ដូចដែលយើងបានដឹងរួចមកហើយថា ធម្មតារបស់ដែលនាំឧបទ្រពចង្រៃ មានប្រវត្តិមិនល្អ ឬធ្លាប់មានពាក្យចចាមអារ៉ាមថាមានបញ្ហាមិនប្រក្រតីទាក់ទងនឹងជំនឿគួរឱ្យខ្លាច រមែងគ្មានអ្នកណាហ៊ានប៉ះពាល់ ឬទិញយកនោះឡើយ។

ចម្លែកអ្វី នៅក្នុងបណ្តាញអ៊ីនធើណេតដ៏ធំទូលាយ បែរជាមានដាក់លក់របស់មួយចំនួនដែលគួរឱ្យខ្លាចទៅវិញ ទាំងដែលត្រូវបានគេរៀបរាប់ពីប្រវត្តិ និងរឿងរ៉ាវគួរឱ្យរន្ធត់រួចហើយក៏ដោយ ហើយរបស់ខ្លះមានតម្លៃដល់រាប់លានផងដែរ ថែមទាំងមានអ្នកក្លាហានហ៊ានទិញយកទៀតផង។

ដូច្នេះមកតាមដានទាំងអស់គ្នា ថាតើរបស់អ្វីខ្លះដែលគួរឱ្យខ្លាចទៅហើយ នៅមានគេដាក់លក់ទៀតដែលរួមមានដូចជា៖

១០. គំនូរដែលគូរដោយឈាម

គំនូរដែលគូរពីប្រេងមួយនេះ ត្រូវបានគេដាក់ឈ្មោះថា The Anguished Man ដែលមានប្រភពពីប្រទេសអង់គ្លេសខាងជើង។ ម្ចាស់គំនូរដែលមានឈ្មោះថា Sean Robinson បាននិយាយថា ដំបូងឡើយរូបគំនូរនេះជារបស់លោកយាយរបស់លោក ដែលធ្លាប់បានរក្សាទុកអស់រយៈពេល ២៥ឆ្នាំមកហើយ ហើយក៏ធ្លាប់មានរឿងរ៉ាវចម្លែកៗកើតឡើងនៅក្នុងផ្ទះផងដែរ ដូចជាឃើញស្រមោលបុរសម្នាក់ សំឡេងប្លែកៗរំខាន និងសំឡេងយំស្រែកជាដើម។

លោកយាយរបស់លោកក៏ធ្លាប់បានប្រាប់ថា រូបគំនូរនេះ ត្រូវបានបុរសម្នាក់ប្រើឈាមរបស់ខ្លួនឯងលាយជាមួយប្រេង ដើម្បីគូររូបគំនូរនេះឡើង ហើយក៏ធ្វើអត្តឃាតខ្លួនឯងស្លាប់បាត់ទៅបន្ទាប់ពីគូរូបនេះរួច។ វាគឺជារូបបិសាច តែលោកនិងគ្រួសារមិនសូវជាជឿ និងខ្វល់ ឬចាប់អារម្មណ៍នឹងរឿងអស់នេះនោះទេ។

ក្រោយពីលោកយាយរបស់លោក Sean ស្លាប់ លោកបានយករូបគំនូរនេះទៅរក្សាទុកនៅក្នុងបន្ទប់ក្រោមដី ហើយរឿងរ៉ាវចម្លែកៗ និងសំឡេងស្រែកយំបានកើតឡើង ដូចអ្វីដែលលោកយាយរបស់លោកធ្លាប់បានប្រាប់។ បន្ទាប់ពីនោះមក គេក៏បានដឹងថា រូបគំនូរនេះបានដាក់លក់នៅក្នុងអ៊ីនធើណេតក្នុងតម្លៃ ជាង ១៩០០ដុល្លា ហើយក៏ត្រូវបានគេទិញយកបាត់ទៅហើយដែរ តែមិនដឹងថាវាកំពុងតែស្ថិតនៅលើដៃរបស់អ្នកណាម្នាក់នោះឡើយ។

គំនូរដែលគូរដោយឈាម

៩. តុក្កតាខ្មោច

តុក្កតាដ៏គួរឱ្យរន្ធត់មួយនេះ ត្រូវបានគេដាក់លក់នៅក្នុងអ៊ីនធើណេត ហើយក៏ត្រូវបានគេដឹងថា ជាតុក្កតាដែលមានវិញ្ញាណមនុស្សស្រីអាយុ ២០ឆ្នាំម្នាក់សណ្ឋិត មានឈ្មោះថា Diana ហើយតុក្កតានេះក៏ត្រូវបានគេដាក់ឈ្មោះបែបនេះដូចគ្នា។

តុក្កតានេះមានវិញ្ញាណមនុស្សស្រីដើរចេញទៅក្រៅផ្ទះរាល់យប់ និងបង្កជាសំឡេងរំខានមួយចំនួន។ ហើយបើតាមការរៀបរាប់របស់ម្ចាស់ដែលដាក់លក់វាបាននិយាយថា Diana មិនដែលធ្វើបាបសមាជិកក្នុងគ្រួសារដែលនាងកំពុងតែរស់នៅឡើយ ព្រោះតែនាងគិតថាពួកគេជាគ្រួសាររបស់នាងដែរ។

ជាពិសេសនោះ នាងអាចសងសឹក ឬបំពេញក្តីប្រាថ្នារបស់អ្នកបាន ប្រសិនជាមានអ្នកណាម្នាក់ធ្វើបាបអ្នក ឬសាងកំហុសអ្វីម្យ៉ាងដល់អ្នក តែនាងមិនដែលធ្វើឱ្យអ្នកណាម្នាក់ស្លាប់នោះឡើយ គ្រាន់តែនាងអាចបង្កការឈឺចាប់ ឬភាពភ័យខ្លាចខ្លាំងរបស់បុគ្គលម្នាក់់នោះតែប៉ុណ្ណោះ។

Diana ជាតុក្កតាធ្វើពីប៉ស៊ីឡែន ដ៏គួរឱ្យចាប់អារម្មណ៍ ហើយអ្នកក៏អាចទិញវាយកមកជាកម្មសិទ្ធបានដែរ តែអ្នកត្រូវតែមានភាពក្លាហានជាមុនសិន និងត្រូវចំណាយលុយក្នុងការទិញរាងថ្លៃគួរសមដែរ ដោយតុក្កតានេះត្រូវបានគេដាក់លក់ក្នុងតម្លៃជាង ១២៥០ដុល្លា។

តុក្កតាខ្មោច

៨. តុក្កតា Annabelle

តុក្កតា Annabelle មួយនេះ មានភាពល្បីល្បាញខ្លាំងមែនទែន នៅក្នុងខ្សែភាពយន្តភ័យរន្ធត់ជាច្រើន។ តែការពិតទៅ វាគ្រាន់តែជាតុក្កតាដែលច្នៃប្រតិដ្ឋថ្មីខុសពីតុក្កតា Annabelle ពិតតែប៉ុណ្ណោះ ដោយតុក្កតាពិតប្រាកដត្រូវបានគេរក្សាទុកនៅក្នុងកន្លែងមានសុវត្ថិភាពមួយ ព្រោះតែវាអាចបង្កបញ្ហា ឬមានការលងបន្លាចចំពោះមនុស្សជុំវិញបាន។

ទោះជាយ៉ាងណាក៏ដោយ តុក្កតា Annabelle ដែលស្ថិតនៅក្នុងរូបរាងថ្មីមួយនេះ នៅតែមើលទៅគួរឱ្យភ័យខ្លាចជាខ្លាំង រហូតគ្មានអ្នកណាហ៊ានទិញវាចូលទៅក្នុងផ្ទះនោះទេ វាប្រៀបបីដូចជាវិញ្ញាណតុក្កតា Annabelle ពិត គឹដើរលេងបន្លាចរាល់របស់ដែលតំណាងឱ្យនាងយ៉ាងដូច្នេះដែរ។ ហើយតុក្កតាមួយនេះ បែរជាត្រូវបានគេដាក់លក់ទៅវិញ ក្នុងតម្លៃជាង ២៥០០ដុល្លា តែគិតមើលទៅនរណាដែលហ៊ានទិញវានោះ?

តុក្កតា Annabelle

៧. ផើងរោគចិត្ត

ផើងដ៏ចំណាស់មួយនេះ ជាកម្មសិទ្ធដំបូងរបស់លោក Ed Gein ដែលគេបានស្គាល់ថាជាឃាតកដៃឆៅ និងរោគចិត្តដ៏ល្បីល្បាញមួយនៅក្នុងខ្ទង់ឆ្នាំ ១៩៥០ ថែមទាំងបានសម្លាប់មនុស្សអស់ជាច្រើននាក់ ហើយយកបំណែកនៃរាងកាយសាកសព ដូចជាស្បែក ទៅធ្វើជាសំលៀកបំពាក់ គ្រឿងសង្ហារិម និងរបស់ប្រើប្រាស់ជាច្រើននៅក្នុងផ្ទះផងដែរ។ តែគ្មានអ្នកណារកឃើញទេថា តើផើងដែលនៅសល់នោះ Ed ប្រើបំណែកសាកសពត្រង់ណាមកច្នៃវាឡើង?

រឿងរបស់ Ed Gein ធ្លាប់ត្រូវបានក្រុមហ៊ុនខ្សែភាពយន្តហូលីវូដល្បីៗផលិតជាខ្សែភាពយន្តរន្ធត់ជាច្រើនផងដែរ ដូចជារឿង៖ The Texas Chainsaw Massacre និងThe Silence of the Lambs តែផើងរបស់ Ed មិនត្រូវបានគេលើកមកនិយាយ ឬយកមកថតនៅក្នុងភាពយន្តទាំងនោះឡើយ។

ក្រោយមកផើងមួយនេះ ត្រូវបានលោក Zak Bagans ទិញយកមកពីស្ត្រីម្នាក់ដែលប្រើផើងនេះដាំផ្កា ក្នុងតម្លៃ ២៨០០ដុល្លា ដើម្បីទិញមកតុបតែងទុកតាំងនៅក្នុងផ្ទះ ដោយលោកគិតថាវាគ្មានបញ្ហាអ្វីកើតឡើងទេ។ តែអ្នកណាទៅដឹង ក្រោយពីទិញផើងនេះរួចមក រឿងរ៉ាវរន្ធត់ៗជាច្រើនបានលងបន្លាចគាត់រហូតទៅវិញ។

ផើងរោគចិត្ត

៦. ពេជ្រពណ៌ខ្មៅ

គ្រាប់ពេជ្រត្បូងពណ៌ខ្មៅ Black Orlov ត្រូវបានគេដឹងតម្លៃចុងក្រោយបង្អស់នៅក្នុងឆ្នាំ ២០០៦ មានតម្លៃដល់ទៅ $352,000 ហើយរហូតបច្ចុប្បន្នតម្លៃអាចនឹងបន្តកើនឡើងឥតឈប់ឈរ ប្រមាណជា ១លានដុល្លាឯណោះ បើទោះបីជាពេជ្រមួយនេះធ្លាប់មានប្រវត្តិខ្មៅងងឹត និងរងបណ្តាសារយ៉ាងណាក៏ដោយ។

កំណើតដំបូង ត្បូងនេះមានប្រភពមកពីប្រទេសឥណ្ឌា ហើយមានពាក្យចចាមអារ៉ាមថាគ្រាប់ពេជ្នេះរគឺជាបំណែកគ្រាប់ភ្នែករបស់រូបសំណាក់ព្រះព្រហ្មរបស់សាសនាហិណ្ឌូ ដែលត្រូវបានគេលួចទៅ។ ក្រោយមកម្ចាស់ត្បូងទាំងនេះតែងតែជួបរឿងរ៉ាវប្លែកៗ និងរួមទាំងការធ្វើអត្តឃាតខ្លួនឯងដោយគ្មានមូលហេតុ។

តែត្បូងមួយនេះត្រូវបានគេយកមកកាត់ និងកែច្នៃឡើងវិញនៅក្នុងខ្ទង់ឆ្នាំ ១៩៥០ ដោយគេជឿថាវាពិតជាអាចដោះបណ្តាសារពីមុនៗបាន។ ទោះជាយ៉ាងណារឿងរ៉ាវ និងប្រវត្តិរបស់ត្បូងមួយនេះនៅតែត្រូវបានគ្រប់គ្នានិយាយតៗគ្នា ដោយការខ្លាចរអារផងដែរ។

ពេជ្រពណ៌ខ្មៅ

៥. ឡានរបស់លោកដុកទ័រ Kevorkian

ឡានដឹកទំនិញមួយនេះ ត្រូវបានគេដាក់ឈ្មោះឱ្យថា « Death Bus » ដោយសារតែនៅក្នុងឆ្នាំ ១៩៦៨ ឡានដ៏កញ្ចាស់មួយនេះត្រូវបានលោកដុកទ័រ Jack Kevorkian ប្រើជាកន្លែងសម្លាប់អ្នកជំងឺប្រមាណជា ១៣០នាក់ ។

គួរឱ្យដឹងផងដែរថា លោកដុកទ័រ Kevorkian យល់ថាវិធីដែលលោកសម្លាប់អ្នកជំងឺនេះ គឺជាការជួយធ្វើអត្តឃាត អ្នកជំងឺណាដែលមានជំងឺរ៉ាំរ៉ៃ រងការឈឺចាប់យូរយារ ហើយមិនអាចព្យាបាលបានតែប៉ុណ្ណោះ វាជាការជួយបញ្ចប់នៃការឈឺចាប់។

ក្រោយពីលោកដុកទ័រត្រូវបានចាប់ខ្លួនពីបទមនុស្សឃាត ឡានមួយនេះត្រូវបានលោក Zak Bagans ទិញយក សម្រាប់ដាក់តាំងបង្ហាញក្នុងសារមន្ទីរដែលមានរបស់ចម្លែកៗ និងគួរឱ្យខ្លាចផងដែរ។ លោក Zak Bagans ចូលចិត្តរបស់បែបនោះខ្លាំងណាស់ ហើយតែងតែចំណាយលុយមិនស្តាយក្នុងរការទិញរបស់ទាំងនោះ ហើយឡានមួយនេះលោកបានទិញវាយកមកក្នុងតម្លៃ ៣២៥០០ដុល្លាឯណោះ។

ឡានរបស់លោកដុកទ័រ Kevorkian

៤. គំនូរក្មេងប្រុសយំ

រូបគំនូរក្មេងយំមួយនេះ ត្រូវបានគួរឱ្យសិល្បករជនជាតិអ៊ីតាលីម្នាក់ ដែលជាប់ទាក់ទងនឹងបណ្តាសារ និងរឿងរ៉ាវមួយចំនួន។

រូបគំនូរមួយនេះ តែងតែមានរឿងរ៉ាវមួយចំនួនកើតឡើង ដូចជាមានសំឡេងក្មេងយំ ទាំងដែលគ្មានក្មេងណានៅក្បែរនោះឡើយ ហើយផ្ទះមួយចំនួនដែលរក្សារូបគំនូរនេះតែងតែត្រូវភ្លើងឆេះខ្ទេចអស់ លើកលែងតែគំនូរនេះតែប៉ុណ្ណោះដែលមិនត្រូវភ្លើងឆេះទាល់តែសោះ វាជារឿងដ៏ចម្លែកបំផុត។

ជុំវិញរឿងរ៉ាវទាំងនេះមានការស្រាវជ្រាវ និងដាក់ការសង្ស័យមួយចំនួន ដោយអ្នកខ្លះយល់ថាគំនូរមួយនេះអាចស្រោបដោយសារធាតុអ្វីមួយដែលការពារការឆាបឆេះជាមិនខាន។ ទោះជាវាស្ថិតនៅក្នុងរឿងរ៉ាវរន្ធត់ និងមានការសង្ស័យខ្លះៗយ៉ាងណាក៏ដោយ តែវាក៏ត្រូវបានគេដាក់លក់ក្នុងតម្លៃខ្ពស់មួយផងដែរ គឺដល់ទៅជាង ៥០០០ដុល្លា។

គំនូរក្មេងប្រុសយំ

៣. កៅអីលោក Michael Jackson

កៅអីមួយនេះជាកម្មសិទ្ធរបស់ស្តេចចម្រៀងប៉ុបដ៏ល្បី Michael Jackson ដែលយកចេញពីបន្ទប់របស់គ្រូពេទ្យប្រចាំកាយរបស់លោក Michael Jackson ដែលជាកន្លែងដែលលោក Michael Jackson ស្លាប់ផងដែរ។

បើទោះបីជាកៅអីនេះដូចជាគ្មានអ្វីអស្ចារ្យ ឬមិនសមនឹងការយកដាក់តាំងក្នុងផ្ទះយ៉ាងណាក៏ដោយ តែដោយសម្អាងឈ្មោះរបស់លោក Michael Jackson វាត្រូវបានគេទិញយកទៅក្នុងតម្លៃដល់ទៅ ១៥០០០ដុល្លា។

កៅអីលោក Michael Jackson

២. ថូ The Basano

ថូមួយនេះ គឺជាថូចាស់បុរាណមួយរបស់អ៊ីតាលី ទោះជាវាមើលទៅធម្មតាៗ គ្មានអ្វីអស្ចារ្យតែវាក៏មិនមែនបានន័យថាវាគ្មានរឿងរ៉ាវរន្ធត់ៗនៅពីក្រោយដែរ។

តាមប្រវត្តិដំបូងបានឱ្យដឹងថា ថូឆ្លាក់ពីប្រាក់មួយនេះ ត្រូវបានគេជូនទៅកាន់កូនក្រមុំអ៊ីតាលីម្នាក់ ជាអំណោយនៅថ្ងៃអាពាហ៍ពិពាហ៍ក្នុងសតវត្សរ៍ទី ១៥។ តែស្រាប់តែមុនថ្ងៃរៀបការមួយថ្ងៃ យប់ឡើងគេប្រទះឃើញកូនក្រមុំបានស្លាប់បាត់បង់ជីវិតដោយមិនដឹងមូលហេតុ ហើយដៃរបស់នាងបានកាន់ថូមួយនេះយ៉ាងជាប់។

ក្រោយៗមកថូមួយនេះបានជាប់ទាក់ទងនឹងការស្លាប់យ៉ាងអាថ៌កំបាំងជាច្រើនដែលគ្មានអ្នកណាបកស្រាយបាន។ ហើយនៅក្នុងខ្ទង់ឆ្នាំ ១៩៨០ ថូមួយនេះត្រូវបានគេលក់ក្នុងតម្លៃ ២៥០០ដុល្លាក្នុងសម័យនោះ ហើយមកទល់ពេលនេះតម្លៃវាអាចនឹងកើនឡើងជាលំដាប់ផងដែរ។

ថូ The Basano

១. The Hands Resist Him

រូបគំនូរដ៏គួរឱ្យភ័យខ្លាច មានឈ្មោះថា The Hands Resist Him ត្រូវបានគូរដោយលោក Bill Stoneham នៅក្នុងឆ្នាំ ១៩៧៤ ហើយវាជាគំនូរដែលមានតម្លៃថោកបំផុតត្រឹមតែ ជាង ១ដុល្លាតែប៉ុណ្ណោះ។

រឿងរ៉ាវដំបូងនោះ គឺមានក្មេងស្រីម្នាក់បានប្រាប់ឪពុករបស់នាងថា នាងបានឃើញក្មេងក្នុងរូបគំនូរនេះកំពុងតែឈ្លោះប្រកែកគ្នា ។ តែឪពុកមិនបាននិយាយអ្វីទេ ហើយបានបង្កប់កាមេរ៉ាតាមដានរូបភាពនេះផងដែរ ដើម្បីបញ្ជាក់ថារឿងរ៉ាវដែលកូនស្រីបានឃើញគ្រាន់តែជាការស្រមៃ។ អ្នកណាទៅដឹងថា គាត់បែរជាឃើញសកម្មភាពមិនប្រក្រតីនៃរូបគំនូរនេះទៅវិញ ហើយថែមទាំងឃើញមានក្មេងចេញពីរូបគំនូរទៀត។

ក្រោយៗមកទើបគេដឹងថារូបគំនូរនេះធ្លាប់ជាប់ទាក់ទងនឹងរឿងមិនប្រក្រតីមួយចំនួន និងរឿងចម្លែកៗទាក់ទងនឹងវិញ្ញាណទៀតផង។ ចំណែកមនុស្សមួយចំនួនទៀតបាននិយាយថា គ្រាន់តែពួកគេមើលរូបភាពនេះដែលដាក់លក់នៅក្នុងអ៊ីនធើណេតភ្លាម រឿងរ៉ាវចម្លែកៗក៏បានកើតឡើងនៅក្នុងផ្ទះរបស់ពួកគេផងដែរ៕

The Hands Resist Him

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]