រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា បុរសវ័យចំណាស់ម្នាក់ដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីយោធា និងពាក់ស័ក្តិ៥លើស្មាបានចូលទៅក្នុងវត្តស្រះចកដើរសុំលុយពីព្រះសង្ឃតាមកុដិ បង្កអោយមានការភ្ញាក់ផ្អើលទៅដល់កម្លាំងប៉ូលិស និងកងរាជអាវុធហត្ថចុះមកធ្វើអន្តរាគមន៍។
ហេតុការណ៍ខាងលើបានកើតឡើងកាលវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងវត្តស្រះចក សង្កាត់ស្រះចក ខណ្ឌដូនពេញ។
បុរសម្នាក់ដែលពាក់ឯកសណ្ឋានយោធា និងពាក់ស័ក្តិ៥ខាងលើឈ្មោះ អ៊ុំ ណាត អាយុប្រមាណជាង៥០ឆ្នាំ អត្តលេខ២៣០៥៨១។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេឃើញបុរសវ័យចំណាស់ខាងលើនេះដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីយោធាយ៉ាងត្រឹមត្រូវ និងមានពាក់ស័ក្តិ៥លើស្មាផងនោះ តែមិនមានអ្នកណាម្នាក់បានដឹងថាគាត់មកពីទីណាឡើយ ហើយក៏បានដើរចូលមកក្នុងវត្តស្រះចក និងដើរសុំលុយពីព្រះសង្ឃគ្រប់កុដិក្នុងវត្ត។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា នៅពេលដែលមានបុរសម្នាក់ក្នុងឯកសណ្ឋានយោធាពាក់ស័ក្តិ៥ ដើរដុំលុយពីព្រះសង្ឃតាមកុដិក្នុងវត្តស្រះចកដូច្នេះ ធ្វើឱ្យមានការភ័យខ្លាច ហើយព្រះសង្ឃក៏បានរាយការណ៍ទៅកម្លាំងមានសមត្ថកិច្ចដើម្បីឱ្យជួយអន្តរាគមន៍។
ពេលនោះក៏មានទាំងកម្លាំងនគរបាល និងកងរាជអាវុធហត្ថខណ្ឌដូនពេញជាច្រើននាក់ចុះមកដល់រួចក៏ធ្វើការសួរនាំ ហើយបុរសដែលស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីយោធាពាក់ស័ក្តិ៥បាននិយាយក្នុងសភាពរវើរវាយហាក់បីដូចជាមនុស្សមានសតិមិនគ្រប់ ។ មិនតែប៉ណ្ណោះថែមទាំងសុំលុយពីមន្ត្រីនគរបាលប៉ុស្តិ៍ម្នាក់បានចំនួន៥ពាន់រៀល ទើបព្រមដើរចេញពីវត្តបាត់ទៅ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]