បរទេស៖ ថ្មីៗនេះស្ត្រីជាម្តាយម្នាក់ បានរៀបចំកាដូលួងចិត្តបន្តិចបន្តួច ដើម្បីចែកជូនដល់អ្នករួមដំណើរក្នុងយន្តហោះ ព្រោះនាងចង់សុំការអភ័យទោសពីមនុស្សម្នាទាំងអស់នោះ ប្រសិនជាកូនតូចនាងយំ។ ជើងហោះហើរដែលនាងបានកក់នេះត្រូវចំណាយពេល១០ម៉ោងក្នុងការធ្វើដំណើរចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុង San Francisco សហរដ្ឋអាមេរិក។

នាងកំពុងឲ្យកាដូដល់អ្នកដំណើរ

នៅពេលយន្តហោះធ្វើដំណើរបានពាក់កណ្តាលផ្លូវ ស្ត្រីជាម្តាយបានពរកូនដើរចែកកាដូដែលនាងបានរៀបចំមានដូចជានំ ស្ករគ្រាប់ និង ប្រដាប់បិទត្រចៀកជិត២០០កញ្ចប់ សម្រាប់តែជូនភ្ញៀវក្នុងយន្តហោះទាំងអស់តែម្តង ព្រោះនាងពិតជាខ្លាចចិត្តពួកគេ នៅពេលដែលកូនរបស់នាងដែលមានអាយុទើបតែ៤ខែយំ។ គួរបញ្ជាក់ថា ក្នុងកញ្ចប់នំនីមួយៗ នាងក៏បានសរសេរសារសុំអភ័យទោសបន្ថែមដែរ។

ក្នុងសារនោះ នាងបានសរសេរថា “ សួស្តី, ខ្ញុំឈ្មោះ Junwoo ហើយខ្ញុំមានអាយុ៤ខែហើយ។ ថ្ងៃនេះ ខ្ញុំធ្វើដំណើរទៅសហរដ្ឋអាមេរិកជាមួយម៉ាក់និងយាយរបស់ខ្ញុំ ដើម្បីទៅសួរសុខទុក្ខម្តាយមីងខ្ញុំដែលរស់នៅទីនោះ។ ខ្ញុំមានអារម្មណ៍ថាភ័យខ្លាចបន្តិចបន្តួចព្រោះវាជាជើងហោះហើរដំបូងបំផុតក្នុងជីវិតរបស់ខ្ញុំ។ អីចឹង ខ្ញុំប្រហែលជាអាចយំ ឫ បញ្ចេញសម្លេងរំខានអ្នកទាំងអស់គ្នាបន្តិចហើយ។ ប៉ុន្តែខ្ញុំនឹងព្យាយាមនៅឲ្យស្ងៀម តែខ្ញុំមិនអាចសន្យានឹងរឿងនេះបានទេ។ សូមអ្នកទាំងអស់គ្នាអភ័យទោសផង។ ដូចច្នេះហើយ ទើបអ្នកម៉ាក់ខ្ញុំរៀបចំកាដូបន្តិចបន្តួចនេះជូនអ្នកទាំងអស់គ្នា ដែលក្នុងកាដូនេះមានដូចជាស្ករគ្រាប់ និង ប្រដាប់បិទត្រចៀក។ សូមប្រើវាចុះនៅពេលដែលអ្នកទាំងអស់គ្នាឭសម្លេងរំខានដោយសារតែខ្ញុំ។ សូមរីករាយជាមួយការធ្វើដំណើរ។ អរគុណ”។

រឿងនេះបានធ្វើឲ្យមានការទាក់ទាញក្នុងបណ្តាញសង្គមយ៉ាងខ្លាំង។
មនុស្សជាច្រើនបានបញ្ចេញមតិរៀងខ្លួនថា នេះគឺជាអំពើដ៏ល្អមួយ។ គួរបញ្ជាក់ថា ក្នុងការហោះហើរខាងលើនេះ ទារកមិនបានយំឫបញ្ចេញសម្លេងរំខានដល់ភ្ញៀវរួមដំណើរទេ៕

អ្នកដំណើរក្នុងយន្តហោះ
កាដូដែលនាងបានឲ្យ
កាដូដែលនាងបានឲ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]