បរទេស៖ វីដេអូមួយស្តីអំពីកូនកំលោះទះកំផ្លៀងកូនក្រមុំនៅថ្ងៃរៀបមង្គលការ កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្តាញសង្គម Twitter និងមានមនុស្សជាច្រើនលើកយកមកជជែកពិភាក្សាគ្នាថា នេះជាទង្វើដែលឆ្លុះបញ្ចាំងអំពីការពិតដ៏ខ្មៅងងឹតនៃការជួញដូរផ្លូវភេទ និងការប្រើអំពើហិង្សានៅក្នុងគ្រួសារនៃតំបន់អាស៊ីអាគ្នេយ៍។

យោងតាមវីដេអូបានឱ្យដឹងថា ក្នុងអំឡុងពេលរៀបការ ដល់ពេលវេលាដែលកូនកំលោះ និងកូនក្រមុំត្រូវបញ្ចុកនំគ្នា ស្រាប់តែកូនមុំអាស៊ីដូចជាលេងសើចជាមួយស្វាមីជនជាតិស្បែកសរបស់នាងបន្តិច ដោយរៀបនឹងបញ្ចុកនំឱ្យប្តីហើយ ស្រាប់តែដកចេញវិញ ភ្លាមៗនោះប្តីរបស់នាងបានទះកំផ្លៀងនាងតែម្តង ធ្វើឱ្យនាងស្ទើរដាច់ផ្ងារ បង្កឱ្យអ្នកចូលរួមនៅទីនោះមានការភ្ញាក់ផ្អើលជាខ្លាំង។

វីដេអូនេះត្រូវបានបង្ហោះចូលក្នុងបណ្តាញសង្គម Twitter ដោយនារីម្នាក់ ហើយមានការចែករំលែកវីដេអូជាង ៧ម៉ឺនដង និងចំនួនអ្នកទស្សនាដល់ទៅ ១១.៦លានដង

ម្ចាស់គណនី Twitter ម្នាក់បានសរសេររៀបរាប់ថា៖

«ស្រ្តីអាស៊ីប្រឈមមុខនឹងការរំលោភបំពានជាច្រើន។ អ្នកខ្លះមើលវីដេអូនេះគិតថានេះជារឿងអស់សំណើច ប៉ុន្តែវាមិនមែននោះទេ។ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ មានស្រ្តីជាច្រើនរៀបការជាមួយពួកបរទេសស្បែកស ហើយពួកគេភាគច្រើនមិនអាចទាក់ទងទៅកាន់ក្រុមគ្រួសាររបស់ពួកគេបានម្តងទៀតទេក្រោយពេលរៀបការហើយ។  ដូច្នេះបញ្ហានេះជារឿងសំខាន់ ប៉ុន្តែគ្មានអ្នកណាម្នាក់ខ្វល់នោះទេ។» 

សកម្មភាពក្នុងពិធីរៀបការ

ម្ចាស់គណនីដដែលបានបង្ហាញថា ការជួញដូរផ្លូវភេទមានច្រើនទម្រង់៖

«សម្រាប់អ្នករាល់គ្នាឆ្ងល់ថាហេតុអ្វីបានជាក្រុមគ្រួសាររបស់នាងមិនបានធ្វើអ្វីអីចឹង? គឺដោយសារការរៀបការបែបនេះដូចជាការជួញដូរផ្លូវភេទអីចឹង។ ក្រុមគ្រួសាររបស់កូនក្រមុំប្រៀបដូចជាលក់នាងឱ្យទៅកូនកំលោះអីចឹង។ ស្រ្តីម្នាក់នេះនឹងគ្មានថ្ងៃមានសេរីភាពវិញទេ ប្រៀបដូចជាស្រ្តីដទៃទៀតដែលត្រូវបានគេចាប់យកទៅជួញដូរភ្លូវភេទអីចឹង។»

«អ្នករាល់គ្នាត្រូវតែយល់ថា ការជួញដូរផ្លូវភេទមិនប្រាកដថាត្រូវតែមើលទៅដូចជាស្រ្តីត្រូវជាប់នៅក្នុងទ្រុងនោះទេ។ វាអាចមើលទៅដូចជាបែបនេះក៏ថាបាន។ ស្រ្តីម្នាក់នេះអាចនឹងត្រូវបានឪពុកម្តាយរបស់គេលក់ទៅឱ្យបុរសម្នាក់នេះ ប្រៀបដូចជាទាសករផ្លូវភេទ ប៉ុន្តែពួកគេត្រូវតែធ្វើវាឱ្យមានមុខមាត់ប្រៀបដូចជាមង្គលការធម្មតាៗអីចឹង។ ក្រោយមកនាងក៏ដូចជាទាសករផ្លូវភេទដទៃទៀត គ្មានថ្ងៃនឹងឃើញពន្លឺថ្ងៃនោះទេ។»

ម្ចាស់គណនីដដែលបានសង្កត់ធ្ងន់លើបញ្ហាវប្បធម៌ដែលអនុញ្ញាតឱ្យមានការរំលោភបំពានបែបនេះបន្តកើតឡើង ខណៈពេលមនុស្សគ្រប់គ្នានៅស្ងាត់ស្ងៀម មិនហ៊ាននិយាយ។ 

សារម្ចាស់គណនី Twitter បានសរសេររៀបរាប់

យ៉ាងណាមិញ អ្នកប្រើប្រាស់បណ្តញសង្គម Twitter ជាច្រើនបានសម្តែងការមិនពេញនូវទង្វើរបស់កូនកំលោះម្នាក់នេះ ហើយពួកគេភាគច្រើនក៏បានយល់ស្របនូវគំនិតរបស់នារីខាងលើផងដែរ។

ដូច្នេះ ចំពោះឪពុកម្តាយគ្រប់រូប សូមមេត្តាកុំបង្ខំកូនរបស់ខ្លួនទៅរៀបការជាមួយពួកបរទេស ឬមនុស្សដែលកូនមិនស្រលាញ់។ កុំដោយសារតែមាសប្រាក់លុយកាក់ បំផ្លាញជីវិតកូនរបស់ខ្លួនឱ្យសោះ៕

ទស្សនាវីដេអូខាងក្រោម៖ 

រូបតំណាង
រូបតំណាង
រូបតំណាង
សកម្មភាពក្នុងពិធីរៀបការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]