វៀតណាម៖ ពានរង្វាន់ AFC Cup 2019 បានចាប់ផ្តើមប្រកួតសន្សំពិន្ទុតាមពូលកាលពីម្សិលមិញនេះ។ ដូចជាក្រុមដទៃទៀតដែរ ក្រុមតំណាងកម្ពុជា ណាហ្គាវើលក៏បានចាប់ផ្តើមបេសកកម្មរបស់ខ្លួនក្នុងពានរង្វាន់លំដាប់ទី២ របស់ក្លិបអាស៊ីមួយនេះផងដែរ។

ស្ថិតិប្រកួតរវាង Hanoi FC ជាមួយ Nagaworld(រូបភាព៖ AFC Cup)

ណាហ្គាវើល ត្រូវប្រកួតដំបូងជាមួយ Hanoi FC ម្ចាស់ជើងឯកលីគកំពូលវៀតណាមឆ្នាំ ២០១៨។ ប៉ុន្តែ ក្រុមម្ចាស់ជើងឯករបស់កម្ពុជា ហាក់បីដូចជាធ្វើមិនបានល្អទាល់តែសោះកាលពីយប់មិញនេះ ដោយត្រូវក្រុមម្ចាស់ផ្ទះ Hanoi FC បំបាក់ក្នុងលទ្ធផលរហូតដល់ទៅ ១០-០។ ត្រឹមតែ ១៨នាទីដំបូង ក្រុម Hanoi FC បានបំបាក់ណាហ្គាវើលក្នុងលទ្ធផលធ្ងន់ធ្ងរ ៣-០ ទៅហើយដោយគ្រាប់បាល់របស់កីឡាករ Do Duy Manh, Ganiyu Oseni និងគ្រាប់បាល់ចូលទីខ្លួនឯងដោយកីឡាករ ឡេង មករា មុននឹងកីឡាករ Nguyen Van Quyet បន្ថែមគ្រាប់បាល់ ១១ម៉ែត្រមួយគ្រាប់ទៀត នាំឱ្យការប្រកួតវគ្គទី១បញ្ចប់ទៅក្នុងលទ្ធផល ហាណូយអេហ្វស៊ី ៤-០ ណាហ្គាវើល។ 

ចូលមកដល់វគ្គទី២ ក្រុមម្ចាស់ផ្ទះនៅតែបន្តសម្រុកមិនឈប់ឈរ និងអាចរកគ្រាប់បាល់បន្ថែមបានសម្រេច ៦គ្រាប់ទៀតដោយកីឡាករ Ganiyu Oseni នៅនាទី ៦៨,៧៥,៨២ កីឡាករ Do Hung Dung នាទី ៤៨ កីឡាករ Nguyen Van Dung នាទី៧២ និងកីឡាករ Van Dai Ngan នៅនាទី៨៨។ បញ្ចប់ការប្រកួតជាផ្លូវការ ក្រុមហាណូយអេហ្វស៊ី ឈ្នះក្រុមណាហ្គាវើលលទ្ធផល ១០ ទល់នឹង ០។

គ្រូបង្វឹកក្លិប Hanoi FC(រូបភាព៖ AFC Cup)

ភារកិច្ចបន្តរបស់ ណាហ្គាវើលនឹងត្រូវស្វាគមន៍ក្រុមមកពីមីយ៉ាន់ម៉ា Yangon United នៅថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០១៩ វេលាម៉ោង ៦:៣០នាទីល្ងាចនាទីលានពហុកីឡដ្ឋានជាតិអូឡាំពិក៕

សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖

ក្រុម Hanoi FC (រូបភាព៖ AFC Cup)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]