រុស្សី៖ ប្រជាជនជាច្រើនរស់នៅក្នុងទីក្រុងចំនួន២ Kiselevsk និង Prokopyevsk ប្រទេសរុស្ស៊ី កំពុងតែកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង ជុំវិញនឹងករណីព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅដូចធ្យូង ដោយសារតែការបំពុលបរិស្ថាន (ឬបរិយាកាស) ធ្ងន់ធ្ងរ បណ្តាលឲ្យរងផលប៉ះពាលអាក្រក់ដល់ជីវិតមនុស្សសត្វ។

ព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅដូចធ្យូង

បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា បើគិតតាំងពីដើមសប្តាហ៍មុន រហូតមកទល់ពេលនេះ ប្រជាជនរុស្ស៊ីដែលរស់នៅក្នុងទីក្រុងចំនួន២ខាងលើនេះ បានបង្ហាញពីភាពលំបាកនៃការរស់នៅក្នុងតំបន់រ៉ែធ្យូងថ្ម និងព្រួយបារម្ភអំពីខ្យល់ដែលពួកគេដកដង្ហើមជារៀងរាល់ថ្ងៃ ដោយសារតែ ការបំពុលបរិស្ថានពីស្រទាប់ធូលីធ្យូងក្នុងបរិយាកាស ធ្វើឲ្យប៉ះពាលដល់ព្រិលធ្លាក់ ប្រែក្លាយទៅជាខ្មៅងងឹតដូចជាឋាននរក។

វីដេអូឃ្លីប និងរូបភាពជាច្រើនសន្លឹក ត្រូវបានប្រជាជនរុស្ស៊ីរស់នៅក្នុងតំបន់រងគ្រោះ ទាំង២ទីក្រុងនេះ បានបង្ហោះចែកចាយនៅលើបណ្តាញសង្គម ដើម្បីជាសារក៏ដូចជាការដាក់សម្ពាធមួយ ឲ្យអាជ្ញាធរក្នុងតំបន់ជួយចាត់វិធានការទប់ស្កាត់ និងប្រឆាំងនឹងរោងចក្រកែច្នៃធ្យូងថ្មដែលនៅជិតនោះ។ ប៉ុន្តែផ្ទុយទៅវិញ មន្រ្តីមូលដ្ឋានបានអះអាងថា វាគឺជាបញ្ហាដ៏ស្មុគស្មាញបំផុត។

ព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅដូចធ្យូង

មន្រ្តីក្នុងតំបន់បានឲ្យដឹងថា ដោយសារតែការអភិវឌ្ឍន៍បណ្តាញឧស្ម័នក្នុងតំបន់ រោងចក្រកែច្នៃ ការជះឥទ្ធិពលមួយចំនួនពីផ្ទះសំបែងប្រជាពលរដ្ឋ និងការធ្វើអាជីវកម្មផ្សេងៗក្នុងតំបន់ បូករួមទាំងការបំពុលពីផ្សែងរថយន្ត គឺជាចំណែកដ៏ធ្ងន់ធ្ងរបង្កឲ្យកើតមានការបំពុលបរិយាកាសដ៏អាក្រក់នេះ។

លោក Anatoly Volkov អគ្គនាយកនៃរោងចក្រផលិតធ្យូងថ្ម ក្បែរទីក្រុង Prokopyevsk ក៏បានលើកឡើងដែរថា ខាងក្រុមហ៊ុនរបស់លោកក៏បានប្រើប្រាស់ឧបករណ៍ការពារ (សន្ទះ ឬគម្របបិទជិត) ដើម្បីកាត់បន្ថយសមាសធាតុគ្រោះថ្នាក់ (ជះទៅលើអាកាស) ដល់ទីក្រុងផងដែរ។

ប៉ុន្តែបើទោះបីជាយ៉ាងណាក្តី គេពិបាកនឹងជឿជាក់ថា រោងចក្រនេះនឹងទទួលខុសត្រូវ ឬមិនទទួលខុសត្រូវ ចំពោះបញ្ហាដែលកំពុងតែកើតមាន ព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅនេះ ឬយ៉ាងណានោះទេ។ ខណៈដែលក្រុមភ្នាក់ងារបរិស្ថានរុស្ស៊ី ក៏ត្រូវបានគេបញ្ជូនទៅកាន់រោងចក្រកែច្នៃធ្យូងថ្មចំនួន២ក្នុងតំបន់ ដើម្បីធ្វើការពិនិត្យនិងស៊ើបអង្កេតថាតើ រោងចក្រទាំងនេះបញ្ចេញសមាសធាតុពុលហួសកម្រិតឬយ៉ាងណា។ ស្របពេលដែលមន្រ្តីមូលដ្ឋានក៏បានប្រកាសពីកិច្ចប្រជុំមួយ ជាមួយនឹងខាងក្រុមហ៊ុនរុករករ៉ែធ្យូង ដើម្បីធ្វើការពិភាក្សាអំពីបញ្ហាបរិស្ថាននេះផងដែរ។

ព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅដូចធ្យូង

គួរឲ្យដឹងផងដែរថា ប្រជាជនរស់នៅក្នុងតំបន់រងគ្រោះ បានធ្វើការរិះគន់រដ្ឋាភិបាលយ៉ាងខ្លាំង ចំពោះស្ថានភាពដ៏អាក្រក់នេះ ខណៈអ្នកខ្លះនិយាយថា នេះគឺពិតជាបាតុភូតដ៏ចម្លែក៕

ទស្សនាវីដេអូខាងក្រោម៖  

ព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅដូចធ្យូង
ព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅដូចធ្យូង
ព្រិលធ្លាក់ប្រែក្លាយទៅជាខ្មៅដូចធ្យូង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]