ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ម្នាក់​អះអាង​ថា ប្តី​នាង​លួច​រៀប​ការ​ជាមួយ​ប្រពន្ធ​ថ្មី ថែម​ទាំង​ធ្វើ​ពិធី​កាត់​ចំណង​ដៃ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត នា​រសៀល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ប៉ុន្តែ​នាង​មិន​រករឿង​ទេ តាម​រក​សុំ​ត្រឹមតែ​យក​មេដៃ​ដើម្បី​បញ្ចប់​បញ្ហា​តែ​ប៉ុណ្ណោះ។

ករណី​នេះ​កើតឡើង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ស្ថិត​ក្នុងភូមិ​និង​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​នាង និង​សាច់ញាតិ​បាន​ទៅ​កាន់​ទីនោះ ដើម្បី​ទាមទារ​រក​យុត្តិធម៌​។ ស្ត្រី​ខាងលើ​មក​ពី​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម អាយុ​២៣​ឆ្នាំ​។

តាម​ស្ត្រី​ខាងលើ​រៀបរាប់​ថា កាល​មុន​ឆ្នាំ​២០១៧ នាង​ទៅ​ធ្វើការ​ជា​កម្មករ​រោងចក្រ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​ស្គាល់​បុរស​ម្នាក់​ឈ្មោះ វៀង វិចិត្រ រស់នៅ​ភូមិ​អូរ​ញ៉ូ ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល និង​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ជាមួយ​គ្នា​។ លុះ​ក្រោយមក​បុរស​ខាងលើ​តាម​សុំ​ស្នេហ៍​នាង និង​ឱ្យ​ឱ​ពុក​ម្តាយ​របស់​គេ​ទៅ​ចូល​ស្តីដណ្តឹង​នាង​ដល់​ម៉ែ​ឱ​ពេញ​មុខ ហើយ​រៀប​ការ​នៅ​ក្នុង​ខែមេសា ឆ្នាំ​២០១៧ នៅ​គេហដ្ឋាន​របស់​នាង​ក្នុង​ខេត្តកំពង់ចាម​។

នាង​បន្ត​ថា ក្រោយ​ពី​រស់នៅ​ជាមួយ​គ្នា​មួយ​រយៈ​បុរស​ជា​ប្តីដោយសារ​ពាក់ព័ន្ធ​នឹង​ប្រាក់​បំណុល​ធនាគារ 2000$​ និង​យក​ម៉ូតូ​ម៉ាក​សង់​ស៊េរី​ឆ្នាំ​2016 របស់​ម្តាយ​នាង​ទៅ​ដាក់បញ្ចាំ​គេ​ផង ក៏​សុំ​នាង​ចេញ​ទៅ​រកស៊ី​ដើម្បី​រក​ប្រាក់​ដោះ​ការ​ជំពាក់​គេ។ ក្រោយ​ចាក​ចេញពីផ្ទះ​ជិត​១​ឆ្នាំ ប្តី​នាង​មិន​ដែល​ទាក់ទង​ប្រាប់​ពី​ទីកន្លែង​រស់នៅ ឬ​សួរសុខទុក្ខ​នាង​ឡើយ​។ មិនតែប៉ុណ្ណោះ​ទុក​ឱ្យ​នាង​ដោះបំណុល​គេ​ជុំ​កោះ​ថែម​ទៀត ទីបំផុត​នាង​​ទទួល​ព័ត៌មាន​ស្ទើរ​ចុក​ឈាម​ថា ប្តី​នាង​​រៀប​ការ​ជាមួយ​ប្រពន្ធ​ថ្មី​បាត់​ទៅ​ហើយ​នៅផ្ទះ​របស់​គេ (​ខាង​ប្រុស​) ក្នុងភូមិ​អូរ​ញ៉ូ ឃុំ​បឹង​ព្រីង​ស្រុក​ថ្មគោល ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៨ កុម្ភៈ​កន្លង​ទៅ​ថ្មី​នេះ ដោយ​នាង​ទទួល​បាន​ទាំង​រូបថត​អាពាហ៍ពិពាហ៍​ជាមួយ​ស្រី​ថ្មី​នេះ​ទៀត​ផង​។

នាង​ថា កន្លង​មក​តែងតែ​ទាក់ទង​សួរ​ម្តាយក្មេក​រក​ប្តី តែ​គាត់​កុហក​ថា ប្តី​នាង​រវល់​ទៅ​រកស៊ី បើ​បាន​លុយ​វា​ទៅ​ស្រុក​ហើយ ដឹង​អី​ឲ្យ​កូន​រៀប​ការ​ទៀត​។ ហើយ​នាង​ចុង​ដែល​ប្តី​នាង​ទៅ​លួច​រៀប​ការ​ជាមួយក៏​ធ្លាប់​ធ្វើ​ការ​ជុំ​គ្នា​ទៀត ហើយ​នាង​ថែម​ទាំង​ធ្លាប់​ប្រាប់​តាម​ទូរស័ព្ទ​ថា នាង​និង​ប្តី​មិន​ទាន់​លែងលះ​គ្នា​ទេ​។ ដោយ​មាន​ព័ត៌មាន​ថា ​ប្តី​លួច​ធ្វើ​ពិធី​កាត់​ចំណងដៃ​នៅ​ថ្ងៃនេះ​17/2/2019 ព្រមទាំង​មាន​លិខិត​អញ្ជើញ​ភ្ញៀវ​ឡើង​តុ​ផង នាង​ក៏​សម្រេចចិត្ត​នាំ​សាច់ញាតិ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​ផ្សារ​កណ្តាល ឱ្យ​ជួយ​រក​យុ​ត្តិ​ធ​ម៍​។

នគរបាល​ប៉ុស្តិ៍​បាន​ទៅ​ហៅ​បុរស​ខាងលើ​ឱ្យ​ជួប​ជាមួយ​នាង​ដើម​ដោយ​ផ្ទាល់ ប៉ុន្តែ​មិន​បាន​ធ្វើ​ពាក្យបណ្តឹង​អ្វី​នោះ​ទេ ព្រោះ​នាង​ជា​ប្រពន្ធដើម​និយាយ​ថា ចង់បាន​ត្រឹមតែ​ការ​ផ្តិត​មេដៃ​ពី​ប្តី​ដើម្បី​នាង​មាន​សិទ្ធិ​រៀប​ការ​ជាមួយ​បុរស​ផ្សេង​ទៀត​ដូច​គ្នា​នា​ពេល​អនាគត​។ ខណៈនោះ​បុរស​ខាងលើ​ទៅ​ដល់​ប៉ុស្តិ៍​រដ្ឋបាល​ដំបូង​មិន​ហា៑ន​តបត​អ្វីមួយ​ម៉ាត់​ពី​នាង​ប្រពន្ធដើម​ឡើយ បើ​ទោះជា​នាង​ដើម​ព្រលះ​ដោយ​ពាក្យ​សំដី​ធ្ងន់​យ៉ាងណា​ក៏​ដោយ ។ ក្រោយ​ពី​ព្រម​ឯកភាព​ថា នឹង​ទៅ​ផ្តិត​មេដៃ​លែងលះ​នៅ​ឯ​ឃុំ​ស្រុក (​ខាង​ប្រពន្ធដើម​) ដែល​បាន​ប្រកាស​ច្បាប់​អាពាហ៍ពិពាហ៍ ហើយ​បុរស​ខាងលើ​ឡើង​ជិះ​ម៉ូតូ​ចេញ​ទៅ​វិញ​ភ្លាម សូ​ម្បី​តែ​សួរនាំ​ថា កំពុង​ធ្វើ​កម្មវិធី​អ្វី​ក៏​មិន​ឆ្លើយ​តប​ដែរ​។

គួរ​បញ្ជាក់​ថា ពិធី​កាត់​ចំណងដៃ​នេះ​សមត្ថកិច្ច​ប្រាប់​ថា មិន​មាន​លើក​រោង​ទេ ត្រឹម​រៀបចំ​តុ​ធ្វើ​ជា​ពិធី​សាមញ្ញ​តែ​ប៉ុណ្ណោះ​។ នាង​ប្រពន្ធដើម​អះអាង​មុខ​សមត្ថកិច្ច​ថា បើ​បុរស​ខាងលើ​មិន​ចូលខ្លួន​ទៅ​ផ្តិត​មេដៃ​បញ្ចប់​បញ្ហា​តាម​ការ​សន្យា​ចំពោះ​មុខ​សមត្ថកិច្ច​ទេ នាង​នឹង​ដាក់​ពាក្យបណ្តឹង​តាម​ផ្លូវច្បាប់​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]