តៃវ៉ាន់៖ បុរសជាប្តីចិត្តព្រៃផ្សៃជនជាតិតៃវ៉ាន់ម្នាក់ ត្រូវបានគេសង្ស័យថា គឺជាឃាតកដែលបានសម្លាប់ប្រពន្ធ រួមទាំងខ្លួនឯង និងកូនតូចៗ២នាក់ទៀត ក្រោយខឹងនិងប្រពន្ធបដិសេធមិនព្រមទៅវះកាត់ពង្រីកដើមទ្រូងឲ្យធំជាលើកទី២ ដើម្បីបំពេញបំណងរបស់ខ្លួន។

ស្រ្តីជាប្រពន្ធត្រូវបានគេស្គាល់ឈ្មោះថា Peng Hui-i មានអាយុ ៣៤ឆ្នាំ ចំណែកឯបុរសជាប្តីឈ្មោះ Wu Meng-yu មានអាយុ ៣២ឆ្នាំ ជាអ្នកបើកបរឡានតាក់ស៊ី។ ក្រោយជីវិតអាពាហ៍ពិពាហ៍ ប្តីប្រពន្ធមួយគូនេះ ទទួលបានចំណងដៃកូនប្រុសម្នាក់ និងកូនស្រីម្នាក់ អាយុ៩ឆ្នាំ និង៦ឆ្នាំ។

Peng និងលោក Meng

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កន្លងមកស្រ្តីជាប្រពន្ធ នាង Peng ធ្លាប់បានទៅវះកាត់ពង្រីកដើមទ្រូងម្តងរួចមកហើយ ដើម្បីបំពេញចិត្តស្វាមីជាទីស្រលាញ់ លោក Meng ។ ប៉ុន្តែផ្ទុយវិញ ក្រោយមកជារឿយៗ បុរសជាប្តីហាក់នៅតែមិនទាន់ពេញចិត្ត និងតែងតែឈ្លោះប្រកែករករឿងជាមួយនឹងប្រពន្ធជាខ្លាំង ដោយទាមទារចង់ឲ្យនាងទៅបន្ថែមដើមទ្រូងឲ្យធំជាងមុន។

ប្រភពដដែលបន្តថា នៅទីបំផុតដោយសារតែ ស្រ្តីជាប្រពន្ធមិនអាចទ្រាំទ្រនឹងសម្ពាធ ក៏ដូចជាទង្វើរបស់ប្តីនាងបាន នាងក៏បានសម្រេចចិត្តស្នើលែងលះគ្នា។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យលោក Meng ក្នុងចិត្តរឹតតែខឹងសម្បាខ្លាំង ខណៈកាលពីពេលកន្លងទៅនេះ ប្តីចិត្តអប្រិយរូបនេះ ក៏បានរៀបចំគម្រោងការដើម្បីផ្តាច់ជីវិតមួយគ្រួសារ រួមទាំងខ្លួនឯងតែម្តង។

កូនទាំងពីររបស់ Peng និងលោក Meng

ក្រោយការលែងលះ គេជឿជាក់ថា លោក Meng ទំនងធ្វើជាអញ្ជើញប្រពន្ធលោក និងកូនៗទាំងពីរនាក់ មកញ៉ាំអាហារបែបលក្ខណៈគ្រួសារ ដើម្បីពិភាក្សាគ្នាពីដំណោះស្រាយនៃការលែងលះគ្នានោះផងដែរ។ នេះបើផ្អែកតាមការរកឃើញរបស់ប៉ូលិសនូវបង្កាន់ដៃបង់ប្រាក់ញ៉ាំអាហារ (McDonald) ដែលបានបន្សល់ទុកនៅក្នុងរថយន្តតាក់ស៊ីរបស់លោក Meng ។

បុរសសង្ស័យជាប្តី ត្រូវបានគេជឿជាក់ទៀតថា ក៏ទំនងជាបានប្រើប្រាស់ថ្នាំ (បំពុល) ខ្លះៗនៅក្នុងអាហារតាមលទ្ធភាពដែលអាចធ្វើទៅបាន មុនពេលនាំចូលមកក្នុងឡាន និងសម្លាប់ពួកគេរួមទាំងខ្លួនឯង ដោយការបំពុលដោយជាតិកាបូនម៉ូណូស៊ីត (Carbon Monoxide) នៅក្នុងឡាន។

ប៉ូលិសក្នុងទីក្រុង Taichung កោះតៃវ៉ាន់ បាននិយាយថា សាកសពស្រ្តីរងគ្រោះជាប្រពន្ធ ត្រូវបានប្រទះឃើញនៅកៅអីខាងមុខក្នុងរថយន្ត ខណៈដែលដៃទាំងពីររបស់នាងជាប់ខ្សែចំណងផងដែរ។ ចំណែកឯ កូនប្រុសនិងកូនស្រីរបស់នាងវិញ ស្លាប់បាត់បង់ជីវិតនៅកៅអីខាងក្រោយ។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ ជុំវិញនឹងករណីនេះដែរ បើតាមការឲ្យដឹងពីបងស្រីរបស់ស្រ្តីរងគ្រោះជាប្រពន្ធ បានប្រាប់កាសែតក្នុងស្រុកថា ប្តីប្រពន្ធមួយគូនេះ បានលែងលះគ្នាតាំងតែពីកំឡុងខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅមកម៉្លេះ។ ហើយពួកគេទាំងពីរក៏ធ្លាប់បានចុះកិច្ចព្រមព្រៀងគ្នាមួយ ដើម្បីឆ្លាស់វេនគ្នាយកកូនទាំងពីររបស់ពួកគេ ទៅមើលថែម្តងម្នាក់ក្នុងរយៈពេល៣ម្តង។ ពោលគឺមានន័យថា រាល់៣ខែម្តង ប្រពន្ធជាអ្នកមើលថែកូនទាំងពីរ លុះ៣ខែបន្ទាប់ ប្តីជាអ្នកមើលថែកូនទាំងពីរនាក់នោះវិញម្តង។

បងស្រីរបស់ Peng បានឲ្យដឹងទៀត ការលែងលះនេះ ក៏ព្រោះតែ Wu Meng-yu ជាប្អូនថ្លៃ ទាមទារចង់ឲ្យប្រពន្ធរបស់ខ្លួន ទៅវះកាត់ពង្រីកដើមទ្រូងឲ្យធំជាងមុនជាលើកទី២ ប៉ុន្តែត្រូវប្អូនស្រីនាងបដិសេធ។

គួរឲ្យដឹងផងដែរថា ស្រ្តីរងគ្រោះជាប្រពន្ធនាង Peng និងកូនៗទាំងពីររបស់នាង ត្រូវបានគេប្រទះឃើញជាលើកចុងក្រោយ តាមរយៈកាម៉េរាសុវត្ថិភាព ពេលដែលនាងកំពុងជិះម៉ូតូកូនទាទៅជួបនឹងលោក Meng ជាប្តី តាមការណាត់ជួប ដើម្បីពិភាក្សាគ្នាពីដំណើររឿង ក៏ដូចជាដំណោះស្រាយនៃការលែងលះគ្នា។

ជុំវិញនឹងករណីខាងលើនេះ ប៉ូលិសបានអះអាងបញ្ជាក់ថា ការធ្វើកោសល្យវិច័យលើសាកសពនឹងត្រូវពន្យាពេល រង់ចាំថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្អែកនេះ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

Peng និងកូនទាំងពីរនាក់
Peng និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]