រាជធានីភ្នំ​ពេញ៖ ស្ថាន​ទូត​ចក្រ​ភព​អង់គ្លេស​​ប្រចាំកម្ពុជា នឹង​រៀប​ចំ​ព្រឹត្តិការណ៍​ជាច្រើន​​នៅ​សប្តាហ៍នេះ ដើម្បី​ជា​ផ្នែក​មួយ​នៃ​​យុទ្ធនាការ​របស់​ខ្លួន​ឈ្មោះថា Education is GREAT ដោយ​មាន​គោល​បំណង​​​ក្នុង​ការ​ផ្សព្វ​ផ្សាយ​វិស័យ​អប​រំ​របស់​​ចក្រ​ភព​អង់គ្លេស ទៅកាន់​កម្ពុជា​។ យុទ្ធនាការ​​​​នេះ ​​ចាប់​ដំណើរ​ការនាសប្តាហ៍នេះ តាមរយៈកម្មវិធីតាំងបង្ហាញអំពីការអប់រំ​​​កម្រិត​ខ្ពស់មួយ ឈ្មោះ​ថា ពិព័រណ៍ការ​សិក្សា​ចក្រភព​អង់គ្លេស​២០១៩។

ពិព័រណ៍ការ​សិក្សា​ចក្រភព​អង់គ្លេស​២០១៩​នេះ នឹងមានការចូលរួមពីមន្ត្រីផ្នែកជ្រើសរើសសិស្សនិស្សិត​មកពីសាកលវិទ្យាល័យ២០កន្លែងមកពី​ប្រទេសអង់គ្លេស។ ពួកគាត់នឹងផ្ដល់ជូននូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងគ្រឹះស្ថានអប់រំរបស់ពួកគាត់ ក៏ដូចជាកម្មវិធីសិក្សាជាច្រើនប្រភេទផងដែរ។ លើសពីនេះ ពួកគាត់ក៏នឹងស្វាគមន៍ចំពោះរាល់សំណួរទាំងអស់​របស់សិស្សនិងអាណាព្យាបាលសិស្សផងដែរ។

កម្មវិធីតាំងបង្ហាញនេះ នឹងចុះធ្វើទស្សនៈកិច្ចនៅ​តាម​សា​លា​រៀន​មួយចំនួន​ក្នុង​រាជ​ធានីភ្នំ​ពេញ មុននឹងឈានដល់ការ​​រៀប​ចំពិព័រណ៍ការ​សិក្សា​ចក្រភព​អង់គ្លេស​២០១៩ នៅឯ​​​ផ្សារ​ទំនើបអ៊ី​ អន​១ ក្នុងបរិវេណ Daylight Plaza នា​ថ្ងៃ​ទី ​២០ កុម្ភៈ ចាប់ពី​ម៉ោង​៥:៣០ល្ងាចរហូតដល់ម៉ោង៨​:៣០នាទីយប់ ​ សម្រាប់ឱ្យសាធារណៈជនបានចូលទស្សនា។ អតីតនិស្សិតអាហាររូបករណ៍ Chevening ក៏នឹងចូលរួមក្នុងកម្មវិធីនាពេលល្ងាចនោះផងដែរ ដើម្បីជួបពិភាក្សាគ្នាជាមួយអ្នកដែលមានចំណាប់អារម្មណ៍ចង់ដាក់ពាក្យចូលរួមប្រលងអាហាររូបករណ៍ Chevening របស់រដ្ឋាភិបាលអង់គ្លេស។

យុទ្ធ​នា​ការ​ Education is GREAT

លោក​ស្រី ​ធីណា រែត​សរ (Tina Redshaw) ឯក​អគ្គ​រាជ​​ទូតអង់​គ្លេស បានមានប្រសាសន៍​ថា៖

“ការទៅសិក្សានៅប្រទេសអង់គ្លេស គឺស្មើនឹងការទទួលបានការសិក្សាលំដាប់ពិភពលោកនៅឯគ្រឹះស្ថានអប់រំ​ដ៏មានឈ្មោះបោះសំលេង។ ក្នុងចំណោមសាកលវិទ្យាល័យកំពូលទាំងដប់ក្នុងពិភពលោក មានសាកលវិទ្យាល័យកំពូលដល់ទៅបីឯណោះ​ដែលមានទីតាំងនៅប្រទេសអង់គ្លេស។ អង់គ្លេសជាប់ចំណាត់ថ្នាក់លេខពីរក្នុងពិភពលោកលើផ្នែកវិទ្យាសាស្ត្រនិងស្រាវជ្រាវ ហើយ៥៤ភាគរយនៃលទ្ធផលការងារដែលកើតចេញពីវិស័យទាំងពីរនេះ គឺសុទ្ធតែនាំមុខគេក្នុងពិភពលោក។ ការសិក្សានៅប្រទេសអង់គ្លេស ក៏ជួយពង្រីកឱកាសទទួលបានការងាររបស់​អ្នកទាំងអស់គ្នាផងដែរ។ លទ្ធផលស្ថិតិលំដាប់ពិភពលោកជាច្រើន បានបង្ហាញឱ្យឃើញជាបន្តបន្ទាប់ថា សញ្ញាប័ត្រពីប្រទេសអង់គ្លេស សុទ្ធតែទទួលបានការវាយតម្លៃខ្ពស់​នៅទូទាំងពិភពលោកទាំងមូលតែម្ដង។ អង់គ្លេស ស្ថិតក្នុងចំណោមប្រទេសកំពូលទាំងប្រាំលើពិភពលោក លើផ្នែកសហការរវាងក្រុមហ៊ុននិងសាកលវិទ្យាល័យ។ កត្តានេះជួយផ្ដល់ឱកាសកាន់តែខ្ពស់សម្រាប់ឱ្យ​និស្សិតដែលបញ្ចប់ការសិក្សាអាចទទួលបានការងារធ្វើ​និងឱកាសហាត់ការងារ ជាហេតុនាំឱ្យនិស្សិតនោះមានប្រៀបជាងនិស្សិតដទៃ​ នៅក្នុងទីផ្សារការងារ។”

​ស្ថាន​ទូត​​អង់គ្លេស ក៏​​នឹងចូលរួម​​ទិវា​វិស្វ​កម្មនិង​វិទ្យា​សាស្ត្រ​​​​​កម្ពុជាឆ្នាំ២០១៩នេះផងដែរ (CSEF2019) ចាប់​ពី​ថ្ងៃ​ទី​២១ ដល់​ ​២៣ កុម្ភៈ នៅ​ឯ​ពហុកីឡដ្ឋាន​ជាតិអូឡាំពិក ក្នុង​រាជ​ធានី​ភ្នំ​ពេញ។ ស្ថានទូតអង់គ្លេស គាំទ្រយ៉ាងខ្លាំងក្លាដល់ការអប់រំមុខវិជ្ជាស្ទែមនៅកម្ពុជា។ នាឆ្នាំនេះ ស្តង់របស់ស្ថានទូតអង់គ្លេស នឹងមានតាំងបង្ហាញស្ថាប័នមួយចំនួន ដែលកំពុងអនុវត្តគម្រោងបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅ​ប្រទេសកម្ពុជា។

អមជា​មួយ​នឹងការ​ផ្សព្វ​ផ្សាយ​ថាចក្រ​ភព​អង់គ្លេស គឺ​ជា​កន្លែងសិក្សាដ៏ពិសេសអស្ចារ្យសម្រាប់សិស្សនិស្សិតនេះ យុទ្ធ​នា​ការ​ Education is GREAT ក៏នឹងផ្តល់ជូន​សិស្សនិស្សិតនិង​អាណា​​ព្យា​បាល​របស់​ពួក​គាត់ នូវ​​​ព័ត៌​មាន​​ដ៏មាន​តម្លៃ​អំពីការ​ដាក់​ពាក្យចូលរៀននិងការសុំទិដ្ឋា​ការសំខាន់ៗ ការស្នើសុំប្រាក់កម្ចី សម្រាប់បង់ថ្លៃ​​​សិក្សា​របស់​​ពួក​គាត់ និង​​​ឱកាស​ទទួលបានការងារធ្វើ​នៅប្រទេស​អង់គ្លេស ដោយផ្ទាល់តែម្ដងសម្រាប់​និស្សិតទាំងឡាយ​ដែល​​​រៀនចប់​​។

សម្រាប់​ព័ត៌​មាន​បន្ថែម សូម​ចូល​ទៅកាន់​ទំ​ព័រ​ហ្វេសប៊ុករបស់ស្ថានទូត​អង់​គ្លេស​
តាម​រយៈអាសយដ្ឋាន៖ www.facebook.com/BritishEmbassyCambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]