ចិន៖ មហាសេដ្ឋីជនជាតិចិនម្នាក់ ទទួលបានការគោរពនិងសរសើរយ៉ាងខ្លាំង ចំពោះទឹកចិត្តដ៏ប្រពៃ ចំណាយលុយអស់ជិត ២លានដុល្លារ ដើម្បីរៀបចំកម្មវិធីជួបជុំ និងចែកជូនអំណោយជាលុយដល់ចាស់ៗក្នុងស្រុកភូមិ ហើយថែមទៀត Free (ឥតគិតលុយ) ឲ្យជិះឧទ្ធម្ភាគចក្រទៀត។

មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ

លោក Zheng Daqing មានអាយុ ៦០ឆ្នាំ ត្រូវបានគេស្គាល់ថា គឺជាប្រធានក្រុមហ៊ុន Xinjiang Tiandi Group កាលពីថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ បានជិះឧទ្ធម្ភាគចក្រទៅស្រុកកំណើតនៅឯ Dingziqiao ខេត្តស៊ីឈួន (Sichuan) និងបានចំណាយពេលអស់ជាច្រើនថ្ងៃ ដើម្បីជួបជុំនិងនាំយកអំណោយទៅចែកជូនដល់ចាស់ៗក្នុងភូមិ ដែលមានវ័យខ្ទង់៥០ឆ្នាំឡើង ក្នុងឱកាសអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ

បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឲ្យដឹងថា លោក Zheng ដែលត្រូវបានគេស្គាល់ថា ជាមហាសេដ្ឋីដ៏សប្បុរសមួយរូប ក្នុងចំណោមមហាសេដ្ឋីជាច្រើនផ្សេងទៀតក្នុងប្រទេសចិននេះ បានចំណាយលុយអស់ប្រមាណខ្ទង់ ១២លានយ័ន (ឬប្រហែល ១លាន៧សែនដុល្លារអាមេរិក) ដោយនៅក្នុងនោះ ទឹកប្រាក់ចំនួន ៩លានយ័ន (ប្រហែល ១លាន៣សែនដុល្លារអាមេរិក) ជាការចំណាយរៀបចំកម្មវិធី និងជាអំណោយចែកជូនអ្នកភូមិចាស់ៗ ខណៈទឹកប្រាក់ ៣លានយ័នផ្សេងទៀត (ប្រហែលជាង ៤សែន៤ម៉ឺនដុល្លារអាមេរិក) ចំណាយទៅលើការទិញអំណោយចែកជូនដល់ចាស់ៗដូចគ្នា ដែលរួមមានដូចជា ម៉ាស៊ីនត្រជាក់ ទូទឹកក ទូរទស្សន៍ និងគ្រឿងអគ្គិសនីផ្ទះបាយជាច្រើនផ្សេងទៀតផងដែរ។

មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ

បន្ថែមលើពីនេះ អ្វីដែលរឹតតែពិសេសទៀតនោះ លោក Zheng ថែមទាំងឲ្យអ្នកភូមិដែលមានវ័យចំណាស់ (ខ្ទង់៦០ឆ្នាំ) ជិះឧទ្ធម្ភាគចក្រលេងកម្សាន្តមើលទិដ្ឋភាពក្នុងតំបន់ក្រុង ពីលើអាកាសថែមទៀតផង។ ប៉ុន្តែសម្រាប់ការផ្តល់ជូនដោយឥតគិតថ្លៃនេះ ក៏តម្រូវឲ្យអ្នកភូមិវ័យចំណាស់ៗទាំងនោះ ធ្វើតេស្តសុខភាពជាមុន ដើម្បីចៀសវាងបញ្ហាណាមួយដែលនឹងអាចកើតឡើងផងដែរ។

លោក Zheng បាននិយាយថា ថ្វីត្បិតតែក្នុងពេលបច្ចុប្បន្ននេះ ការជិះឧទ្ធម្ភាគចក្រ ឬយន្តហោះ គឺជារឿងធម្មតា ប៉ុន្តែសម្រាប់អ្នកភូមិចាស់ៗជាច្រើនរបស់លោក ពុំដែលបានជិះ ហើយក៏ពុំដែលបានឃើញទិដ្ឋភាពពីលើអាកាសថាវាអស្ចារ្យយ៉ាងណានោះទេ។ ដូច្នេះវាពិតជាគួរឲ្យសោកស្តាយខ្លាំងណាស់ ប្រសិនបើយើងមិនផ្តល់ឱកាសឲ្យពួកគាត់បានជិះវា។

មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ

ជាក់ស្តែង តាមរយៈវីដេអូឃ្លីប គេឃើញអ្នកភូមិដែលមានវ័យចំណាស់ៗជាច្រើន ទឹកមុខហាក់ពោរពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង សើច ញញឹមបិទមាត់មិនជិត ពេលបានជិះឧទ្ធម្ភាគចក្រលេងកម្សាន្តបែបនេះ។ ឈុតផ្សេងទៀតក្នុងវីដេអូឃ្លីប គេក៏ឃើញលោក Zheng បានកាន់លុយទាំងដុំៗដែលមានចងខ្សែពណ៌ក្រហម លើកជូនជាអំណោយឆ្នាំថ្មី នៅក្នុងកម្មវិធីជប់លៀង១០០តុ ជាមួយនឹងចាស់ៗក្នុងភូមិរបស់លោកផងដែរ។

អ្នកភូមិនិយាយថា ថ្វីបើលោក Zheng ក្លាយជាអ្នកមាន មហាសេដ្ឋីប្រាក់វាល់លានក្តី ប៉ុន្តែលោកនៅតែជាបុគ្គលដ៏ល្អ និងមានទឹកចិត្តដ៏សប្បុរសបំផុត មិនដែលភ្លេចមិត្តភក្តិកំសត់កម្រ ក៏ដូចជាចាស់ៗនៅក្នុងស្រុកភូមិរបស់លោកនោះឡើយ។

មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ

គួរឲ្យដឹងផងដែរថា លោក Zheng មានប្រវត្តិកើតនៅក្នុងត្រកូលគ្រួសារក្រីក្រ ក្នុងស្រុក Dingziqiao ក្នុងឆ្នាំ១៩៥៩។ លោកបានចូលបម្រើក្នុងជួរកងទ័ពក្នុងឆ្នាំ១៩៧៧។ ក្រោយមកក៏បានត្រលប់មកផ្ទះវិញធ្វើជាកសិករ មុនពេលចាកចេញពីស្រុកកំណើត ទៅទីក្រុង Urumqi តំបន់ស្វយ័ត Xinjiang ដើម្បីសាងជីវិតចាប់ផ្តើមធ្វើអាជីវកម្មក្នុងឆ្នាំ១៩៨៥ រហូតទទួលបានជោគជ័យដល់ពេលបច្ចុប្បន្ន ជាប្រធាននៃក្រុមហ៊ុន Xinjiang Tiandi Group ។

ក្នុងឆ្នាំ២០០៥ លោក Zheng ធ្លាប់បានជាប់ចំណាត់ថ្នាក់ទី១៤៦ ក្នុងចំណោមបញ្ជីមហាសេដ្ឋីចិន ៤០០នាក់ នៅលើទំព័រទស្សនាវដ្ដី Forbes ដែលរូបលោកត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិខ្ទង់ ១៥៤លានដុល្លារអាមេរិក។

សម្រង់សម្ដីរបស់លោក Zheng ធ្លាប់ថ្លែងកាលពីពេលកន្លងទៅថា «បន្ទាប់ពីភាពជោគជ័យរបស់ក្រុមហ៊ុនខ្ញុំ រឿងដំបូងក្នុងដួងចិត្តរបស់ខ្ញុំដែលនឹងត្រូវធ្វើ គឺជាការតបស្នង (ឬជួយ) ដល់ប្រទេសជាតិ និងការតបស្នងដល់ស្រុកកំណើតរបស់ខ្ញុំ» ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ
មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ
មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ
មហាសេដ្ឋីចិនចែកអំណោយដល់ចាស់ៗ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]