ប្រិយមិត្តជាច្រើនដែលនិយមតាមដានលេងតាមបណ្តាញសង្គម ប្រាកដជាបានជ្រាបរឿងដ៏គួរឲ្យរន្ធត់កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលមានមនុស្សប៉ុន្មាននាក់ ត្រូវបានបាត់បង់ជីវិតដោយសារតែ សត្វចិញ្ចឹមរបស់ខ្លួនបានខាំ ឬខ្វាច ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក។

ទន្ទឹមនឹងហេតុការណ៍ ដែលបានកើតឡើងផ្ទួនៗគ្នានេះ បានធ្វើឲ្យមហាជនជាច្រើនពិតជាមានការព្រួយបារម្ភ ចំពោះសត្វចិញ្ចឹមរបស់ពួកគេយ៉ាងខ្លាំង ព្រោះខ្លាចសត្វចិញ្ចឹមរបស់ខ្លួនមានជំងឺម្យ៉ាងដែលគេហៅថា ជំងឺឆ្កែឆ្កួត ដែលវាជាជំងឺរលាកខួរក្បាលនិងខួរឆ្អឹងខ្នង ដែលបណ្តាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយបណ្តាលឲ្យអ្នកជំងឺស្លាប់១០០ភាគរយ នៅពេលចេញរោគសញ្ញា ត្រឹមរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ 

រូបភាពតំណាង

ដើម្បីទប់ស្កាត់កុំឲ្យមានបញ្ហាទាំងនេះកើតឡើងនៅលើយើង ក៏ដូចជាក្រុមគ្រួសារ ហើយវាក៏អាចមានវិធានការ កុំឲ្យកើតរឿងអាក្រក់ ក្រោយពេលដែលមានសត្វចិញ្ចឹមរបស់ខ្លួន និងសត្វអនាថាដែលដើរតាមផ្លូវ ព្រោះថាមេរោគក៏ដូចជាបាក់តេរី នៅក្នុងខ្លួនឆ្កែនីមួយៗសុទ្ធតែខុសៗគ្នា បានខាំភ្លាមៗ មុនពេលយកទៅចាក់ថ្នាំបង្កាជំងឺ។ ខាងក្រោមនេះជាការបកស្រាយ តាមរយៈវេបសាយមួយចំនួន ដែលបានធ្វើការរៀបរាប់យ៉ាងដូច្នោះថា៖

១) សម្រាប់សត្វចិញ្ចឹម នៅក្នុងផ្ទះ ដែលបានខំ ឬខ្វាចអ្នក តែបន្តិចមិនខ្លាំង៖

+ដើម្បីចៀសវាងនៅក្នុងការឆ្លងជំងឺ ឬក៏មានបញ្ហាដែលយើងមិនអាចមើលឃើញ អ្នកដែលត្រូវសត្វចិញ្ចឹមរបស់ខ្លួនបានខាំ ឬក៏ខ្វាច ដែលវាគ្រាន់តែរបួសដាច់រលាត់ធូរស្រាល អ្នកទាំងអស់គ្នាអាចធ្វើការជូតសម្អាត ជាមួយនឹងសាប៊ូ និងទឹកអ៊ីដ្រូសែន ឲ្យបានឆាប់រហ័ស រយៈពេល៥នាទី ដើម្បីកុំឲ្យមេរោគឆ្លងចូលទៅក្នុងខ្លួនកាន់តែឆាប់រហ័ស។

ក៏ប៉ុន្តែមិនត្រូវដុសខាត់បន្ថែម ទៅលើមុខរបួសពីលើនោះឲ្យកាន់តែខ្លាំងនោះទេ ព្រោះវាអាចធ្វើឲ្យរបួសកាន់តែមានសភាពឈឺខ្លាំងឡើង។បន្ទាប់ពីធ្វើបែបនេះ រួចអ្នកអាចលាបជាមួយនឹងថ្នាំលាងរបួស ឬក៏អាល់កុលបន្ថែមទៀតកាន់តែល្អ។

+សម្រាប់មុខសញ្ញានៃការឆ្លងមេរោគវិញ គឺវាមានអាការៈដូចជាឈឺចុកចាប់ និងហើមនៅផ្នែកមុខរបួសខ្លាំង ហើយវាអាចធ្វើឲ្យយើង មានសភាពគ្រុនក្តៅ ចង្វាក់ដង្ហើមមិនទៀងទាត់ ពិបាកលេបអាហារ ទឹកមាត់ស្អិត និងហៀរមកច្រើន។ ដូច្នោះបើសិនជាចាប់ផ្តើមដឹងថាមានអាការៈបែបនេះ ក្រុមគ្រួសារត្រូវបញ្ជូនកូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការពិនិត្យបន្ថែម ដើម្បីឲ្យកាន់តែជាក់លាក់។ 

រូបភាពតំណាង

២)សម្រាប់របួសធំមុតជ្រៅខ្លាំង ដោយសារការខាំរបស់សត្វចិញ្ចឹម៖

+ បើសិនជាមានការហូរឈាម អ្នកត្រូវធ្វើការឃាត់ឈាមជាមុនសិន ដើម្បីកុំឲ្យមានការហូរឈាមច្រើនកាន់តែខ្លាំងឡើង។ បន្ទាប់មកទៀតអាចធ្វើការលាងរបួសនោះ ដែលអាចប្រើប្រាស់លាងជាមួយនឹងទឹក និងសាប៊ូ ដើម្បីសម្អាតនូវមេរោគដែលបានតោងស្អិតនៅក្នុងសាច់របស់យើង តាមរយៈទឹកមាត់ ឬក៏ធ្មេញរបស់វា។

+ក្រោយពីបានអនុវត្តន៍សម្អាតបែបនេះរួច យើងក៏អាចធ្វើឲ្យមុខរបួសមានសភាពស្ងួតល្អ ដោយជូននឹងក្រណាត់ថ្នមៗ ក៏ប៉ុន្តែយើងមិនត្រូវប្រើប្រាស់នូវបង់បិទដំបៅ ក្រណាត់រុំផ្នែកមុខរបួសនោះទេ បន្ទាប់ពីយើងសម្អាតរួច ព្រោះវាអាចនឹងធ្វើឲ្យបាក់តេរីនៅជាប់នឹងរបួស និងអាចបង្កគ្រោះថ្នាក់ដល់មុខរបួសបាន។

+រោគសញ្ញានៅពេលជិតស្លាប់៖ អ្នកជំងឺប្រកាច់ និងរាងកាយគ្រប់កន្លែងត្រូវចុះទន់ខ្សោយភ្លាមៗ។ ដូច្នោះកុំឲ្យមានការកើតឡើងនូវរឿងបែបនេះ អ្នកជំងឺ ត្រូវធ្វើការលាងរបួស រួចទុកចំហរវាឲ្យស្ងួត និងប្រញាប់ទៅមន្ទីរពេទ្យព្យាបាលភ្លាមៗ ដើម្បីកុំឲ្យមេរោគឆ្លងដល់រាងកាយភ្លាមៗ។ 

រូបភាពតំណាង

គួរបញ្ជាក់ផងដែរថា ជំងឺឆ្កែឆ្កួត នឹងត្រូវឆ្លងតាមទឹកមាត់ ចង្កូមរបស់សត្វដែលមានផ្ទុកនូវជំងឺឆ្កែឆ្កួត ដែលបាន ខាំ ក្រញៅ លិត ឬខ្វាច។ ភ្លាមនោះមេរោគរបស់វាក៏ធ្វើដំណើរ ទៅប្រពន្ធ័ប្រសាទ ហើយចុងក្រោយតម្រង់ទិសទៅប្រព័ន្ធប្រសាទកណ្តាលដែលស្ថិតនៅខួរក្បាល ធ្វើឲ្យខូចខួរក្បាលទាំងមូល មិនអាចបញ្ជាបាន។

ជាទូទៅ នៅពេលដែលមនុស្សដែលមានសត្វដែលមានជំងឺឆ្កែឆ្កួតខ្លាំងនេះដែរ នឹងត្រូវស្លាប់ក្នុងរយៈពេល ៣ទៅ៥ថ្ងៃ ដោយគ្មានវិធីសាស្រ្តណា ដែលពេទ្យអាចជួយបាននោះទេ បើសិនជាអ្នកទាំងអស់គ្នា មិនបានបញ្ជូនទៅមន្ទីរពេទ្យព្យាបាលទាន់ពេល។ 

រូបភាពតំណាង

**តាមរយៈការរៀបរាប់ខាងលើនេះ គឺគ្រាន់តែវិធីបង្កាខ្លះៗ ដើម្បីកុំឲ្យមេរោគទាំងនោះចូលក្នុងខ្លួនបានលឿន បើសិនជាមន្ទីរពេទ្យ ស្ថិតនៅឆ្ងាយពីផ្ទះរបស់អ្នក។ ដូច្នោះហើយ បន្ទាប់ពីធ្វើការទប់ស្កាត់នូវ វិធីប៉ុន្មានចំនុចនេះ អ្នកត្រូវតែប្រញាប់ទៅមន្ទីរពេទ្យដើម្បីឲ្យវេជ្ជបណ្ឌិត ធ្វើការពិនិត្យបន្ថែម ក៏ដូចជាធ្វើការថែទាំងរបួសរបស់អ្នកទៀត។

ហើយជាពិសេសនោះគឺ អ្នកត្រូវតែធ្វើការតាមដានរាល់សកម្មភាព ស្ថានភាពរបស់អ្នកជំងឹដែលត្រូវឆ្កែខាំ បើសិនជាពួកគេក្តៅខ្លួន ឬមិនស្រួលនៅក្នុងខ្លួននោះទេ ត្រូវនាំគ្នាប្រញាប់បញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ កុំធ្វើការទុកយូរ ព្រោះវាអាចប៉ះពាល់ដល់សរីរាង្គនៅក្នុងរាងកាយរបស់មនុស្សលឿនបំផុត។

ដូច្នោះហើយ អ្នកដែលបានចិញ្ចឹមសត្វគ្រប់ប្រភេទ មិនថាឆ្កែ ឆ្មា ត្រូវយកសត្វចិញឹមទាំងនោះទៅចាក់ថ្នាំបង្ការការពារជំងឺឆ្កែឆ្កួត ឲ្យបានគ្រប់ៗគ្នា។ ហើយម្យ៉ាងវិញទៀតគ្រប់ឆ្កែទាំងអស់ មិនមែនសុទ្ធតែមានជំងឺឆ្កែឆ្កួតនោះទេ ទាំងនេះក៏ដោយសារតែមានការចម្លង តាមរយៈការខាំគ្នារវាងឆ្កែឆ្កួត ទៅកាន់ឆែ្កមួយទៀត៕ 

ប្រភព៖stanfordchildren  &verywellhealth

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]