បារាំង៖ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលរបស់ក្លិប Paris Saint-Germain កីឡាករ Neymar Jr និយាយថា រូបគេធ្លាប់ដេកយំ ២ថ្ងៃជាប់គ្នា បន្ទាប់ពីរងរបួសឆ្អឹងជើងផ្នែកខាងស្តាំកាលពីខែមករា កន្លងមកនេះ។

Neymar នឹងត្រូវសម្រាកព្យាបាលរបួសជើងរបស់គេ និងនៅក្រៅទីលានរហូតដល់ខែមេសា ខាងមុខ បន្ទាប់ពីប៉ះទង្គិចក្នុងជំនួបទល់នឹង Strasbourg។

គួរឱ្យដឹងថា នេះហាក់បីដូចជារឿងចៃដន្យមួយដែរ ចំពោះរបួសជើងនេះ ដែល Neymar ធ្លាប់រងរបួសត្រង់កន្លែងតែមួយកាលពីខែកុម្ភៈ ឆ្នាំមុន។

កីឡាករ Neymar ពេលរងរបួស

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Globo របស់ប្រេស៊ីល Neymar ប្រាប់ថា៖ “របួសលើកនេះ វាហាក់ដូចជាធ្ងន់ធ្ងរជាងមុនក្នុងការព្យាបាលឱ្យជាសះស្បើយ។ ពេលរបួសភ្លាមៗ ខ្ញុំបានដេកយំនៅផ្ទះ ២ថ្ងៃជាប់គ្នា។ កាលពីរបួសលើកទី១ ខ្ញុំមិនសូវពិបាកចិត្តទេ ព្រោះខ្ញុំដឹងថា ខ្ញុំនឹងត្រូវវះកាត់ហើយរបួសនឹងឆាប់ធូរស្រាល។”

កីឡាករ Neymar ពេលសម្ភាសន៍ជាមួយទូរទស្សន៍ Globo TV

គួរបញ្ជាក់ថា កាលពីឆ្នាំមុន Neymar ធ្លាប់រងរបួសកន្លែងដដែល នឹងត្រូវសម្រាកពីទីលានរយៈពេល ៣ខែដោយសារតែត្រូវវះកាត់។

ដោយឡែក សម្រាប់របួសលើកនេះ ក្រុមវេជ្ជបណ្ឌិតរបស់ PSG បានសម្រេចព្យាបាលដោយបច្ចេកទេស ដោយមិនតម្រូវឱ្យមានការវះកាត់ទៀតឡើយ។ ជាថ្មីម្តងទៀត ក្រុមគ្រូពេទ្យរបស់ Neymar បានបញ្ជាក់ថា រូបគេនឹងត្រូវសម្រាករយៈពេល ១០សប្តាហ៍ មុននឹងអាចត្រលប់មកកាន់វាលស្មៅសាជាថ្មីម្តងទៀត៕

កីឡាករ Neymar ពេលរងរបួស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]