ភ្នំពេញ៖ អ្នក​ប្រដាល់​ស្បែក​ខ្មៅ​ជនជាតិ​នី​ហ្សេ​រី​យ៉ា Emmanuel Onyedikachi ដែល​ទើប​រៀប​ការ ប្រពន្ធ​ខ្មែរ​រស់នៅ​ទីក្រុង​ភ្នំពេញ បាន​ចាប់ផ្តើមល្បី​ខ្លាំង​ក្នុង​ឆាកប្រយុទ្ធ​គុន​ចម្រុះ​លើ​ទឹកដី​អាស៊ី​អាគ្នេយ៍ ។ ក្រោយ​ពី​បាន​ឈ្នះ​ការ​ប្រកួត​ធំ​ៗ​តំណាង​ឲ្យ​កម្ពុជា​ចំនួន​៣​លើក​នៅ ONE Championship នៅ​ថ្ងៃ​ទី​២៨ កុម្ភៈ ខាង​មុខ​នេះ រូបគេ​នឹង​មានមុខ​ប្រកួត​តំណាង​កម្ពុជា​ម្តងទៀត​នៅ​លើ​សង្វៀន ONE Warrior Series 4 របស់ Rich Franklin ប្រទេស​សិង្ហ​បុរី​។

ក្នុង​វ័យ​៣២​ឆ្នាំ កីឡាករ​ជនជាតិ​ស្បែក​ខ្មៅ រូប​នេះ ត្រូវ​បាន​គេ​ផ្គូផ្គង​ឱ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​អា​មេ​រិ​ក​កំពុង​លេចធ្លោ​ម្នាក់​ដែរ​គឺ Devon Morris ។ លើក​នេះ​អាច​និយាយ បាន​ថា​ជា​ការ​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ធំ​ដែល ប្រជុំ​ដោយ​អ្នក​ខ្លាំង​មិន​ដូច​ការ​ប្រកួត​មុន​ៗ ឡើយ ។ ដូច្នេះ​ចាំ​មើល​អ្នក​ប្រដាល់​សាច់ដុំ​ក្បាល ពោះ​កង់​ៗ​រូប​នេះ​នឹង​ធ្វើ​បាន​ល្អ​ដូច​មុន​ទៀត​ឬ យ៉ាងណា ខណៈ​កីឡាករ​ដែល​លោក​ត្រូវ​ជួប​នា​ពេល​នោះ​ក៏​មាន​សមត្ថភាព​ខ្លាំង​មិនធម្មតា​បែប​ហ្នឹង​នោះ​។

Emmanuel បាន​និយាយ​ពី​ចំណុចខ្លាំង​របស់​គូប្រកួត​ប្រាប់​អ្នក​យក​ព័ត៌មាន​ឱ្យ​គេហទំព័រ​ ក្នុងស្រុក​មួយ​ថា អ្នក​ប្រដាល់​អា​គាំង​DevonMorris មានបទពិសោធន៍​ក្រាស់​ដែរ​ដែល​លោក​ ចូល​ចិត្ត​បែប​អ៊ីចឹង ។ លោក​ពេញចិត្ត​តទល់​ជាមួយ​អ្នក​ខ្លាំង​ៗ​បែប​នេះ ហើយ​លោក​ក៏​មិន​ បណ្តោយ​ឲ្យ​ខ្លួនឯង​ឈ្នះ​ត្រឹម​ពិន្ទុ​នោះ​ដែរ ចាំតែ​មើលទៅ ។

Devon Morris គឺជា​ជើង​ខ្លាំង​ប្រចាំ ក្លិប Phuket Top Team មាន​ប្រវត្តិ ប្រកួត​៧​ដង​ឈ្នះ​ទាំង​៧​ដង​ហើយ​សុទ្ធតែ​ឈ្នះ ដោយ​ផ្ដួល​គូប្រកួត​ក្នុង​ទឹក​ទី​១​ទៀត​ផង និង​មាន​តែ​ម្តង​គត់​ដែល​ឈ្នះ​ដោយ​ពិន្ទុ ។ រីឯ Emmanuel ជា​អ្នក​ប្រដាល់​អាជីព​មក​ពី​ក្លិប «​សិល្បៈ​» ដែល​មាន​ខ្លា​ចាស់ ចាន់ រតនា ជា​អ្នកដឹកនាំ ដូច្នោះ​សម្រាប់​គាត់​គឺ​ហ៊ាន​សាក​ថ្វីដៃ​ជាមួយ​គូប្រកួត​ទាំងអស់​ឲ្យ​តែ​គេ​ផ្គូផ្គង​។

រហូត​មក​ដល់​ពេល​នេះ Emmanuel មាន​កំណត់ ត្រា​ឈ្នះ​៣​ដង​ជាប់​ៗ​គ្នា ហើយ​ចាប់ផ្ដើម​ល្បី​ខ្លាំង

ពេល​វាយ​ជើង​ខ្លាំង​ឥណ្ឌា Sandeep Kumar Dahiya ឱ្យ​ដួល​ក្រោក​លែង​រួច​ក្នុង​ទឹក​ទី​១​។ ទោះបី​យ៉ាងណា Emmanuel ប្រាប់​ពី​អា រម្ម​ណ៍​របស់​ខ្លួន​មុន​ការ​ប្រកួត​នៅ​សិង្ហ​បុរី​ថា ៖«​វា​ជា​ការ​ប្រកួត​ដ៏​ពិបាក​មួយទៀត​របស់​ខ្ញុំ ព្រោះ​ត្រូវ​ប្រឈម​មុខជា​មួ​​យ​គូប្រកួត​ដែល​មាន​កម្លាំង​ប្រហែល​គ្នា ។ អាច​និយាយ​ថា​ដូច​គោព្រៃ​ប៉ះ​គោព្រៃ​អ៊ីចឹង​វា​ច្បាស់​ជា​ផ្អើល​សង្វៀន​ មិន​ខាន​!»​។

ក្រៅពី​រវល់​ហ្វឹកហាត់​ពង្រឹងកម្លាំង​បន្ថែម Emmanuel​ក៏​មមាញឹក​ខ្លាំង​ក្នុង​ជីវិត​ក្រៅ​សង្វៀន ផង​ដែរ ។ គាត់​បាន​កសាង​គ្រួសារ​ផ្ទាល់ខ្លួន​ដោយ ទើប​រៀប​អាពាហ៍ពិពាហ៍​ថ្មីថ្មោង​ជាមួយ​នារី​ខ្មែរ ដ៏​ស្រស់​ស្អាត​ម្នាក់​ហើយ​មក​ដល់​ពេល​នេះ​លោក​កំពុង​ត្រៀម​ក្លាយជា​ឪពុក​របស់​កូន​ក្នុង​ផ្ទៃ​ហើយ​។

មួយ​រយៈ​ចុង​ក្រោយ​នេះ មានរឿង​ជា​ច្រើន​បាន​កើតឡើង​ក្នុង​ជីវិត​កីឡាករ​ស្បែក​ខ្មៅ​រស់នៅ ក្រុងភ្នំពេញ​ម្នាក់​នេះ ដែល​ធ្វើ​ឲ្យ​គាត់​ក្លាយជា មនុស្ស​ផ្លាស់​ប្តូរ​ខុស​ពី​មុន​ស្ទើរតែ​ទាំងស្រុង ។ បន្តិចទៀត​គាត់​នឹង​ក្លាយជា​ឪពុក​គេ​ហើយ ដូច្នេះ វា​រឹតតែ​ធ្វើ​ឲ្យ​គាត់​កាន់តែ​ឆាបឆួល​ក្នុង​ការ​ពង្រឹង​អាជីព​ឲ្យ​កាន់តែ​មាន​លំនឹង​ខ្លាំង​ជាង​នេះ​ទៀត​។

សព្វថ្ងៃ​ក្រៅពី​អាជីព​ប្រដាល់ Emmanuel​ក៏​ជា​ឯកអគ្គរដ្ឋទូត​សុច្ឆន្ទៈ​តំណាង​ឲ្យ​អង្គការ ក្រៅ​រដ្ឋាភិបាល​មួយ​ហៅ​ថា Awareness Cambodia ។ អ្នក​ប្រដាល់​មាន​ដើម​កំណើត នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា រូប​នេះ​នឹង​បោះ​ជំហាន ដើរ​ចូល​សង្វៀន​ដាក់​ទ្រុង​ម្តងទៀត ដោយ​មាន ការ​គាំទ្រ​ពេញទំហឹង​ពី​ក្មេង​ៗ និង​បុគ្គលិក​នៅ អង្គការ​ដែល​គោរព​រាប់អាន​គាត់ បូក​រួម​ជា​មួ​​យ​គ្រួសារ​របស់​គាត់​ផង​ដែរ​។

ជា​ចុង​ក្រោយ Emmanuel បាន​បង្ហើប ប្រាប់​ខ្លះ​ៗ​ពី​ជីវិត​ដ៏​លំបាក​វេទនា​ពេល​មក​ដល់ កម្ពុជា​ដំបូង ប៉ុន្តែ​គាត់​ចង់​យក​ឱកាស​នេះ​បង្ហាញ ដល់​ជនរួមជាតិ​កម្ពុជា​ទាំងអស់​ថា អ្នក​ណា ក៏​អាច​ផ្លាស់​ប្តូរជីវិត​ខ្លួនឯង​បាន​ដែរ បើសិន​យើង ចេះ​ខិតខំ​តាំងចិត្ត ហើយ​ចេះ​បណ្តុះ​ស្មារតី​វិជ្ជមាន ជា​និច្ច ។

គាត់​រំលឹក​ឃ្លា​ដែល​គាត់​ចូល​ចិត្ត «​គ្រាន់តែ​ពេល​ខ្ញុំ​គិត​ថា​ពិភពលោក​ទាំងមូល កំពុង​លេងសើច​នឹង​ខ្ញុំ ស្រាប់តែ​អ្វី​ៗ​ក៏​ចាប់ផ្តើម ផ្លាស់​ប្តូរ​ទាំងស្រុង ។ ខ្ញុំ​ជឿ​ថា ឆ្នាំ​២០១៩ ជា​ឆ្នាំ​ពិសេស​បំផុត​»៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]