ភ្នំពេញ៖ រយៈពេល ពីរ បី ថ្ងៃនេះ មានព័ត៌មានបែកធ្លាយមួយបានបង្ហាញនូវរូបភាព Poster មួយសន្លឹកថាជាកម្មសិទ្ធិរបស់ក្រុមហ៊ុន OPPO ដែលត្រូវបានលេចធ្លាយតាមប្រព័ន្ធអ៊ីនធើណែត ដោយក្នុងរូបភាពនោះ គឺបានបង្ហាញរូបរាងស្មាតហ្វូនជំនាន់ថ្មីមួយម៉ូឌែលទៀត ដែលមានឈ្មោះថា F11 Pro ដ៏ទាក់ទាញជាមួយអេក្រង់លាតសន្ធឹង គ្មានចន្លោះឆក ហើយមានភាពស្រដៀងគ្នាបន្តិចទៅនឹងម៉ូឌែល OPPO Find X អញ្ចឹងដែរ។ ចំណែកការរចនាកាមេរ៉ានៅខ្នងខាងក្រោយវិញ គឺស្ថិតនៅចំជួរកណ្តាលតែម្តង ក្នុងរាងបញ្ឈរចុះក្រោម ជាមួយនឹងកាណុងកាមេរ៉ាភ្លោះ អមដោយ Flash LED នៅខាងលើថែមទៀតផង វាមើលទៅហាក់មានទ្រនាប់សេនស័រ ស្កេនម្រាមដៃ នៅខាងក្រោមកាមេរ៉ាដូច្នោះដែរ។ 

ជាពិសេស គឺថានៅក្នុងរូបភាព Poster នោះ បានសរសេរបញ្ជាក់បន្ថែមទៀតថាទំហំកាមេរ៉ាខាងក្រោយខ្នងវានោះមានទំហំ 48 MP និងមានពាក្យស្លោកជាភាសាអង់គ្លេសថា Brilliant portrait in low light ដែលមានន័យថា កាមេរ៉ាខាងក្រោយនៃស្មាតហ្វូននេះនឹងមានមួយគ្រាប់ទំហំ 48 មេហ្គាភិចសែល ដែលវាអាចនឹងប្រើប្រាស់សេនស័រ Samsung ISOCELL GM1 ឬ Sony IMX586 ជាដើម។

ស្របពេលជាមួយគ្នានោះដែរ ស្រាប់តែមានរូបភាពវីដេអូមួយបានលេចធ្លាយមកថ្មីថែមទៀតជាមួយការបង្ហាញតួខ្លូន បង្ហាញផ្នែកខ្នងខាងក្រោយរបស់ស្មាតហ្វូន OPPO ម៉ូឌែល F11 Pro ថ្មីហ្នឹងតែម្តង ដែលមានពីរពណ៌ដ៏ទាក់ភ្នែកអ្នកដែលបានមើលវីដេអូនេះ។ ដោយមានរូបភាព Poster និងវីដេអូសំអាងដូចគ្នាបែបនេះ ទើបអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួនធំបានសន្មត់ថាវាជា F11 Pro តែម្តង។

តាមរយៈរូបភាពដែលបានថតនេះ គឺបានបង្ហាញពីជម្រើសពណ៌លើ OPPO F11 Pro ចំនួន 2 ពណ៌ជាប្រភេទ Gradient Color រួមមាន ពណ៌ខៀវ និងពណ៌ស្វាយលាយពណ៌ទឹកប៊ិចបន្តិចៗ ដែលមើលទៅស្រលះភ្នែកតែម្តង។ 

និយាយរួមទាំងអស់នេះ គ្រាន់តែជារូបភាពព័ត៌មានបែកលេចធ្លាយ ដែលបានបង្ហាញពីរចនាបថ និងរូបរាងពិត ព្រមទាំងជម្រើសពណ៌លើទូរសព្ទ OPPO ម៉ូឌែល F11 Pro ថ្មីប៉ុណ្ណោះ ប៉ុន្តែយើងខ្ញុំក៏មិនទាន់ហ៊ានសន្និដ្ឋាន និងកំណត់បានពិតប្រាកដបានទេ ថាវានឹងមានត្រឹមតែ 2 ពណ៌បែបនេះ ឬមានច្រើនលើសពីនេះទៀត និងមានរូបរាងបែបនេះពិតប្រាកដឬអត់ ព្រោះវាជាព័ត៌មានបែកធ្លាយដែលចែកចាយបន្តគ្នាប៉ុណ្ណោះ ដើម្បីអោយកាន់តែដឹងច្បាស់ មានតែរង់ចាំតាមដានការបង្ហាញខ្លួនជាផ្លូវការពីក្រុមហ៊ុន OPPO ប៉ុណ្ណោះ ទើបអាចជឿជាក់បាន៕

ដើម្បីឱ្យដឹងច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]