ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Microsoft បានរៀបចំកិច្ចប្រជុំធុរៈកិច្ចមួយសម្រាប់ក្រុមហ៊ុនលំដាប់ជួរមុខនៅកម្ពុជា ក្រោមប្រធានបទ «អភិវឌ្ឍកន្លែងធ្វើការរបស់អ្នកជាមួយ Microsoft 365»។ ក្រុមហ៊ុន Microsoft បានបង្ហាញឱ្យឃើញអំពីវិធីដែលសេវា Microsoft 365 អាចជួយឱ្យក្រុមហ៊ុនទាំងឡាយនៅកម្ពុជា អាចបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការ ដែលកំពុងផ្លាស់ប្ដូរឥតឈប់ឈររបស់ស្ថាប័នខ្លួន ផ្នែកសុវត្ថិភាព ប្រព័ន្ធធ្វើការរួមគ្នា និងភាពបត់បែននៃការងារ។

សេវា Microsoft 365 ច្របាច់បញ្ចូលគ្នារវាង Office 365 Windows 10 និងប្រព័ន្ធរក្សាទិន្នន័យក្នុងក្លោតឈ្មោះថា Enterprise Mobility and Security ដើម្បីបង្កើតបានជាដំណោះស្រាយមួយដ៏គ្រប់ជ្រុងជ្រោយ ឆ្លាតវៃ និងមានសុវត្ថិភាព ដែលអាចជួយឱ្យបុគ្គលិករបស់ក្រុមហ៊ុននីមួយៗ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់បំពេញការងាររបស់ខ្លួន។ នៅពេលដែលក្រុមហ៊ុន និងស្ថាប័នទាំងឡាយនៅកម្ពុជា បញ្ចូលដំណោះស្រាយនេះទៅក្នុងប្រព័ន្ធធ្វើការរបស់ខ្លួន វាស្មើនឹងពួកគេកំពុងផ្ដល់លទ្ធភាពឱ្យបុគ្គលិក អាចមានភាពច្នៃប្រឌិតកាន់តែខ្ពស់ និងអាចធ្វើការរួមគ្នាលើកិច្ចការទាំងឡាយប្រកបដោយសុវត្ថិភាពខ្ពស់។

អ្នកនាង Sook Hoon Cheah ប្រធានគ្រប់គ្រងទូទៅទីផ្សារថ្មីៗប្រចាំតំបន់អាស៊ីអាគ្នេយ៍ បានមានប្រសាសន៍ថា៖ 

«កម្ពុជាកំពុងអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ដើម្បីបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋរបស់ខ្លួន ព្រមទាំងកំពុងផ្លាស់ប្ដូរស្ថានភាពទូទៅនៃវិស័យការងារ ក៏ដូចជាតួនាទីរបស់ប្រទេសជាតិនៅក្នុងតំបន់អាស៊ានផងដែរ»។

អ្នកនាងបានបន្ថែមថា៖

«ទិន្នន័យរបស់ធនាគារពិភពលោកអំពីប្រទេសកម្ពុជាបានបង្ហាញយ៉ាងច្បាស់ថា ទាំងផលិតផលក្នុងស្រុកសរុប អត្រាអាយុវែងរបស់ប្រជាជន និងចំនួនប្រជាជនសរុប គឺសុទ្ធតែកំពុងកើនឡើងទាំងអស់ ខណៈដែលភាពក្រីក្រកំពុងថយចុះជាបន្តបន្ទាប់។ ហើយដោយហេតុថា ៦៥% នៃប្រជាជនកម្ពុជាសរុប មានអាយុក្រោម ៣០ ឆ្នាំ វានាំឱ្យកម្ពុជាសំបូរទៅដោយប្រជាពលរដ្ឋ ដែលមានសក្ដានុពលខ្ពស់ និងដែលកំពុងស្រែកឃ្លានចង់ក្រេបយកចំណេះដឹងថ្មីៗ។ ស្ថានភាពនេះ គឺជាអ្វីដែលគ្រឹះស្ថានអប់រំ ទាំងថ្នាក់ឧត្ដម និងក្រោមឧត្ដម ក៏ដូចជាសាស្ត្រាចារ្យជំនាញផ្នែកមុខវិជ្ជាស្ទែមទាំងឡាយនៅកម្ពុជា កំពុងខិតខំបំពេញឱ្យគ្រប់តាមសេចក្ដីត្រូវការនេះ។ ក្រុមហ៊ុន Microsoft មានក្ដីប្រាថ្នាចង់ចូលរួមផ្ដល់ជាកម្លាំងជម្រុញគាំទ្របន្ថែមដល់ភាពរីកចម្រើននេះ ហើយសេវា Microsoft 365 គឺជាដំណោះស្រាយផ្នែក software ដ៏សាកសមបំផុតដែលអាចជួយធានាបានថា កម្ពុជាអាចត្រៀមលក្ខណៈបានយ៉ាងល្អបំផុត ដើម្បីប្រើប្រាស់ធនធានមនុស្សវ័យក្មេង ដែលមានពោរពេញទៅដោយថាមពល និងឆន្ទៈដ៏មុះមុតសម្រាប់អភិវឌ្ឍប្រទេសជាតិ»។
អ្នកនាង Sook Hoon

ដោយអាស្រ័យលើហេតុផលថា ៦៥% នៃប្រជាជនកម្ពុជាសរុបមានអាយុក្រោម ៣០ ឆ្នាំ ហើយកម្ពុជាមានអត្រានៃការប្រើប្រាស់ទូរស័ព្ទដៃចំនួន ១២០% ផងនោះ សេវា Microsoft 365 នឹងនាំមកនូវឱកាសពិសេសៗអស្ចារ្យជាច្រើនមកជូនប្រទេសកម្ពុជា ដែលរួមមានដូចជា៖
- ទីមួយ៖ គឺបំពាក់យុវជនដ៏វាងវ័យរបស់កម្ពុជា ជាមួយនឹងសេវា Microsoft 365 ដើម្បីឱ្យពួកគេអាចឆ្ពោះទៅសម្រេចបានជោគជ័យលើការងាររបស់ខ្លួននៅតាមក្រុមហ៊ុនឌីជីថល ក្នុងគោលដៅធ្វើយ៉ាងណាឱ្យបុគ្គលិកវ័យក្មេង អាចចាប់ផ្ដើមបំពេញការងាររបស់ពួកគេបាន ចាប់ពីថ្ងៃចូលធ្វើការដំបូងតែម្ដង ដោយប្រើសម្ភារៈផ្ទាល់ខ្លួនដែលពួកគេកំពុងមានប្រើស្រាប់ នាពេលបច្ចុប្បន្ននេះ។
- ទីពីរ៖ គឺជួយឱ្យក្រុមហ៊ុនឌីជីថលទាំងឡាយ អាចកើបយកផលចំណេញពីការដែលធ្វើឱ្យដំណើរការអាជីវកម្មរបស់ខ្លួនប្រព្រឹត្តទៅដោយស្វ័យប្រវត្តិ ដោយប្រើឧបករណ៍ចល័ត និងគោលការណ៍ Bring Your Own Device (BYOD)។

អ្នកនាងបានសង្កត់ធ្ងន់អំពីការដែលកម្ពុជាចាំបាច់ត្រូវងាកមកបំពេញការងារតាមប្រព័ន្ធឌីជីថលវិញ និងអំពីថា តើការផ្លាស់ប្ដូរនេះនឹងជះឥទ្ធិពលយ៉ាងណាខ្លះ មកលើកំណើនសេដ្ឋកិច្ចជាតិកម្ពុជាដែលបានរីកចម្រើនជាបន្តបន្ទាប់នេះ។

អ្នកនាង Sook Hoon បានបន្ថែមថា៖ 

«បេសកកម្មរបស់ក្រុមហ៊ុន Microsoft គឺចង់ផ្ដល់លទ្ធភាពឱ្យមនុស្សគ្រប់រូបនិងស្ថាប័នគ្រប់អង្គភាពនៅលើផែនដីនេះ អាចសម្រេចការងាររបស់ខ្លួនបានកាន់តែច្រើនជាងមុន។ ការដែលពួកយើងនាំយកសេវា Microsoft 365 មកកាន់ប្រទេសកម្ពុជានេះ គឺពួកយើងចង់សបញ្ជាក់ឱ្យកម្ពុជាបានឃើញកាន់តែច្បាស់អំពីការប្ដេជ្ញាចិត្តរបស់យើងចំពោះប្រទេសកម្ពុជា ហើយយើងសបញ្ជាក់ការប្ដេជ្ញាចិត្តនេះតាមរយៈការផ្ដល់លទ្ធភាពឱ្យអតិថិជនរបស់យើង អាចធ្វើដំណើរលើមាគ៌ាឆ្ពោះទៅរកការងាកមកបំពេញការងារតាមប្រព័ន្ធឌីជីថលវិញនេះ ប្រកបដោយភាពជោគជ័យ»។
អ្នកនាង Sook Hoon

អ្នកនាង Sook Hoon បានធ្វើការនៅក្រុមហ៊ុន Microsoft អស់រយៈពេលជាង ២ ទសវត្សរ៍មកហើយ ហើយបច្ចុប្បន្នអ្នកនាងទទួលខុសត្រូវលើការងារជួយឱ្យអតិថិជនអាចផ្លាស់មកបំពេញការងាររបស់ពួកគេ តាមប្រព័ន្ធឌីជីថលវិញឱ្យបានកាន់តែលឿន នៅក្នុងតំបន់ ព្រមទាំងរ៉ាប់រងការងារពង្រីកប្រព័ន្ធធ្វើការរួមគ្នានៅពាសពេញប្រទេសបង់ក្លាដេស ប៊ូតាន់ ប្រ៊ុយណេ កម្ពុជា ឡាវ ម៉ាល់ឌីវ មីយ៉ាន់ម៉ា ណេប៉ាល់ និងស្រីឡាំងកា។

សម្រាប់ព័ត៌មានបន្ថែមអំពី Microsoft 365 សូមចូលទៅកាន់៖ www.microsoft.com/en-us/microsoft-365 ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]