រាជធានី​ភ្នំពេញ ៖ គូ​ដណ្តឹង​មួយគូ​ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយ ឆ្លៀតឱកាស​ឌុ​ប​គ្នា​ដើរ​លេង ស្រាប់តែ​ត្រូវ​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ដែល​កាន់​នៅ​នឹង​ដៃ​បាន​សម្រេច​ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់ បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​រង​របួស​រលាត់​ដៃជើង​យ៉ាងដំណំ​។

ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​ម៉ោង​១០​យប់​ថ្ងៃ​ទី​១៦ កុម្ភៈ ឆ្នាំ​២០១៩ នៅ​លើ​កំណាត់​ផ្លូវ​សហព័ន្ធ​រុ​ស្សី ស្ថិត​ក្នុងភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជន​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ ម្នាក់​ឈ្មោះ នួន រ័​ត្ន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​កសិករ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ុន កូ​ឡ​ន ភេទ​ស្រី អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជា​គូ​ដណ្តឹង​នឹង​គ្នា ស្នាក់​នៅ​ភូមិ​តា​សេក សង្កាត់​កំ​បូល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ប្រភព​ពី​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំង​២​នាក់​ជា​គូ​ដណ្តឹង​នឹង​គ្នា ហើយនឹង​ចូល​រោងការ​នៅ​ចុងខែ​នេះ​ផង​ដែរ ដោយ​នឹកឃើញ​ថា​ជិត​ដល់​ថ្ងៃ​រៀប​ការ​ទៅ​ហើយ ក៏​ឆ្លៀតឱកាស​ជិះ​ម៉ូតូឌុប​គ្នា​ដើរ​លេង ដើម្បី​សាង​អនុស្សាវរីយ៍ លុះ​ក្រោយ​ពី​ដើរ​លេង​រួច​ហើយ ក៍​ឌុ​ប​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហ្សូ​មើរ ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ស្វាយ​រៀង​១K-០៩៥២ ធ្វើ​ដំណើរ​តាម​ផ្លូវ​សហព័ន្ធ​

រុ​ស្សី​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​។

លុះ​មក​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ មក​ពីក្រោយ​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​ពណ៌​ខ្មៅ​ដែល​កាន់​ជាប់ដៃ​បាន​សម្រេច ពេល​នោះ​ធ្វើ​អោយ​ម៉ូតូ​របស់​ពួក​គាត់​ដួល បណ្តាល​អោយ​រង​របួស​ទាំង​២​នាក់​យ៉ាងដំណំ​តែ​ម្តង​។

ជន​រង​គ្រោះ​បាន​បញ្ជាក់​ថា នៅ​ក្នុង​កាបូប​ពណ៌​ខ្មៅ​មួយ​ដែល​ជនសង្ស័យ​យក​ទៅ​បាត់​នោះ​មាន​លុយ​ចំនួន​២៥​ម៉ឺន​រៀល លុយ​ដុល្លា​ចំនួន​២​ដុល្លារ​ អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​មួយ​សន្លឹក និង​បង្កាត់​ដៃ​មួយ​ចំនួន​ទៀត ។

ក្រោយ​កើតហេតុ ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ត្រឹម​ឌុប​គ្នា​ទៅ​ប្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​៣​ឲ្យ​ជួយ​ស្រាវជ្រាវ​តាមរកជនសង្ស័យ​​ ទាំង​ខ្លួន​កំពុង​មាន​របួស​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]