(ភ្នំពេញ)៖ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនមុខសញ្ញាចោរលួចទ្រព្យសម្បត្តិម្នាក់ ខណៈម្នាក់ទៀតកំពុងរត់គេចខ្លួន ក្រោយពីពួកគេ បន្លំចូលទៅប្ដូរលុយ និងទិញស្រាបៀក្នុងទីតាំង «ទ្រូម៉ាន់នី» ហើយធ្វើសកម្មភាពលួចលុយបានជាង៣០ម៉ឺនរៀល ត្រូវម្ចាស់ឃើញទាន់ស្រែកឡើង​ផ្អើលអ្នកក្បែរខាង។

អធិការនគរបាលខណ្ឌឬស្សីកែវ លោកវរសេនីយ៍ទោ គល់ យី បានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរលួចលុយម្នាក់ ក្នុងចំណោមបក្ខពួក២នាក់នេះ គឺនៅរសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងចំណុចផ្ទះលេខ២៤៦A ផ្លូវ៥៩៨ ក្រុមទី៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកអធិការខណ្ឌឬស្សីកែវ បានបន្ថែមថា ជនសង្ស័យដែលឃាត់ខ្លួន បានក្រោយបន្លំចូលទៅប្ដូរលុយ និងទិញស្រាបៀ ដើម្បីលួចលុយក្នុងទីតាំង «ទ្រូម៉ាន់នី» ឈ្មោះ សុខ បុត្រ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ​និងទីលំនៅមិនពិតប្រាកដ និងម្នាក់ទៀត​ឈ្មោះ រិទ្ធ អាយុប្រហែល៣៥ឆ្នាំ ជាម្ចាស់ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៥ កំពុងរត់គេចខ្លួន។ ឯជនរងគ្រោះឈ្មោះ ប៉ាន់ ត្រៀក ភេទប្រុស អាយុ៥៦ឆ្នាំ មុខរបរលក់ដូរ ស្នាក់ផ្ទះកើតហេតុ។

លោកវរសេនីយ៍ទោ គល់ យី ​បានបញ្ជាក់ថា បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរតាមជំនាញប៉ុន្មានម៉ោងក្រោយមក តាមបណ្ដឹងរបស់​ម្ចាស់ទីតាំងប្ដូរលុយ គេបានឆ្លើយសារភាពថា ពីមុនមកធ្លាប់លួចទូរស័ព្ទ១គ្រឿង ម៉ាកសាំសុង​បានសម្រេច តែលើកនេះ​មកបន្លំធ្វើជាប្ដូរលុយ៥០ដុល្លារ និងទិញស្រាបៀរចំនួនមួយកេស ​ពន្យាពេលធ្វើជាឲ្យប្រាក់មិនគ្រប់ចំនួន ដើម្បីបានឱកាសចូលទៅខាងក្នុងផ្ទះ លួចយកលុយបានជាង៣០ម៉ឺនរៀល ដាក់ក្នុងថង់រួច ក៏ត្រូវម្ចាស់ឃើញទាន់ និងស្រែកឡើងផ្អើលទាំងប្រជាពលរដ្ឋ និងសមត្ថកិច្ចមកជួយអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗខណៈម្នាក់ទៀតរត់គេចខ្លួន បាត់ស្រមោលឈ្មោះ រិទ្ធ។

យ៉ាងណាក៏ដោយ ទឹកប្រាក់ចំនួនជាង៣០ម៉ឺនរៀល នោះត្រូវសមត្ថកិច្ចខណ្ឌឬស្សីកែវ ដកហូតមកប្រគល់ជូនជនរងគ្រោះវិញ។ ចំណែកជនសង្ស័យកំពុង​ឃុំខ្លួន​បណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ​ចាត់ការតាមនីតិវិធី៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]