ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី ២៤ ខែកុម្ភៈ ប្រធានប្រចាំតំបន់នៃក្រុមហ៊ុន Huawei មានប្រសាសន៍បញ្ជាក់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីអំពីកម្មវិធី MWC 2019 ដែលនឹងប្រព្រឹត្តទៅនៅ Barcelona ថា បច្ចេកវិទ្យា 5G នឹងនាំមកនូវឱកាសឧស្សាហកម្មចំនួន ១,២ ពាន់ពាន់លានដុល្លារ មកឲ្យតំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលប្រាំឆ្នាំខាងមុខទៀត។

លោក James Wu ប្រធានក្រុមហ៊ុន Huawei

លោក James Wu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍បានថ្លែងថា៖

«អាស៊ីអាគ្នេយ៍នឹងរីកលូតលាស់ខ្លាំង និងមានភាពលេចធ្លោ ដោយមានកំណើន GDP ខ្ពស់បំផុតក្នុងរង្វង់ ៥% ទៅ ៦% ក្នុងរយៈពេល ៥ ឆ្នាំខាងមុខទៀត ហើយសេដ្ឋកិច្ចឌីជីថល នឹងក្លាយជាកត្តាជំរុញដ៏ចម្បងនៅពីក្រោយសន្ទុះនៃការរីកចម្រើននេះ។ យើងប្តេជ្ញាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងសហការជាមួយដៃគូនានាដើម្បីកសាងប្រព័ន្ធអេកូឌីជីថលនេះ»។

លោក Wu បានព្យាករណ៍ថា ការប្រើប្រាស់ដ៏មហិមានៃបច្ចេកវិទ្យា 5G នៅលើទីផ្សារជាច្រើនដែលមានដូចជា ប្រទេសឥណ្ឌា ថៃ និងវៀតណាមជាដើម នឹងចាប់ផ្តើមនាដើមឆ្នាំ ២០២០ នេះ។ ចំនួនអ្នកប្រើប្រាស់ 5G នៅក្នុងតំបន់ទៀតសោតនឹងកើនឡើងដល់រហូត ៨០ លាននាក់ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ហើយឧបករណ៍ទំនាក់ទំនងឥតខ្សែឌីជីថល និងឧបករណ៍ឆ្លាតវៃដទៃទៀត នឹងបង្កើនផលិតភាពសង្គមជាមធ្យមក្នុងរង្វង់ ៤-៨%។

យោងតាមប្រសាសន៍របស់ប្រធានប្រចាំតំបន់បានបញ្ជាក់ថា ក្រុមហ៊ុនយក្សនៃបច្ចេកវិទ្យា ICTនេះ បានទទួលការអញ្ជើញ និងស្វាគមន៍ពីបណ្តាប្រទេស ក៏ដូចជាពីសំណាក់អតិថិជនជាច្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីសាកល្បងដាក់ដំណើរការបច្ចេកវិទ្យា 5G ។ លោក Wu បានបន្ថែមថា ក្រុមហ៊ុន Huawei បានវិនិយោគ ៥ លានដុល្លារសម្រាប់ការសាកល្បងបច្ចេកវិទ្យា 5G នៅក្នុងប្រទេសថៃ ហើយឧបករណ៍ 5G ដែលត្រៀមសម្រាប់ការប្រើប្រាស់ក្នុងការសាកល្បងជាផ្លូវការនេះក៏បានមកដល់ប្រទេសថៃរួចរាល់ហើយដែរ។

លោក James Wu ប្រធានក្រុមហ៊ុន Huawei

លោក Wu បានបន្តថា៖

«អាស៊ីអាគ្នេយ៍ គឺជាទីផ្សារកំពុងរីកចម្រើនខ្លាំង និងជាទីតាំងយុទ្ធសាស្ត្រដ៏អស្ចារ្យមួយដែលផ្សាភ្ជាប់រវាងការច្នៃប្រឌិត និងអាជីវកម្ម។ យើងកំពុងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីរួមចំណែកដល់ការកសាងសេដ្ឋកិច្ចឌីជីថល និងចក្ខុវិស័យដ៏ឆ្លាតវៃតាមរយៈការច្នៃប្រឌិតនានា»។

ទីផ្សារនៅក្នុងតំបន់ដូចជាប្រទេសថៃជាដើមបានកើនឡើងយ៉ាងឆាប់រហ័សក្នុងតារាងសន្ទស្សន៍ការអភិវឌ្ឍ ICT (IDI) នៃ ITU ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដែលវាបានបង្ហាញពីសក្តានុពលនៃទីផ្សារដែលកំពុងរីកចម្រើនលើការបង្កើនល្បឿននៃឌីជីថលភាវូបនីយកម្ម។ វាមិនមានការងឿងឆ្ងល់អ្វីទេថាហេដ្ឋារចនាសម្ព័ន្ធ ICT បានរួមចំណែកយ៉ាងច្រើននៅលើការងារនេះ។

«ខ្ញុំជឿជាក់ថា ឆ្នាំ ២០១៩ នឹងក្លាយជាឆ្នាំដ៏សំខាន់មួយសម្រាប់បច្ចេកវិទ្យា 5G នៅតំបន់អាស៊ីអាគ្នេយ៍។ ក្រុមហ៊ុន Huawei ដែលជាក្រុមហ៊ុនឈានមុខគេលើពិភពលោកនៃបច្ចេកវិទ្យា 5G នឹងជួយដល់ប្រតិបត្តិករទាំងអស់នៅក្នុងតំបន់ឱ្យសម្រេចបាននូវក្តីសុបិន 5G របស់ពួកគេ។ យើងនឹងបន្តវិនិយោគលើបច្ចេកវិទ្យា 5G អ៊ីនធឺណិត Cloud AI និងឧបករណ៍ឆ្លាតវៃជាច្រើនទៀត ដើម្បីជួយអតិថិជនរបស់យើងឱ្យទទួលបានអត្ថប្រយោជន៍ដ៏ច្រើនបំផុតពីបច្ចេកវិទ្យា ដែលកំពុងរីកចម្រើននេះ។ ជាការពិត បច្ចេកវិទ្យា 5G គឺជាបច្ចេកវិទ្យាដែលពង្រីកខ្លួនមកពីបច្ចេកវិទ្យា 4G ទាក់ទងនឹងស្ថាបត្យកម្មសុវត្ថិភាព។ ដោយសារកិច្ចខិតខំប្រឹងប្រែងរួមគ្នានៃអ្នកជំនាញរាប់សិបនាក់នៃសហគ្រាស និងនិយ័តករនៅក្នុងក្រុមការងារសន្តិសុខ 3GPP ឥឡូវនេះ យើងមានយន្តការធានារ៉ាប់រងស្ថាបត្យកម្មសន្តិសុខជាន់ខ្ពស់សម្រាប់ការបញ្ជូនទិន្នន័យ និងព័ត៌មានអ្នកប្រើប្រាស់ ក៏ដូចជាកម្មវិធីរបស់អ្នកប្រើប្រាស់ដែលធានាបាននូវសុវត្ថិភាពពេញលេញ»។ 

នៅក្នុងរបាយការណ៍នាពេលថ្មីៗនេះ ចក្រភពអង់គ្លេសបានសន្និដ្ឋានថា ហានិភ័យដែលបង្កឡើងដោយឧបករណ៍របស់ក្រុមហ៊ុន Huawei លើបច្ចេកវិទ្យា5Gនេះ អាចនឹងត្រូវបានកាត់បន្ថយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ នៅប្រទេសចិន ហើយបានពង្រីកខ្លួនក្លាយជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ធំជាងគេរបស់ពិភពលោក និងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំលំដាប់ទី ២ នៅលើពិភពលោក។ នៅឆ្នាំ ២០១៨ ប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់បំផុតគឺ ១០៨,៥ ពាន់លានដុល្លារ ពោលគឺកើនឡើង ២១% ធៀបនឹងឆ្នាំមុន។ នៅតំបន់អាស៊ីអាគ្នេយ៍ ក្រុមហ៊ុននេះក៏ទទួលបានកំណើនខ្ពស់ផងដែរ។ ក្នុងឆ្នាំ ២០១៨ អាជីវកម្មរបស់ក្រុមហ៊ុនបានកើនឡើង ៤២% នៅក្នុងតំបន់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]