រាជធានីភ្នំពេញ ៖ សិស្ស និស្សិតចំនួន១៧នាក់ ដែលមកពីវិទ្យាល័យ សាកលវិទ្យាល័យរដ្ឋ និងឯកជនបានចូលរួមប្រកួត ជ្រើសរើសជើងឯកនិយាយភាសាអង់គ្លេស ជាសាធារណៈក្នុងវគ្គ ផ្តាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅ កាលពីល្ងាចថ្ងៃទី២៤ មករា ២០១៣ នៅសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ ដែលបានរៀបចំឡើងដោយស្ថាប័នស្ព្រីងបតប្រចាំកម្ពុជា ក្រោមអធិបតីភាពលោកអ៊ុក គឹមសេង តំណាងលោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងមានការអញ្ជើញចូលរួមពីលោក Mark  Gooding ឯកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅកម្ពុជា ។

ក្នុងការប្រកួតនេះ គឺមានបែងចែកជា៥ក្រុម ដែលមានដូចជាក្រុមមកពីបណ្តាវិទ្យាល័យរដ្ឋ និងឯកជន ក្រុមនិស្សិតមកពីបណ្តាសាកលវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សា ក្រុមសាធារណៈ ក្រុម Spring Board Kaplan និងក្រុមអន្តរជាតិ ។ ចំពោះបេក្ខជន បេក្ខនារីដែលជាអ្នកឈ្នះនៅតាមក្រុមនីមួយៗនឹងទទួលបានការ ធ្វើដំណើរទស្សនកិច្ចសិក្សានៅចក្រភពអង់គ្លេសរយៈពេល ១សបា្តហ៍ ហើយរាល់ការចំណាយទាំងអស់ គឺស្ថាប័នស្ព្រីងបតជាអ្នកទទួលខុសត្រូវ ។

សិស្ស និស្សិតកម្ពុជាទាំង៤រូប ដែលបានទទួលជ័យលាភីក្នុងការប្រកួតមានដូចជាកញ្ញាមាស ច័ន្ទសត្យា មកពីមូលនិធិ Hapswell ប្អូនស្រីសំ សាលីតា មកពីសាលាអន្តរជាតិ ICS លោកអ៊ុង ទីកិត្យា មកពីវិទ្យាស្ថានភាសាបរទេស និងកញ្ញាអ៊ា អៃលួង មកពីសាកលវិទ្យាល័យប៊ែលធី អន្តរជាតិ ។ បេក្ខជនទាំង៤រូបនេះ នឹងចេញដំណើរទៅប្រទេសអង់គ្លេសនៅអំឡុងខែកក្កដា ២០១៣ ដើម្បីសិក្សាស្រាវជ្រាវ និងដកបទពិសោធន៍ខ្លះៗទាក់ទងនឹងវិស័យអប់រំនៅទីនេះ ៕



បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]