វៀតណាម៖ បុរសជនជាតិវៀតណាមម្នាក់ ថ្មីៗនេះបានធ្វើឲ្យអ្នកលេងបណ្តាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយសម្រេចចិត្តទៅសាក់រូប ID ឬអត្តសញ្ញាណបណ្ណរបស់ខ្លួននៅលើដៃ ក្រោមហេតុផលដ៏ហួសចិត្ត។

បើយោងតាមប្រភពសារព័ត៌មាន ចំពោះមូលហេតុដែលធ្វើឲ្យបុរសខាងលើនេះ ខឹងចិត្តរហូតរត់ទៅចាក់សាក់រូបអត្តសញ្ញាណបណ្ណខ្លួនឯងលើកំភួនដៃបែបនេះ ក៏ព្រោះតែលោកតែងតែភ្លេចដាក់អត្តសញ្ញាណបណ្ណជាប់តាមខ្លួន ហើយនៅរាល់ពេលដែលលោកចូលទៅហាងបា និងក្លិបរាត្រីម្តងៗជាមួយនឹងមិត្តភក្តិ លោកក៏តែងតែត្រូវបានអ្នកត្រួតពិនិត្យ (ឬសន្តិសុខ) បណ្ដេញចេញ មិនអនុញ្ញាតឲ្យលោកចូល ព្រោះតែពួកគេគិតថា លោកពុំទាន់គ្រប់អាយុ។

ចាក់សាក់រូបអត្តសញ្ញាណបណ្ណ

រូបភាពទាំងនេះ ត្រូវបានបង្ហោះចែកចាយដោយបុរសម្នាក់ ដែលត្រូវជាមិត្តភក្តិនឹងបុរសចាក់សាក់ដៃខាងលើនេះ និងបានរៀបរាប់ប្រាប់ថា មិត្តរបស់លោករស់នៅក្នុងទីក្រុងហូជីមិញនេះ គេជាមនុស្សដែលចូលចិត្តដើរលេងផឹកស៊ីចេញក្រៅជាមួយនឹងមិត្តភក្តិណាស់។ ប៉ុន្តែគេក៏ជាមុខសញ្ញាកំពូលស៊យដែរ ព្រោះថាគេតែងតែភ្លេចយកអត្តសញ្ញាណបណ្ណមកជាមួយ និងត្រូវបានបណ្ដេញចេញរាល់ពេលចូលក្លិបរាត្រី។ ក្រោយមក ដោយសារតែខឹងចិត្ត ទើបគេសម្រេចចិត្តទៅចាក់សាក់ដៃរូប ID នេះតែម្តង។

អ្នកលេងបណ្តាញសង្គមជាច្រើន បានចែកចាយរូបភាពនេះជាបន្តបន្ទាប់ (Share) និងបានបញ្ចេញមតិរិះគន់យ៉ាងខ្លាំងៗ ខ្លះអស់សំណើចហួសចិត្ត ខណៈក៏មានអ្នកខ្លះទៀត បង្អាប់ទៅលើស្នាដៃជាងចាក់សាក់ ថាសាក់រូបអន់ថែមទៀតផង។

ក្រោយមានការសុះសាយលើបណ្តាញសង្គម លោក Nguyen Van Thien Dai ដែលជាជាងចាក់សាក់រូបអត្តសញ្ញាណបណ្ណឲ្យបុរសខាងលើនេះ ក៏បានចេញមុខនិយាយថា លោកធ្វើជាជាងសាក់រូបនេះអស់ពេលជាយូរឆ្នាំមកហើយ ក៏ប៉ុន្តែពុំដែលមានភ្ញៀវណាមកសុំឲ្យលោកសាក់រូប ID បែបនេះពីមុនមកឡើយ។ ទើបតែមានភ្ញៀវនេះម្នាក់ទេ ដែលមកសុំឲ្យលោកធ្វើឲ្យទាំងដែលលោកពុំហ៊ាននៅក្នុងការធ្វើ ព្រោះខ្លាចក្រែងចេញលទ្ធផលមិនល្អស្អាត។ ប៉ុន្តែផ្ទុយទៅវិញ បុរសនោះនៅតែជំទាស់ទើបទីបំផុតលោកក៏សម្រេចចិត្តសាក់ឲ្យគេតែម្តងទៅ ដោយចំណាយពេលអស់ជាង ១ម៉ោង ទើបរួចរាល់។

ស្របពេលដែលអ្នកលេងបណ្តាញសង្គម នៅតែបន្តរិះគន់ស្នាដៃចាក់សាក់របស់លោក Nguyen ថានៅមានកម្រិត លោកក៏សុខចិត្តទទួលស្គាល់ថា ស្នាដៃលោកពិតជានៅមានកម្រិតមែន ប៉ុន្តែគ្រប់គ្នាក៏គួរតែយល់ ពីអ្វីដែលលោកបានលើកឡើងនោះផង។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវដ៏ហួសចិត្តខាងលើនេះដែរ បើទោះបីជាយ៉ាងណាក្តី គេមិនដឹងទេថា ការចាក់សាក់រូប ID ឬ អត្តសញ្ញាណបណ្ណ នៅលើដៃបែបនេះ នឹងត្រូវបានគេអនុញ្ញាតឲ្យចូលហាងបា ឬក្លិបរាត្រី (នៅវៀតណាម) បានឬយ៉ាងណានោះទេ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ចាក់សាក់រូបអត្តសញ្ញាណបណ្ណ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]