រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ហេតុតែចង់បានប្ដីជាមន្ត្រីកងរាជអាវុធហត្ថបានប្រើល្បិចប្រាប់ប្ដីថា ឆ្នាំនេះប៉ាវាឯងមានអាយុ៤០ឆ្នាំដែលជាឆ្នាំគត់ហើយនាំឲ្យមានគ្រោះថ្នាក់ ដូច្នេះដើម្បីគេចឲ្យរួចផុតពីគ្រោះខាងលើទាល់តែយើងលែងលះគ្នាជាការឧបកិច្ចសិនផុតពីនេះចាំយកគ្នាវិញ ។
ពេលនោះដោយសារតែភាពឆោតល្ងង់ និងជឿជាក់ទុកចិត្តលើសម្ដីប្រពន្ធបុរសនោះបានយល់ព្រមតាម ហើយស្ត្រីជាប្រពន្ធក៏បានឲ្យផ្ដិតមេដៃលើលិខិតលែងលះហើយគាត់ក៏ផ្ដិតតាម ។ លុះក្រោយពេលបានស្នាមមេដៃហើយប្រពន្ធបានយកទៅប្ដឹងនៅតុលាការលែងមែនទែន រហូតចេញសាលក្រមទើបនាងបានដៃបានចាកចេញពីជីវិតគាត់ និងទៅរស់នៅជាមួយប្អូនធម៌ដែលជាមន្ត្រីកងរាជអាវុធហត្ថយ៉ាងត្រេកត្រអាល ។
ដោយឡែកនៅវេលាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បុរសខាងលើបានតាមស្វែងរកប្រពន្ធឃើញ កំពុងរស់នៅជាមួយប្អូនធម៌នៅក្នុងផ្ទះល្វែងមួយកន្លែងស្ថិតនៅក្នុងបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លុះព្រឹកឡើងថ្ងៃទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបគាត់បានស្រែកឡូឡាបង្កឲ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរនិងនគរបាលសង្កាត់ចោមចៅ២ នាំគ្នាចាប់បំបែកចេញស្ទើរតែមិនចង់ឈ្នះឡើយ។
បុរសនេះបានបន្តទៀតថា គាត់ និងអតីតប្រពន្ធបានរៀបការជាមួយគ្នាច្រើនឆ្នាំកន្លងមកហើយរហូតបង្កើតបានកូនប្រុសស្រីចំនួន៤នាក់នៅក្នុងបន្ទុកគ្រួសារ ហើយក្រោយមកបានស្គាល់រាប់អានគ្នាជាមួយបុរសដែលជាមន្ត្រីកងរាជអាវុធហត្ថខាងលើ ។
ការរាប់អាននេះមានសភាពជ្រាលជ្រៅរហូតឈានដល់យកគ្នាធ្វើជាបងប្អូនធម៌ និងបានស្រឡាញ់គ្នាជាងប្អូនបង្កើតរយៈពេលជាង២ឆ្នាំមកហើយ ម្យ៉ាងទៀតគាត់មិនបានគិតស្មានដល់ថា ប្អូនធម៌ហ៊ានលូកថ្លើមគាត់បែបនេះសោះ ។
ប្រភពដដែលបានបន្តថា គាត់មិនបានដឹងថា ប្រពន្ធមានចិត្តផិតក្បត់លួចមានទំនាក់ទំនងស្នេហាជាមួយប្អូនធម៌ទេទើបអ្វីៗធ្វើតាមប្រពន្ធបង្គាប់ទាំងអស់ ដោយហេតុតែចង់បានប្ដីជាមន្ត្រីកងរាជអាវុធហត្ថ ប្រពន្ធបានប្រើល្បិចបោកប្រាស់គាត់ដោយប្រាប់ថា «ប៉ាវាឯងមានអាយុ៤០ឆ្នាំដែលជាឆ្នាំគត់ហើយនាំឲ្យមានគ្រោះថ្នាក់ ដូច្នេះដើម្បីគេចឲ្យរួចផុតពីគ្រោះខាងលើទាល់តែយើងលែងលះគ្នាជាការឧបកិច្ចសិនផុតពីឆ្នាំគ្រោះនេះចាំយកគ្នាវិញ» ។
បន្ទាប់មកបានទាមទារឲ្យផ្តិតមេដៃជាបណ្តោះអាសន្នហើយដោយសារតែជឿទុកចិត្តលើសម្តីខ្លាំងពេកទើបគាតព្រមផ្ដិតមេដៃលែងលះបណ្ដោះអាសន្ន ស្រាប់តែប្រពន្ធយកស្នាមមេដៃនោះទៅដាក់ដាក់ពាក្យប្ដឹងលែងលះដល់តុលាការរហូតដល់តុលាការចេញសាលក្រមលែងលះស្របច្បាប់តែម្ដង ។
បុរសនេះបានបន្តថា ពេលនោះហើយដែលគាត់ភ្ញាក់ខ្លួនព្រើតដឹងថា ចាញ់បោកប្រពន្ធ និងចង់យំក៏យំមិនចេញឡើយ ហើយប្រពន្ធបានដៃបានចុះចោលរូបគាត់ទៅរស់នៅជាមួយប្អូនធម៌យកគ្នាជាប្ដីប្រពន្ធ ។
ចំណែករូបគាត់ព្រោះតែពិបាកចិត្តពេកគាត់បានសម្រេចចិត្តធ្វើអត្តឃាតសម្លាប់ខ្លួនចំនួន៤លើកមកហើយប៉ុន្តែមិនបានសម្រេច ។ ក្រោយមកទៀតអតីតប្រពន្ធបានលួចដកលុយពីកុងធនាគារអស់មួយចំនួនធំ ទើបគាត់តាមរកដើម្បីយកលុយវិញ ។
រហូតដល់វេលាល្ងាចថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ បានរកឃើញអតីតប្រពន្ធកំពុងនៅជាមួយប្ដីក្រោយគឺប្អូនធម៌គាត់នៅក្នុងផ្ទះល្វែងថ្មីដែលទើបនឹងទិញនៅក្នុងបុរីសន្តិភាព២ ។ លុះដល់វេលាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នេះបាននាំគ្នាមកដោះស្រាយនៅសាលាសង្កាត់ចោមចៅ២ហើយក៏បណ្ដាលឲ្យមានការឈ្លោះប្រកែកគ្នា ហើយអាជ្ញាធរ និងសមត្ថកិច្ចមិនបានដោះស្រាយឡើយព្រោះរឿងនេះជាដែនសមត្ថកិច្ចតុលាការ ។
ទាក់ទងទៅនឹងការចោទប្រកាន់ខាងលើត្រូវបានស្ត្រីជាអតីប្រពន្ធឆ្លើយនិយាយថា សម្តីការចោទប្រកាន់របស់អតីតប្ដីខាងលើនោះមិនពិតឡើយ តាមពិតការលែងលះគ្នាដោយមានការយល់ព្រមទាំងសងខាង ហើយតុលាការបានចេញសាលក្រមលែងលះរួចទៅហើយ ចំណែកលុយនៅធនាគារនាងមិនដឹង និងមិនបានលួចឡើយ ។
ចំណែកប្អូមធម៌ដែលជាមន្ត្រីអាវុធហត្ថហើយត្រូវជាប្តីក្រោយរបស់ស្ត្រីខាងលើវិញបាននិយាយថា ខ្លួនមិនបានលួច ឆក់ ប្លន់ យកប្រពន្ធបងធម៌ឡើយ ប៉ុន្តែដោយសារតែឃើញបងធម៌មានសាលក្រមលែងលះពីតុលាការហើយនោះ ទើបខ្លួនហ៊ានទទួលយកបងស្រីធម៌ធ្វើជាភរិយាបែបនេះ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]