វៀតណាម៖ កាលពីជាង ៤៨ឆ្នាំមុន លោកតា Pham Ngoc Canh ជនជាតិវៀតណាម ត្រូវបានបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើង ដើម្បីធ្វើកម្មសិក្សានាសម័យសង្រ្គាមវៀតណាម ហើយក៏បានជួបជាមួយលោកយាយ Ri Yong Hui (ជនជាតិកូរ៉េខាងជើង)។

លោកតា Pham និងលោកយាយ Ri

គួររម្លឹកថា លោកតា Pham  ជានិស្សិតម្នាក់ក្នុងចំណោមនិសិ្សត ២០០នាក់ផ្សេងទៀត ដែលប្រទេសវៀតណាមបានបញ្ជូនទៅកាន់ប្រទេសកូរ៉េខាងជើងកាលពីឆ្នាំ១៩៦៧ ដើម្បីសិក្សាជំនាញបន្ថែមដើម្បីកសាងប្រទេសឡើងវិញ ក្រោយពេលសង្រ្គាមវៀតណាមជាមួយសហរដ្ឋអាមេរិកត្រូវបានបញ្ចប់។ នេះបើយោងតាមសារព័ត៌មាន Reuters បានចុះផ្សាយ។

រឿងរ៉ាវស្នេហាពួកគាត់បានចាប់ផ្តើម នៅពេលលោកតា Pham ដែលជាអតីតនិស្សិតផ្នែកវិស្វកម្មគីមី និងអាហារ បានឃើញលោកយាយ Ri នៅមន្ទីរពិសោធន៍។ ពួកគេឃើញគ្នាភ្លាមក៏ចាប់ចិត្តស្រលាញ់គ្នាភ្លែត។ បច្ចុប្បន្នលោកយាយ Ri មានអាយុ ៧០ឆ្នាំ បានប្រាប់អ្នកសារព័ត៌មានថា៖

«នៅពេលខ្ញុំបានឃើញគាត់ដំបូង ខ្ញុំមានអារម្មណ៍សោកសៅ ព្រោះខ្ញុំដឹងថាក្តីស្នេហ៍មួយនេះគឺមិនអាចមានផ្លូវនោះទេ។»

ប៉ុន្តែលោកតា Pham បានប្តេជ្ញាចិត្តថានឹងរៀបការជាមួយលោកយាយ Ri ឱ្យទាល់តែបាន។

បច្ចុប្បន្នលោកតាមានអាយុ ៦៩ឆ្នាំបានប្រាប់អ្នកសារព័ត៌មានថា៖

«នៅពេលនោះខ្ញុំបានគិតក្នុងចិត្តថា ខ្ញុំត្រូវរៀបការជាមួយស្រីម្នាក់នេះឱ្យទាល់តែបាន។»

លោកយាយ Ri បានបន្តថ្លែងទៀតថា៖

«នៅពេលឃើញគាត់ភ្លាម ខ្ញុំដឹងថាគាត់ជាមនុស្សដែលខ្ញុំស្រលាញ់ជាទីបំផុត។ ពេលនោះគាត់ពិតជាសង្ហាខ្លាំងណាស់  ហើយនៅពេលគាត់មករកខ្ញុំ បេះដូងរបស់ខ្ញុំពិតជាលោតខ្លាំងមែនទែន។» 

លោកតា Pham និងលោកយាយ Ri

ពួកគេត្រូវឆ្លងកាត់ឧបសគ្គស្នេហ៍ដ៏ខ្លាំងបំផុត។ នៅពេលនោះប្រទេសវៀតណាម និងប្រទេសកូរ៉េខាងជើង មិនអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយគ្នាជាដាច់ខាត។ តែច្បាប់ដ៏តឹងរឹងនេះមិនអាចបញ្ឈប់ក្តីស្នេហារបស់ពួកគេបានទេ។

ដើម្បីបានជួបមនុស្សស្រីដែលខ្លួនស្រលាញ់  លោកតា Pham បានបន្លំខ្លួនស្លៀកពាក់ធ្វើជាទាហានកូរ៉េខាងជើង ហើយត្រូវធ្វើដំណើរអស់ពេលជាង ៣ម៉ោងដើម្បីលួចទៅជួបលោកយាយ Ri។ លោកតាធ្វើបែបនេះជារៀងរាល់ខែ រហូតទាល់តែលោកតាត្រូវត្រលប់ទៅមាតុប្រទេសវិញនៅក្នុងឆ្នាំ ១៩៧៣។

៥ឆ្នាំកន្លងផុតទៅ លោកតា Pham មានឱកាសបានត្រលប់ទៅប្រទេសកូរ៉េខាងជើងម្តងទៀតនៅក្នុងឆ្នាំ ១៩៧៨។ ពេលនោះលោកតា Pham បានជួបនឹងលោកយាយ Ri ម្តងទៀត ប៉ុន្តែក្រោយមករឿងកាន់តែអាក្រក់ជាងមុនទៅទៀត ព្រោះពួកគេអាចនឹងមិនមានឱកាសបានជួបគ្នាទៀតទេ។

លោកតា Pham ពិតជាស្រលាញ់លោកយាយ Ri ខ្លាំងបំផុត ហើយលោកតាបានសរសេរសំបុត្រមួយក្នុងគោលបំណងចង់សុំអង្វរមេដឹកនាំកូរ៉េខាងជើង អនុញ្ញាតឱ្យលោកតារៀបការជាមួយនឹងលោកយាយ Ri ទៀតផង។ ប៉ុន្តែចុងក្រោយលោកតាបានសម្រេចចិត្តថាមិនបញ្ជូនសំបុត្រទេ  ផ្ទុយមកវិញបានសុំឱ្យលោកយាយ Ri រង់ចាំលោកតាសិន។

លោកតា Pham និងលោកយាយ Ri

លោកយាយ Ri ពិតជាមានការសោកសៅជាខ្លាំង សូម្បីម្តាយលោកយាយក៏ដឹងថាលោកយាយ Ri ពិតជានឹកលោកតា Pham ខ្លាំងបំផុត។

លោកយាយបានបន្តនិយាយទៀតថា៖

«ម្តាយខ្ញុំយំនៅពេលដែលបារម្ភអំពីខ្ញុំ។ គាត់ដឹងថា ខ្ញុំពិតជានឹកបង Pham ជាខ្លាំង។»

ក្រោយពីភ្លើងសង្រ្គាមបានរលត់អស់រយៈពេលជាច្រើនឆ្នាំផុតទៅ លោកតា Pham បានត្រលប់ទៅប្រទេសកូរ៉េខាងជើងម្តងទៀតក្នុងនាមជាអ្នកបកប្រែសម្រាប់គណៈប្រតិភូកីឡាវៀតណាម តែលោកតាមិនអាចជួបនឹងលោកយាយ Ri បានទៀតទេ។  ក្រោយពីត្រលប់ទៅទីក្រុងហាណូយវិញ លោកតាបានរកឃើញសំបុត្រដែលលោកយាយ Ri ផ្ញើឱ្យលោកតា ដោយរៀបរាប់ថាលោកយាយនៅតែស្រលាញ់លោកតា និងនឹកលោកតាគ្រប់ពេលវេលា។

ក្រោយមកនៅចុងឆ្នាំ១៩៩០ នៅពេលប្រទេសកូរ៉េខាងជើងជួបគ្រោះទុរ្ភិក្សយ៉ាងធ្ងន់ធ្ងរ លោកតា Pham បានរៃអង្គាសអង្ករចំនួន ៧តោនជូនកូរ៉េខាងជើង។

សំណាងល្អ កូរ៉េខាងជើងបានឮដំណឹងល្អមួយនេះ ក៏នៅទីបំផុតអនុញ្ញាតឱ្យពួកគេបានជួបជុំគ្នា។ លើសពីនេះទៅទៀត កូរ៉េខាងជើងបានអនុញ្ញាតឱ្យពួកគេរៀបការជាមួយគ្នា និងរួមរស់ជាមួយគ្នានៅក្រៅប្រទេសទៀត ដរាបណាលោកយាយ Ri នៅតែរក្សាសញ្ជាតិកូរ៉េខាងជើង។

លោកតា Pham និងលោកយាយ Ri

នៅទីបំផុតលោកតា Pham និងលោកយាយ Ri បានរៀបការជាមួយគ្នាក្នុងឆ្នាំ ២០០២ នៅស្ថានទូតវៀតណាម ប្រចាំទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។ ហើយបច្ចុប្បន្នពួកគាត់រួមរស់ជាមួយគ្នានៅក្នុងផ្ទះមួយកន្លែងក្នុងទីក្រុងហាណូយ។

រឿងរ៉ាវស្នេហាមួយនេះឆ្លុះបញ្ចាំងឱ្យយើងឃើញថា ក្តីស្នេហាពិតគឺធំធេង មិនអាចកាត់ថ្លៃបាន និងជម្នះឧបសគ្គបានគ្រប់យ៉ាង៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]