អេស្ប៉ាញ៖ កីឡាករប្រធានក្រុម Barcelona “Lionel Messi” បានស៊ុត Hat-Trick ទល់នឹង Sevilla កាលពីយប់មិញនេះ នឹងបានដណ្តើម ៣ពិន្ទុបន្ថែមសម្រាប់ Barcelona ផងដែរ។ Hat-Trick ដែល Messi ធ្វើបានកាលពីយប់មិញនេះ គឺជាការសម្រេច Hat-Trick លើកទី ៥០ហើយនៅក្នុងអាជីពរបស់ Messi បើគិតមកទល់នឹងពេលបច្ចុប្បន្ននេះ។
ការប្រកួតយប់មិញនេះចាប់ផ្តើមពីម៉ោង ១០:១៥នាទីយប់ (ម៉ោងនៅកម្ពុជា) នៅឯកីឡដ្ឋាន Ramon Sanchez-Pizjuan របស់ក្រុម Sevilla។ ក្រុមម្ចាស់ផ្ទះបានបើកការនាំមុខមុន នៅនាទីទី ២២ ដែលជាគ្រាប់បាល់របស់កីឡាករ Jesus Navas មុននឹងកីឡាករ Lionel messi បានបំប៉ោងសំណាញ់ទីតាមស្មើវិញនៅនាទីទី ២៦ ដែលជាការបញ្ជូនពី Rakitic។
ការប្រកួតបានបន្តទៅមុខ ខណៈដែលក្រុមទាំង២ បានបន្តដាក់សម្ពាធគ្នាទៅវិញទៅមក និងនៅនាទីទី ៤២ កីឡាករ Mercado បានបន្ថែមមួយគ្រាប់ទៀតឱ្យក្រុមម្ចាស់ផ្ទះនាំមុខជាបណ្តោះអាសន្ន ខណៈការប្រកួតបញ្ចប់តង់ទី១ Sevilla ២-១ Barcelona។ ចូលមកដល់តង់ទី ២ កីឡាករ Lionel Messi បានស៊ុតគ្រាប់បាល់តាមស្មើ និងគ្រាប់បាល់ជ័យជម្នះឱ្យ Barcelona នៅនាទីទី ៦៧ និងនាទីទី៨៥ មុននឹងកីឡាករ Luiz Suarez បន្ថែមមួយគ្រាប់ទៀត នៅនាទីទី៩០+៣។
លទ្ធផល Sevilla ២-៤ Barcelona នេះ បានធ្វើឱ្យក្រុម FC Barcelona បានបន្តឈរកំពូលតារាង ដោយដាច់ ១០ពិន្ទុពីក្រុមលេខ២ Real Madrid។ ដោយឡែកសម្រាប់កីឡាករ Lionel Messi វិញ បន្ទាប់ពីមានគ្រាប់បាល់ ៣គ្រាប់បន្ថែមកាលពីយប់មិញនេះ បានធ្វើឱ្យគេក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអឺរ៉ុបនាពេលបច្ចុប្បន្ន ដោយបង្ហាញខ្លួនបាន ៣២ប្រកួត រកគ្រាប់បាល់បាន ៣៣គ្រាប់៕
សូមទស្សនាវីដេអូសង្ខេបការប្រកួតនៅខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]