រាជធានីភ្នំពេញ ៖ ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់កៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន និងរងរបួសយ៉ាងធ្ងន់ធ្ងរស្ទើររស់ស្ទើរស្លាប់ ខណៈដែលបុរសនោះបើកបររថយន្តម៉ាកកាមរីបាឡែន១គ្រឿងក្នុងល្បឿនលឿនជ្រុលទៅបុកពីក្រោយរថយន្តធុនធំ១គ្រឿងទៀតដែលកំពុងបើកបរក្នុងទិសដៅស្របគ្នាពេញទំហឹង ។
បន្ទាប់មកក្រុមសង្គ្រោះរបស់អង្គភាព៧១១បានចេញទៅជួយអន្តរាគមន៍វះកាត់ច្រៀករថយន្តបាឡែននោះទាញយកបុរសអ្នកបើកបរចេញ រួចនាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ។ ចំណែករថយន្តធុនធំរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ហើយបន្ទាប់ពីឃើញរថយន្តកាមរីបាឡែនខូចខាតទាំងស្រុង និងកៀបជាប់អ្នកបើកបរបែបនេះ មិនបានឈប់ឡើយ និងបានបើកបន្តដំណើរទៅបាត់ស្រមោល ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចមុខរោងចក្រសួនវឌ្ឍនៈ២ ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដែលជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2U-2157 បើកដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដោយនៅមុនពេលកើតហេតុរថយន្តនេះបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងនិងក្នុង ល្បឿនលឿនដោយមិនដឹងថា ប្រញាប់ទៅណាឡើយទើបបើកលឿនបែបនេះ ។
ប្រភពដដែលបានបន្តថា លុះពេលទៅដល់ត្រង់ចំណុចកើតហេតុមិនដឹងថា អ្នកបើកបរងងុយដេក ឬក៏បែបណានោះទេ ក៏បានបោះពួយជ្រុលទៅបុកពីក្រោយរថយន្តធុនធំដែលកំពុងបើកបរនៅខាងមុខយ៉ាងពេញទំហឹង បណ្តាលឲ្យក្រពឹតរួញខ្ទេចមុខខ្លួនឯង និងកៀបជាប់អ្នកបើកបររងរបួសធ្ងន់ធ្ងរតែម្ដង ចំណែករថយន្តធុនធំរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ បន្ទាប់មកបានបើកបរបន្តដំណើរទៅមុខបាត់ស្រមោលពីកន្លែងកើតហេតុ ។
ប្រភពខាងលើបានបន្តថា ក្រោយពេលកើតហេតុក្រុមសង្គ្រោះរបស់អង្គភាព៧១១បានចេញទៅជួយធ្វើការវះកាត់ច្រៀករថយន្តកាមរីបាឡែននោះយ៉ាងយូរទម្រាំទាញយកបុរសអ្នកបើកបរចេញបាន រួចហើយបានដឹកតាមរថយន្តរបស់អង្គភាពនាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ហើយក៏មិនទាន់ដឹងថា ជនរងគ្រោះរួចផុតពីគ្រោះថ្នាក់ដល់ជីវិតឬអត់នោះឡើយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]