សាន់ហ្វ្រេនស៊ីស្កូ៖ ដើម្បីអបអរសារទរខួប ១០ឆ្នាំនៃស្មាតហ្វូន Galaxy ត្រកូល S ក្រុមហ៊ុន Samsung បានបញ្ចេញអាវុធធំៗមួយចំនួនមានដូចជា Galaxy S10, Galaxy S10+, Galaxy S10E, Samsung Galaxy Watch Active, Samsung Galaxy Buds និងអាវុធពិសេសចុងក្រោយគឺ Samsung Galaxy Fold។ ដូច្នេះថ្ងៃនេះយើងសូមនិយាយអំពី Samsung Galaxy Fold ជូនប្រិយមិត្តតាមដានទាំងអស់គ្នា។ (សូមតាមដានអត្ថបទក្រោយផ្សេងទៀតចំពោះ S10, S10+, S10e, Watch Active, និង Galaxy Buds)។

កាលពីម្សិលមិញនេះ អនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារនៃផលិតផលរបស់ក្រុមហ៊ុន Samsung លោក Justin Denison បានដាក់បង្ហាញទូរស័ព្ទ Galaxy Fold ដែលជាទូរស័ព្ទបត់អេក្រង់ដំបូងគេបង្អស់របស់ Samsung ធ្វើឱ្យពិភពលោកមានការចាប់អារម្មណ៍ជាខ្លាំង។

Samsung Galaxy Fold

Galaxy Fold មានអេក្រង់ទំហំ ៤.៦ អ៊ីញ ជាប្រភេទ Infinity Flex Display ដែលអាចបង្ហាញរូបភាពបានច្បាស់ល្អបំផុត ហើយលក្ខណៈពិសេសរបស់វា គឺវាអាចពន្លាតអេក្រង់បានទៅដល់ ៧.៣ អ៊ីញប្រៀបដូចជាកូនកាត់ថេប្លេតអីចឹង។

ក្រៅពីអេក្រង់បត់នេះចំពោះផ្នែកកាមេរ៉ាវិញ វាមានរហូតដល់ទៅ ៦គ្រាប់ ដែលអាចថតយករូបភាពនិងវីដេអូបានច្បាស់បំផុតនៅក្នុងទីផ្សារកាមេរ៉ាស្មាតហ្វូននាពេលបច្ចុប្បន្ន។ 

Samsung ក៏បានសហការជាមួយបណ្តាញសង្គម Instagram ដែលនឹងបំពាក់មុខងារពិសេសសនៅក្នុងកាមេរ៉ាសម្រាប់ការថតរូប Instagram Mode ចូលទៅក្នុងបណ្តាញសង្គមនេះបានយ៉ាងល្អឥតខ្ចោះ។ ដូច្នេះវាពិតជាសាកសមសម្រាប់ហ្វេនដែលនិយមចូលចិត្តថតរូបដាក់ក្នុងបណ្តាញសង្គម Instagram។ អ្នករាល់គ្នាប្រាកដជាស្រលាញ់ទូរស័ព្ទមួយគ្រឿងនេះជាក់ជាពុំខាន។

Samsung Galaxy Fold
Samsung Galaxy Fold

លើសពីនេះទៅទៀត Galaxy Fold ក៏បំពាក់រ៉េមរហូតដល់ ១២GB ជាមួយនឹងបន្ទះឈីប Snapdragon 855 (7nm) និងអង្គផ្ទុកក្នុងម៉ាស៊ីនទំហំដល់ទៅ ៥១២GB។ ស្មាតហ្វូននេះក៏បំពាក់ថ្មចំនួន ២គ្រាប់ ជាមួយនឹងទំហំថ្មដល់ទៅ ៤៣៨០mAh។

Galaxy Fold មាន ៤ពណ៌សម្រាប់ជ្រើសរើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ មានដូចជាពណ៌ខ្មៅ, លឿង, ស្វាយ និងពណ៌ប្រាក់។ ស្មាតហ្វូនអេក្រង់បត់ដ៏ប្រណីតនេះ នឹងដាក់លក់ចាប់ពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ ជាមួយតម្លៃថ្លៃ មិននឹកស្មានដល់នោះទេ ពោលគឺមានតម្លៃ ១៩៨០ ដុល្លារអាមេរិក (តម្លៃដើមនៅស្រុកគេ) ហើយវាអាចនឹងឡើងដល់ទៅ ២,០០០ជាង ឬប្រែប្រួល ពេលមកដល់ស្រុកយើង៕

ទស្សនារូបភាព និងវីដេអូខាងក្រោម៖

Samsung Galaxy Fold
Samsung Galaxy Fold
Samsung Galaxy Fold

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]