ជប៉ុន៖ ព្រឹត្តិការណ៍ណាត់ជួបគ្នាសម្រាប់អ្នកអត់លិឍ ឬនៅលីវមួយកន្លែង កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

យោងតាមក្រុមហ៊ុនបច្ចេកវិទ្យា Sharp និងក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Cyber Agent បានឱ្យដឹងថា ពួកគេបានបង្កើតដំណោះស្រាយដ៏ល្អបំផុតសម្រាប់អ្នកអត់នៅលីវ ចំពោះបញ្ហាណាត់ជួបគ្នា ដែលពួកគេមានការលំពិបាកនិយាយជាមួយមនុស្សប្លែកមុខ ឬមនុស្សថ្មីដែលមិនធ្លាប់ស្គាល់គ្នាពីមុន។

ដូច្នេះពួកគេបានបង្កើតកូនមនុស្សយន្តតូចមួយដែលមានមុខងារពិសេស អនុញ្ញាតឱ្យដៃគូណាត់ជួប បញ្ចូលទិន្នន័យ រួចកូនមនុស្សយន្តនឹងនិយាយរកគ្នា ហើយអ្នកចូលរួមគ្រាន់តែអង្គុយស្តាប់កូនមនុស្សយន្តនិយាយគ្នាបានហើយ។

យោងតាមសារព័ត៌មានបរទេសមួយបានឱ្យដឹងថា រាល់ទិន្នន័យដែលដៃគូណាត់ជួបបញ្ចូលសុទ្ធសឹងជាទិន្នន័យឆ្លើយតបទៅនឹងសំណួរទាំង៤៥ ដែលពួកគេបានធ្វើការស្ទង់មតិយ៉ាងពិសេសសម្រាប់ដៃគូណាត់ជួបដើម្បីស្វែងយល់ពីគ្នា។

បន្ទាប់ពីការសន្ទនារវាងកូនមនុស្សយន្តបានបញ្ចប់ក្នុងពេល៣នាទី អ្នកចូលរូមទាំងអស់ អាចជ្រើសរើសបន្តនិយាយគ្នាជាមួយមនុស្សពិត ឬក៏បញ្ឈប់អាស្រ័យទៅលើជម្រើសរបស់ពួកគេ។

កូនមនុស្សយន្តនិយាយគ្នាលេង

ព្រឹត្តិការណ៍ណាត់ជួបពិសេសនេះមានអ្នកចូលរួមចំនួន ២៨នាក់ ហើយក្នុងនោះមាន ៤គូ បាននិយាយថា ពួកគេពិតជាពេញចិត្ត និងរីករាយចំពោះការជួយរបស់កូនមនុស្សយន្តនេះ។

អ្នកចូលរួមម្នាក់បាននិយាយថា៖

«អ្នកដែលខ្ញុំណាត់ជួបហាក់ដូចជាមិនត្រូវនឹងចំណូលចិត្តរបស់ខ្ញុំនោះទេ ប៉ុន្តែនៅពេលដែលកូនមនុស្សយន្តនិយាយគ្នាចប់ ខ្ញុំអាចដឹងថាពួកយើងមានចំណុចដូចគ្នាច្រើន ដូច្នេះខ្ញុំរីករាយនឹងបន្តការជួបគ្នាពិតប្រាកដនៅពេលក្រោយ។»

អ្នកចូលរួមជាច្រើនបាននិយាយថា កូនមនុស្សយន្តទាំងនេះអនុញ្ញាតឱ្យពួកគេស្វែងយល់ពីគ្នាបានច្រើន ដោយការស្តាប់នូវការសន្ទនារបស់រវាងកូនមនុស្សយន្ត និងកូនមនុស្សយន្ត។

រួបភាពអ្នកចូលរួម

បន្ថែមពីនេះ ពួកគេក៏មិនមានសម្ពាធក្នុងការគិត និងនិយាយគ្នាដែលបង្ហាញពីចំណុចល្អៗរបស់ខ្លួន ដែលអាចឱ្យដៃគូម្ខាងទៀតអាចនឹងយល់ច្រឡំថា ពួកគេអួតខ្លួន ឬយ៉ាងណា។

គួរឱ្យដឹងផងដែរ ជនជាតិជប៉ុនជាមនុស្សដែលអៀនខ្មាសច្រើន ហើយពួកគេក៏មិនចូលចិត្តនិយាយអំពីគុណសម្បត្តិ ឬក៏អួតអំពីខ្លួនឯងនោះដែរ ដូច្នេះជាមួយនឹងការបង្កើតកូនមនុស្សយន្តនេះ វាពិតជាអាចជួយអ្នកនៅលីវឱ្យឆាប់បានគូនឹងគេ៕ 

ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]