ប្រេស៊ីល៖ ក្រុមអ្នកជំនាញមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយប្រទះឃើញសាកសពត្រីបាឡែនដ៏ធំមួយក្បាល ស្ថិតនៅក្នុងតំបន់ព្រៃអាម៉ាហ្សូន ដែលមានចម្ងាយប្រមាណជា ១៥ម៉ែត្រ ពីមាត់សមុទ្រ។

សាកសពត្រីបាឡែនដែលប្រទះឃើញ

បើយោងតាមការចុះផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានចក្រភពអង់គ្លេស ដេលីម៉ែល ថ្ងៃទី២៤ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ បានឲ្យដឹងថា ក្រុមអ្នកជំនាញប្រេស៊ីល គឺពិតជាមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ជុំវិញនឹងការប្រទះឃើញសាកសពត្រីបាឡែន (Humpback Whale) ដែលមានប្រវែងខ្លួន ៣៦ហ្វីត (ឬជាង ១០ម៉ែត្រ) ទម្ងន់ ១០តោន កាលពីថ្ងៃសុក្រសប្តាហ៍មុននេះ នៅលើកោះ Marajo (តំបន់ព្រៃអាម៉ាហ្សូន) ដោយពុំយល់ថា ត្រីបាឡែនដ៏ធំនេះ អាចមកទើរបានឆ្ងាយពីមាត់ទឹក ក្នុងតំបន់ព្រៃស្តុកនេះបានដោយរបៀបណានោះទេ។ ម្យ៉ាងវាថែមទាំងនៅឆ្ងាយពីដែនជម្រករបស់វា រហូតដល់ទៅរាប់គីឡូម៉ែត្រឯណោះ។ 

ស្របពេលដែលអ្នកវិទ្យាសាស្រ្តជឿជាក់ថា វាអាចបណ្តាលមកពីបាតុភូតទឹកសមុទ្រ (ជោរ នាច) ឬជំនន់បោកបក់ខ្លាំង ទើបបណ្តាលឲ្យថនិកសត្វមួយក្បាលនេះ រសាត់អណ្ដែតមកទើរជាប់ក្នុងតំបន់ព្រៃក្រាស់ ងាប់យ៉ាងសង្វេគដូច្នេះ។

សាកសពត្រីបាឡែនដែលប្រទះឃើញ

ក្រុមអ្នកជំនាញដែលបានចុះទៅពិនិត្យមើលសាកសពត្រីបាឡែន Humpback Whale នេះ ជឿជាក់ថា ត្រីបាឡែនមួយក្បាលនេះ មានអាយុទើបតែ ១២ខែ (ឬ១ខួប) ប៉ុណ្ណោះ។ ចំពោះការងាប់នេះដែរ វាក៏ត្រូវបានគេគិតថា អាចបណ្តាលមកពីវាលេបសំរាមប្លាស្ទិកក្នុងសមុទ្រ ដែលធ្វើឲ្យរាងកាយរបស់វាចុះអន់ខ្សោយ និងត្រូវបានបោកបក់ដោយកម្លាំងទឹកខ្លាំង មកទើរនៅលើដីគោកក្នុងតំបន់ព្រៃនេះតែម្តង។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីនេះ ក្រុមអ្នកជំនាញក៏នឹងនៅតែបន្តប្រមូលយកព័ត៌មាន តាមរយៈសាកសពត្រីបាឡែននេះ ដើម្បីមកធ្វើការសិក្សាវិភាគនិងសន្និដ្ឋាន ពីស្លាកស្នាមក៏ដូចជារបួសផ្សេងៗនៅសាកសពត្រី ថាតើវាត្រូវបានរងរបួស និងងាប់ព្រោះតែមូលហេតុអ្វីឲ្យពិតប្រាកដ ដោយសារតែការបោកបក់ខ្លាំងនៃទឹកសមុទ្រ? ឬជាការដាក់សំណាញ់? ឬវាត្រូវបុកដោយទូក/នាវា? ។

សាកសពត្រីបាឡែនដែលប្រទះឃើញ

ការពិនិត្យលើសាកសពត្រីបាឡែននេះ ពីសំណាក់ក្រុមអ្នកជំនាញ ក៏ត្រូវបានគេរំពឹងថា អាចចំណាយរយៈពេលយ៉ាងយូរ ១០ថ្ងៃឯណោះទើបបញ្ចប់។ ដោយនៅក្នុងនោះ ក្រុមអ្នកជំនាញសម្រេចធ្វើការវះកាត់ទៅលើសាកសពត្រី Humpback Whale ដែលប្រទះឃើញនេះ នៅនឹងកន្លែងតែម្តង ដើម្បីប្រមូលយកវត្ថុតាងមួយចំនួនក្នុងរាងកាយ (ដូចជាគ្រោងឆ្អឹងជាដើម) រួចបញ្ជូនទៅមន្ទីរពិសោធន៍ដើម្បីធ្វើការវិភាគជាបន្ត។

នេះក៏ព្រោះតែ ត្រីបាឡែនខាងលើនេះ វាមានទំហំ ប្រវែង និងទម្ងន់ធ្ងន់ គួបផ្សំនឹងទីតាំងស្មុគស្មាញ នៅក្នុងការនាំយកសាកសពទាំងមូលទៅពិនិត្យ។ ខណៈដែលសាសពរបស់វា ក៏នឹងត្រូវកប់នៅនឹងកន្លែងនោះវិញផងដែរ។

គ្រោងឆ្អឹងរបស់វាមួយចំនួន ក៏នឹងត្រូវគេបញ្ជូនទៅសារមន្ទីរប្រវត្តិសាស្រ្ត Goeldi Natural History Museum នៅទីក្រុង Belem ដើម្បីរក្សាទុក ក៏ដូចជាទុកធ្វើការពិនិត្យនិងសិក្សាបន្តទៀតនាពេលអនាគតផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖  

សាកសពត្រីបាឡែនដែលប្រទះឃើញ
សាកសពត្រីបាឡែនដែលប្រទះឃើញ
សាកសពត្រីបាឡែនដែលប្រទះឃើញ
ឆ្នេរកោះក្នុងតំបន់ព្រៃអាម៉ាហ្សូន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]