ថៃ៖ ក្មេងប្រុសវ័យជំទង់ជនជាតិថៃ២នាក់ ត្រូវបានប៉ូលិសចរាចរណ៍ថៃ ចាប់ផាកពិន័យដោយសារតែជិះម៉ូតូពុំពាក់មួកសុវត្ថិភាព ប៉ុន្តែមិនមានលុយបង់ពិន័យ ក៏ត្រូវប៉ូលិសពិន័យដោយឲ្យពួកគេអាវ៉ង់នៅចិញ្ចើមផ្លូវឲ្យខ្មាសគេតែម្តង។

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីពេលថ្មីៗកន្លងទៅនេះ នៅលើបណ្តាយផ្លូវមួយកន្លែង ស្ថិតក្នុងខេត្ត Samut Prakan ភាគខាងត្បូងក្បែរទីក្រុងបាងកក។

យុវជនទាំង២នាក់ ដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណខាងលើនេះ ត្រូវបានប៉ូលិសចរាចរណ៍ផ្លូវគោកថៃ បានធ្វើការចាប់ផាកពិន័យក៏ព្រោះតែពួកគេទាំងពីរ បានប្រព្រឹត្តខុសពុំពាក់មួកសុវត្ថិភាព ក្នុងកំឡុងពេលជិះម៉ូតូនៅលើដងផ្លូវ។

រូបភាពក្នុងថ្ងៃកើតហេតុ

ប៉ូលិសបានផាកពិន័យពួកគេ ក្នុងចំនួនទឹកប្រាក់ ៥០០បាត (ឬប្រហែល ១៦ដុល្លារអាមេរិក) ប៉ុន្តែផ្ទុយទៅវិញ យុវជនទាំងពីរបានប្រាប់ថា ពួកគេពុំមានលុយសម្រាប់បង់ថ្លៃផាកពិន័យនោះឡើយ។ ទើបនៅទីបំផុត ប៉ូលិសក៏សម្រេចចិត្តប្តូរពីការផាកពិន័យជាទឹកប្រាក់ ដោយឲ្យពួកគេទាំងពីរអាវ៉ង់នៅចិញ្ចើមផ្លូវ ដើម្បីទុកជាមេរៀនតែម្តង។

ក្រោយយុវជនទាំងពីរបានអាវ៉ង់រួចរាល់ ប៉ូលិសក៏បានធ្វើការណែនាំដល់ពួកគេទាំងពីរបន្ថែមទៀត ដោយឲ្យប្រុងប្រយ័ត្ននៅក្នុងការបើកបរ និងប្រាប់ឲ្យពួកគេចេះពាក់មួកសុវត្ថិភាពដើម្បីការពារជីវិតខ្លួនឯង (ពេលមានគ្រោះណាមួយកើតឡើង) ក៏ដូចជាចៀសវាងពីការផាកពិន័យទៀតផងដែរ។ ខណៈឯយុវជនទាំងពីរ ក៏បានលើកដៃសំពះអរគុណដល់ប៉ូលិសចរាចរណ៍ ដោយទឹកមុខញញឹមបង្ហាញពីការគោរព និងទទួលស្គាល់កំហុសរបស់ពួកគេផងដែរ។

គួរឲ្យដឹងផងដែរថា អាយុស្របច្បាប់ក្នុងការបើកបរម៉ូតូក្នុងប្រទេសថៃ គឺចាប់ពីអាយុ១៥ឆ្នាំឡើងទៅ ហើយក៏តម្រូវឲ្យអ្នកបើកបរ (អ្នកឌុប) និងអ្នកដំណើរ (អ្នកជិះពីក្រោយ) ពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]