ភ្នំពេញ៖ ការប្រកួតបាល់ទាត់ AFF U-22 2019 កាលពីយប់មិញនេះ ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីពានរង្វាន់នេះ ក្រោយប្រកួតចាញ់ក្រុមយុវជនជម្រើសជាតិថៃ វគ្គបាល់ ១១ម៉ែត្រកាត់សេចក្តី ក្នុងលទ្ធផល ៣ ទល់នឹង ៥។

លទ្ធផលការប្រកួតកម្ពុជា ជាមួយថៃ (រូបភាព:​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

ការប្រកួតបានចាប់ផ្តើមនៅម៉ោង ៦:៣០នាទីល្ងាចមិញ ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ម៊ឺននាក់ នៅកីឡដ្ឋានជាតិអូឡាំពិក។ កម្ពុជា និងថៃបានដាក់សម្ពាធគ្នាទៅវិញទៅមកយ៉ាងខ្លាំង ស្របពេលដែលអ្នកចាំទីដ៏ល្អទាំងសងខាងបានសង្គ្រោះបាល់ជាបន្តបន្ទាប់ជាច្រើនលើកច្រើនសា។ 

លទ្ធផលការប្រកួតរហូតដល់ ៩០នាទីពេញ ក្រុមទាំងពីរនៅតែមិនអាចបំប៉ោងសំណាញ់ទីគ្នាបានដដែល ខណៈការប្រកួតបានឈានដល់វគ្គបន្ថែមម៉ោង ១៥នាទីពីរដង ឱកាសកើតមានជាបន្តបន្ទាប់ ប៉ុន្តែនៅតែគ្មានគ្រាប់បាល់កើតឡើងដដែល ខណៈការប្រកួតបញ្ចប់ទៅដោយលទ្ធផលផ្លូវការ ០ ទល់នឹង ០។

ឈានដល់វគ្គរន្ធត់ គឺវគ្គប៉េណាល់ទីកាត់សេចក្តី កីឡាករយើងបានភ្លាត់ទាត់មិនចូលមួយគ្រាប់ ក្រុមជម្រើសជាតិថៃបានយកឈ្នះកម្ពុជា ដោយលទ្ធផល ៥ ទល់នឹង ៣ តែម្តង។ 

គួរបញ្ជាក់ថា គ្រាប់បាល់ ១១ម៉ែត្រទាំង ៣គ្រាប់របស់កម្ពុជា ធ្វើបានដោយកីឡាករ ទៀត គីមហេង, ណារ៉ុង កក្កដា និង អ៊ិន សូដាវីដ។

អ្នកចាំទី ហ៊ុល គីមហ៊ុយ និងគ្រូបង្វឹក (រូបភាព:​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ក្រុមកីឡាករកម្ពុជា (រូបភាព:​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

កម្ពុជា នៅសល់ការប្រកួតចុងក្រោយមួយទៀត ដែលត្រូវប៉ះក្រុមវៀតណាម ដណ្តើមចំណាត់ថ្នាក់លេខ៣ ដោយឡែកថៃ ត្រូវប៉ះឥណ្ឌូនេស៊ីដណ្តើមជើងឯក។ ការប្រកួតទាំង២នេះ នឹងធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភៈ ដែលការប្រកួតដណ្តើមលេខ ៣ ធ្វើឡើងនៅម៉ោង ៣:៣០នាទីរសៀល និងការប្រកួតដណ្តើមជើងឯកធ្វើឡើងនៅម៉ោង ៦:៣០នាទីល្ងាច នាពហុកីឡដ្ឋានជាតិអូឡាំពិក៕

ក្រុមកីឡាករកម្ពុជា (រូបភាព:​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
ក្រុមកីឡាករកម្ពុជា (រូបភាព:​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]