រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​៦​នាក់ ពាក់ព័ន្ធ​នឹង​អំពើ​ឆក់​ទូរស័ព្ទ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ខុសច្បាប់ ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​ទី​១ ធ្វើការ​បង្ក្រាប​បាន​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​១ ខណ្ឌ​មាន​ជ័យ កាលពី​ម៉ោង​៤​និង​៣០​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ទាំង​៦​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន ក្នុង​នោះ​៥​នាក់​ជា​ជន​ប្រមូលផ្តុំ​គ្នា​ពពាក់ពពូន​ប្រើប្រាស់​ថ្នាំ​ញៀន និង​ម្នាក់​ទៀត​ជា​ជន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​អ្នកដំណើរ មានឈ្មោះ ថេ​ន វណ្ណ​ថន អាយុ​១៦​ឆ្នាំ ស្នាក់​នៅ​ក្បែរ​តំបន់​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ម៉ោង​២​និង​៣០​នាទី​ទាប​ភ្លឺ​ថ្ងៃ​ដដែល​ខាងលើ ក្រុម​ជន​ខាងលើ​មាន​គ្នា​ជាង​១០​នាក់​អង្គុយ​ពពាក់ពពូន​គ្នា​នៅ​ក្រោម​ស្ពាន (​ចំណុច​កើតហេតុ ) និង​ដើរទៅ​វិញ​ទៅ​មក​យ៉ាង​ប្រសាច ។ លុះដល់​ម៉ោង​កើតហេតុ មាន​ជន​រង​គ្រោះ​គ្នា​៤​នាក់ ប្រុស​ម្នាក់​ជា​អ្នក​ឌុ​ប និង​ស្រី​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​ដែល​ក្រុម​ជនសង្ស័យ​កំពុង​ឈរ​ពពាក់ពពូន​គ្នា​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​ជនសង្ស័យ​ម្នាក់រ​ត់ទៅ​បុក​ជន​ម៉ូតូ​ជន​រង​គ្រោះ​ធ្វើ​ឱ្យ​នារី​រង​គ្រោះ​ម្នាក់​កំពុង​អង្គុយ​លើ​ម៉ូតូ​កាន់​ទូរស័ព្ទ​ចុច ត្រូវ​ធ្លាក់​ទូរស័ព្ទ​ចុះ​ពី​ដៃ ហើយ​ពេល​នោះ​ក្រុម​ជនសង្ស័យ​ម្នាក់​ទៀត​រត់​មក​ស្រវា​ទៅ​យក​ទូរស័ព្ទ​ដែល​ជ្រុះ​នោះ រួច​នាំ​គ្នា​រត់គេច​បាត់​ស្រមោល​សូន្យ​ពី​កន្លែង​កើតហេតុ​អស់ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នោះ ជន​រង​គ្រោះ​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​មូល​ដ្ឋាន ដើម្បី​សុំ​កិច្ច​អន្តរាគមន៍ ។ បន្ទាប់​ពី​ទទួល​ពាក្យបណ្តឹង​ហើយ កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិ​ការដ្ឋាន​នគរបាល​ខណ្ឌ និង​នគរបាល​ប៉ុស្តិ៍​សហការ​គ្នា​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជន​សង្ស័យ​៦​នាក់ ដើម្បី​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល ខណៈ​ជនសង្ស័យ​ជា​ច្រើន​នាក់​ទៀត​រត់គេច​ខ្លួន​អស់ ។

ក្រោយ​ការ​សួរនាំ​រួច​មក ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​៦​នាក់ ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ចូលរួម​ក្នុង​សកម្មភាព​ឆក់​ប្រាកដ​មែន ដោយ​ខ្លួន​ជា​អ្នករ​ត់ទៅ​រើស​ពេល​ទូរស័ព្ទ​ជ្រុះ ។ ដោយឡែក​៥​នាក់​ផ្សេង​ទៀត គឺ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ឡើយ គឺ​ពួក​គេ​សុទ្ធតែ​ជា​ជន​ប្រើប្រាស់​ថ្នាំ​ញៀន​ប៉ុណ្ណោះ ។ យ៉ាង​ណាមិញ បច្ចុប្បន្ន​ជន​ទាំង​៦​នាក់ ត្រូវ​ប​ញ្ចូ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់​នៅ​ពេល​ក្រោយ ។

នាយ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ​ទី​១ លោក​ម៉ៅ សា​វឿ​ន បញ្ជាក់​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា ករណី​ខាងលើ​នេះ ជនសង្ស័យ​មិនមែន​មាន​តែ​ម្នាក់ឯង​នោះ​ទេ គឺ​ក្រុម​នោះ​មាន​គ្នា​ច្រើន​ដោយ​ពពាក់ពពូន​គ្នា​អង្គុយ​លេង​ដូច​ធម្មតា លុះ​មានឱកាស​ល្អ​មក​ដល់ ពួក​គេ​ក៏​ធ្វើ​សកម្មភាព​តែ​ម្តង​ទៅ ។ លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​កម្លាំង​នគរបាល​ឃាត់​បាន​តែ​ម្នាក់​ប៉ុណ្ណោះ​ដែល​ជា​ល្មើស ដោយឡែក​បក្សពួក​ផ្សេង​ៗ​ទៀត​កំពុង​រត់គេច​ខ្លួន​នោះ កម្លាំង​ជំនាញ​បាន​កំណត់​មុខសញ្ញា​បាន​អស់ហើយ​ដែរ បច្ចុប្បន្ន​គឺ​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ។ ចំពោះ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ គឺ​ពុំ​ទាន់​យក​បាន​មក​វិញ​ឡើយ ពោល​គឺ​បក្សពួក​របស់​ក្រុម​ជនសង្ស័យ​ដែល​រត់គេច​ខ្លួន​នោះ ជា​អ្នក​យក​ទៅ​ជាមួយ ។

គួរ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ គឺ​ពុំ​មែន​ជា​លើក​ទី​មួយ​នោះ​ឡើយ ពោល​គឺ​តែង​កើត​មាន​ជា​រឿយ​ៗ​នៅ​ចំណុច​ខាងលើ​នេះ ដែល​ក្រុម​ក្មេង​ៗ​ប្រើប្រាស់​ថ្នាំ​ញៀន​ជា​ច្រើន តែង​នាំ​គ្នា​ទៅ​ឈរ​ពពាក់ពពូន​គ្នា​យ៉ាង​ច្រើន លុះ​មាន​អ្នកដំណើរ​ជិះ​ឆ្លងកាត់​ឃើញ​ឱកាសល្អ ក្រុម​ជនសង្ស័យ​ទាំងនោះ ក៏​នាំ​គ្នា​ធ្វើ​សកម្មភាព​តែ​ម្តង ដូច​ជា​ឆក់​ទ្រព្យសម្បត្តិ ឬ​វាយ​ប្លន់​យក​ម៉ូតូ​ជាដើម ។

ពលរដ្ឋ​ទូទៅ​ស្នើ​ដល់​សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់ មេត្តា​ពង្រាយ​កម្លាំង​ល្បាត​ពួន​ស្ទាក់​នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ខាងលើ​នេះ ឱ្យ​បាន​តឹង​រឹង​បំផុត ឬ​ប្រសិនជា​អាច​គួរ​មាន​កម្លាំង​នគរបាល​សម្រាប់​ប្រចាំការ​នៅ​ទីនោះ​ផង​ដែរ ដើម្បី​ធានា​នូវ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ពលរដ្ឋ​អ្នកដំណើរ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​នោះ​ផង​ដែរ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]