ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់យុវជនថ្នាក់តំបន់ AFF U-22 2019 ត្រូវបានបញ្ចប់ដោយជោគជ័យហើយកាលពីម្សិលមិញ។ ពានរង្វាន់លំដាប់យុវជនមួយនេះ បានស្វែងរកឃើញម្ចាស់គ្រងតំណែងជើងឯកជាស្ថាពរ គឺក្រុមយុវជន U-22 ឥណ្ឌូនេស៊ី។

ក្រុមយុវជនជម្រើសជាតិឥណ្ឌូនេស៊ី (រូបភាព៖ FFC Cambodia)

សូមរម្លឹកត្រួសៗឡើងវិញថា ព្រឹត្តិការណ៍ AFF U-22 ឆ្នាំ ២០១៩ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះមានប្រទេសចំនួន ៨ ចូលរួមដូចជា កម្ពុជា, ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងទីម័រខាងកើត។ ក្នុងនោះក្រុមជម្រើសជាតិ ម៉ាឡេស៊ី, មីយ៉ាន់ម៉ា, ហ្វីលីពីន និងទីម័រខាងកើត បានធ្លាក់ចេញត្រឹមវគ្គជម្រុះក្នុងពូល។ ចំណែកកម្ពុជា, ថៃ, វៀតណាម និងឥណ្ឌូនេស៊ី វិញ ត្រូវឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយកម្ពុជាត្រូវជួបជាមួយថៃ។ វៀតណាមត្រូវជួបជាមួយឥណ្ឌូនេស៊ី។ ក្រុមជម្រើសជាតិថៃបានទម្លាក់កម្ពុជា ដោយបាល់ពិន័យ ១១ម៉ែត្រ ៥-៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈឥណ្ឌូណេស៊ី ទម្លាក់វៀតណាមដោយលទ្ធផល ១-០។ ឈានដល់វគ្គដណ្តើមចំណាត់ថ្នាក់លេខ៣ កម្ពុជាត្រូវបានក្រុមជម្រើសជាតិវៀតណាម យកឈ្នះដោយលទ្ធផល ១-០ ធ្វើឱ្យកម្ពុជាទទួលបានត្រឹមចំណាត់ថ្នាក់លេខ ៤ ប៉ុណ្ណោះក្នុងព្រឹត្តិការណ៍នេះ។ ចំពោះការប្រកួតដណ្តើមជើងឯកវិញ ក្រុមយុវជនជម្រើសជាតិឥណ្ឌូណេស៊ី បានយកឈ្នះក្រុម U-22 ថៃក្នុងលទ្ធផល ២-១ និងក្លាយជាជើងឯកពានរង្វាន់ AFF U-22 2019 តែម្តង។

ក្រុមយុវជនជម្រើសជាតិកម្ពុជា (រូបភាព៖ FFC Cambodia)
ក្រុមយុវជនជម្រើសជាតិវៀតណាម (រូបភាព៖ FFC Cambodia)
ក្រុមយុវជនជម្រើសជាតិថៃ (រូបភាព៖ FFC Cambodia)
ក្រុមយុវជនជម្រើសជាតិឥណ្ឌូនេស៊ី (រូបភាព៖ FFC Cambodia)

គួរបញ្ជាក់ផងដែរថា កម្ពុជានឹងត្រូវមានភារកិច្ចក្នុងឆាកអន្តរជាតិជាបន្តទៀតនៅខែក្រោយ ដោយត្រូវទទួលធ្វើជាម្ចាស់ផ្ទះពូល H សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U-23 ដែលមានក្រុមភ្ញៀវចំនួន ៣ប្រទេសគឺ កូរ៉េខាងត្បូង, អូស្រ្តាលី, និងចិនតៃប៉ិ។ ការប្រកួតជម្រុះ AFC U-23 ពូល H នេះផងដែរ នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៦ ខែមីនាខាងមុខនេះ នាទីលានពហុកីឡដ្ឋានជាតិ៕

តារាងបែងចែកពូលសម្រាប់វគ្គជម្រុះ​ AFC U-23 2020 (រូបភាព៖ AFC)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]