ខេត្តកំពង់ធំ ៖ ស្ត្រី​ម្នាក់​បន្ទាប់​ពី​និយាយ​ទូរស័ព្ទ​ជាមួយ​ប្តី​រួច សង្ស័យ​ខឹង​ប្តី​មាន​ស្រី បាន​ចង​.​ក​សម្លាប់​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១១​និង​៣០​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្នុងភូមិ​អូរ​សាលា ឃុំ​កំពង់ស្វាយ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ឯក ខេន ឈុ​ន​គ័​រ អធិការ​នគរបាល​ស្រុក​កំពង់ស្វាយ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ឹ​ម នី ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ មាន​ប្តី​ឈ្មោះ ទុន លឿន ។

យោង​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ទុន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ត្រូវជា​កូនបង្កើត​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​នៅ​តែ​ពីរ​នាក់​ម្តាយ​ក្រោមផ្ទះ ហើយ​ពេល​នោះ​ឪពុក​របស់​គាត់​ដែល​នៅ​ខេត្ត​ព្រះ​សីហ​នុ​បាន​និយាយ​តាម​ទូរស័ព្ទ​ជាមួយ​ម្តាយ​របស់​គាត់ ពីព្រោះ​ឪពុក​របស់​គាត់​បាន​ទៅ​ធ្វើ​សំណង់​នៅ​ទីនោះ ។

ប្រភព​ដដែល​បាន​បន្ត​ថា គាត់​បាន​ស្តាប់​ឮ​ម្តាយ​ និង​ឪពុក​ឈ្លោះ​គ្នា​រឿង​ឪពុក​របស់​គាត់​មាន​ស្រី លុះ​មួយសន្ទុះ​ក្រា​យមក ម្តាយ​គាត់​បាន​បិទ​ទូរស័ព្ទ​ឈប់​និយាយ បន្តិច​ក្រោយមក ឪពុក​របស់​គាត់​ក៏​បាន​ទូរស័ព្ទ​មក​ម្តងទៀត តែ​ម្តាយ​របស់​គាត់​មិន​ឲ្យ​លើក​ទូរស័ព្ទ​នោះ​ទេ ហើយ​គាត់​ក៏​ឡើង​មើល​រឿង​ក្នុង​ទូរស័ព្ទ​នៅ​លើ​ផ្ទះ​បាត់​ទៅ រីឯ​ម្តាយ​នៅ​ដាំបាយ​ក្រោមផ្ទះ លុះដល់​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ដដែល ពេល​គាត់​ចុះ​មក​រក​ហូប​បាយ ស្រាប់តែ​ឃើញ​ម្តាយ​យក​អាវយឺត​ចងក​ភ្ជាប់​នឹង​ឃ្នាប​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។ បន្ទាប់​មក​គាត់​ក៏​រាយការណ៍​ទៅ​សមត្ថកិច្ច​ដើម្បី​ឱ្យ​ចុះ​មក​ពិនិត្យ ។

ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ខាងលើ​នេះ​ភ្លាម កំលាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​បាន​ចូលរួម​ពិនិត្យ​សពជនរងគ្រោះ​ រក​មិនឃើញ​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ហើយ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក​ធ្វើ​អត្តឃាត​ខ្លួនឯង​ប្រាកដ​មែន មូលហេតុ​ប្រច័ណ្ឌប្តីមាន​ស្រី ។

បច្ចុប្បន្ន សព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]