អាល្លឺម៉ង់៖ សមាជិកក្រុមអ្នកគាំទ្រ “ULTRAS” របស់ក្លិបបាល់ទាត់ Schalke ម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានករណីអំពើហិង្សាដ៏ព្រៃផ្សៃមួយបានកើតឡើងទៅលើអ្នកគាំទ្រក្លិប Man City មួយរូប បណ្តាលឱ្យរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិត។ 

បើយោងតាមសារព័ត៌មាន Dailymail បានចុះផ្សាយថា បុរសវ័យ ៣២ឆ្នាំម្នាក់ កំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ ក្រោយពីទទួលរងអំពើហិង្សាមួយ ក្នុងជំនួបដែលក្រុម Man City ឈ្នះក្រុម Schalke ៣ទល់នឹង២ នាពានរង្វាន់ Champions League។ 

បុរសរងគ្រោះខាងលើ នៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ ប៉ុន្តែគាត់ត្រូវបានក្រុមគ្រួសាររៀបរាប់ពីស្ថានភាពរបួសរបស់គាត់ថា “ប៉ះទង្គិចធ្ងន់ធ្ងរដល់លលាដ៏ក្បាល និងខួរក្បាល” និងកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យ។

ក្រុម Ultras របស់ក្លិប Schalke

ដោយឡែក ប៉ូលិសតំបន់ Gelsenkirchen បានចាប់ខ្លួនអ្នកគាំទ្ររបស់ក្លិប Schalke ដែលជាជនបង្កហេតុបានផងដែរ កាលពីថ្ងៃចន្ទម្សិលមិញនេះ។ បើតាមរបាយការណ៍របស់ប៉ូលិសបានឱ្យដឹងថា៖ “អ្នកគាំទ្ររបស់ក្លិប Schalke ឈ្មោះ “Hugos” វ័យ ៣០ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៥ ខែកុម្ភៈ ២០១៩ វេលាម៉ោង ១០ព្រឹកនៅក្នុងតំបន់ Vinckestrasse នាទីក្រុង Gelsenkirchen ហើយគាត់ត្រូវបានប៉ូលិសបញ្ជូនទៅកាន់មន្ទីរកែប្រែ”។

សូមជម្រាបថា ក្រុមគ្រួសាររបស់ជនរងគ្រោះក៏កំពុងស្នាក់នៅប្រទេសអាល្លឺម៉ង់ដើម្បីមើលថែជនរងគ្រោះ ស្របពេលដែលក្រុមការងាររបស់ក្លិប Man City ក៏ជួយមើលការខុសត្រូវផងដែរ៕ 

ក្រុម Ultras របស់ក្លិប Schalke

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]