ្ជាក់​ថា ករណី​ខាងលើ​នេះ មិន​ចាំបាច់​ទាល់តែ​ក្រុម​គ្រួសារ​ធ្វើការ​ប្តឹង​នោះ​ឡើយ ពោល​គឺ​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ជា​ពិសេស​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ហា​នៃ​ក្រសួង​វប្បធម៌ ព្រោះ​បើ​មាន​ក្រុមហ៊ុន​ណា​មាន​បំណង​ចង់​សុំ​ផលិត​បទ​ចម្រៀង​មរតក​ដើម គឺ​ត្រូវ​បង់​ថវិកា​ទៅ​ឲ្យ​នាយកដ្ឋាន ហើយ​បើ​មាន​ក្រុម​គ្រួសារ​ដែល​ជា​ម្ចាស់​កម្មសិទ្ធិ បញ្ហា​គឺ​ត្រូវ​បង់​ថវិកា​ឲ្យ​ក្រុម​គ្រួសារ​គេ​។

លោក​បញ្ជាក់​ថា ស្ថាប័ន​កម្មសិទ្ធិបញ្ញា​គួរ​មាន​វិធានការ​លើ​បញ្ហា​នេះ ដោយ​ត្រូវ​ហៅ​ម្ចាស់​ផលិតកម្ម អ្នក​ដែល​អួត​ថា និពន្ធ​ថ្មី និង​អ្នក​ច្រៀង​ទៅ​ធ្វើការ​ព្រមាន និង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​។

យ៉ាងណា​បើ​តាម​លោក មុត ថា​រី លោក​មិន​ចង់​ឲ្យ​មានការ​ប្តឹងផ្តល់​នេះ​កើតឡើង​ឡើយ គ្រាន់តែ​សុំ​ឲ្យ​ម្ចាស់​​ផលិតកម្ម និង​តារាចម្រៀង​នាយ ចឺម ឈប់​ផលិត​លុប និង​លែង​ផ្សព្វផ្សាយ​នូវ​បទ​ចម្រៀង​ខាងលើ​នេះ ដោយ​មានការ​ទទួលខុសត្រូវ​។

គួរ​បញ្ជាក់​ថា កម្រង​ចម្រៀង​ដែល​និពន្ធ​ដោយ​កវី​លោក គ​ង្គ ប៊ុ​ន​ឈឿ​ន ដែល​ត្រូវ​បោះ​ពុ​ម្ភ​ផ្សាយ​ក្នុង​សៀវភៅ​កំណាព្យ​ស្នេហ៍​មាស ដែល​មាន​ប្រមាណ​ជាង​៦០​បទ ត្រូវ​បាន​ក្រុម​គ្រួសារ​របស់​លោក​ដាក់​ចូល​ក្នុង​ជា​កម្មសិទ្ធិបញ្ញា​៕

បទ​ចម្រៀង​ ដែល​ជា​មរតក​ដើម​ពី​កវីនិពន្ធ គ​ង្គ ប៊ុ​ន​ឈឿ​ន​ ៖ (ប្រភព​ពី Pleng Angkor)

បទ​ចម្រៀង​ដោយ​នាយ​ចឺម ៖ (ប្រភពពី Sunday Production Official)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នាយចឺម