រាជធានី​ភ្នំពេញ ៖ សុបិន​ក្លាយជា​ការ​ពិត នាង​កម្មការិនី​ម្នាក់​បាន​យល់​សុបិន​ឃើញ «ម្ដាយ​របស់​នាង​ទៅ​ប្រាប់​ថា មាន​ចោរលួច​ម៉ូតូ​របស់​នាង​តែ​លួច​មិន​បាន​ទេ​ព្រោះ​មាន​គេ​ប្រាប់​នាង​ទាន់»​។ លុះដល់​ថ្ងៃ​បន្ទាប់​ក្រោយ​ពី​ត្រឡប់​មក​ពី​ធ្វើការ​រោងចក្រ​វិញ​នាង​បាន​ទុក​ម៉ូតូ​នៅ​ជាន់​ផ្ទាល់​ដី រួច​ឡើង​ទៅ​ហូប​បាយ​នៅ​ជាន់​ទី​១ ក៏​ត្រូវ​បាន​ចោរលួច​យក​ម៉ូតូ​របស់​នាង​មែន ប៉ុន្តែ​មិន​បាន​ស​ម្រ​ច​ឡើយ​។

ដោយសារ​តែ​សុបិន​អាក្រក់​នោះ​បាន​ធ្វើ​ឲ្យ​នាង​ប្រុង​ប្រយ័ត្ន​ហើយ​បានដឹង​ចោរលួច​ម៉ូតូ​ទាន់​ពេល​ទើប​ស្រែក​ឆោឡោ​បង្ក​ការ​ភ្ញាក់ផ្អើល និង​ចាប់ខ្លួន​ចោរ​បាន​ម្នាក់​តែ​ម្ដង​។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជួល​ស្ថិត​នៅ​ក្នុងភូមិ ត្រពាំង​ល្វា សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ខាងលើ​ឈ្មោះ យិ​ន ដា អាយុ​២២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់​៣​ដុល្លារ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ចាម ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ជន​នេះ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង​ម៉ាក ស៊ុ​យ​ហ្ស៊ុ​យ​គី​និ​ច ពណ៌​ស ស៊េរី​ឆ្នាំ​២០១៨ ពាក់​ស្លាក​លេខ តាកែវ 1Q-4368​។ ដែល​ជា​កម្មសិទ្ធិ​របស់​ស្ត្រី​ម្នាក់​ឈ្មោះ បាន ធួន អាយុ​២៨​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ជាន់​ទី​១ ក្នុងភូមិ​កើតហេតុ និង​មានស្រុក​កំណើត នៅ​ភូមិ​ប្រាសាទ ឃុំ​កំពែង ស្រុក​គី​រី​វង្ស ខេត្តតាកែវ​។ នាង​កម្មការិនី​រូប​នេះ​បាន​ប្រាប់​នគរបាល​ថា កាលពី​វេលា​យប់​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ខណៈ​ពេល​គេង​លក់​នាង​បាន​យល់សប្ដិ​ឃើញ «​ម្ដាយ​របស់​នាង​ទៅ​ប្រាប់​ថា មាន​ចោរលួច​ម៉ូតូ​របស់​នាង តែ​លួច​មិន​បាន​សម្រេច​នោះ​ទេ ព្រោះ​មាន​គេ​ប្រាប់​នាង​ទាន់ »​។

ពេល​នោះ​នាង​បាន​ចាត់​ទុក​សុបិន​នេះ​ថា​ជា​សុបិន​អាក្រក់​មួយ សម្រាប់​រូប​នាង លុះ​ក្រោយ​ពេល​ភ្ញាក់​ពី​ដំណេក​នាង​បាន​ប្រុង​ប្រយ័ត្ន​គ្រប់ពេល​មិន​ហ៊ាន​ធ្វេសប្រហែស ឡើយ​។ ព្រោះ​ខ្លាច​សុបិន​ក្លាយជា​ការ​ពិត បន្ទាប់​មក​ព្រឹក​ឡើង​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ក្រោយ​ភ្ញាក់​ពី​ដំណេក នាង​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ជួល​ទៅ​ធ្វើការ​រោងចក្រ​។ រហូត​ដល់​វេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល ទើប​ជិះ​ម៉ូតូ​ត្រឡប់​មក​ហូប​បាយ​ថ្ងៃត្រង់​ផ្ទះ​ជួល​វិញ ពេល​នោះ​នាង​បាន​ទុក​ម៉ូតូ​នៅ​ខាងក្រោម ដោយ​ចាក់សោ​យ៉ាង​ត្រឹមត្រូវ រួច​ហើយ​បាន​ឡើង​ទៅ​ហូប​បាយ​នៅ​ក្នុង​បន្ទប់​លើ​ជាន់​ទី​១​។

ស្ត្រី​រូប​នេះ​បាន​បន្ត​ទៀត​ថា បន្តិច​ក្រោយមក​ខណៈ​ពេល​កំពុង​តែ​ហូប​បាយ ស្រាប់តែ​ឮ​សូរ​សំឡេង​ឆ្កែ​ព្រុស យ៉ាង​រន្ថើន និង​ប្លែក​ខុស​ពី​ធម្មតា ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​ចម្លែក​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង និង​បាន​គិតដល់​សុបិន អាក្រក់​កាលពី​ពេល​យប់មិញ​។ ទើប​ភ្លាម​ៗ​នោះ​នាង​បាន​ស្ទុះ​រត់​ចេញពី​ក្នុង​បន្ទប់​ទៅ​អើត​មើល​មក​ក្រោម​កន្លែង​ដែល​នាង​ម៉ូតូ ស្រាប់តែ​ឃើញ​ជនសង្ស័យ កំពុង​ឡើង​ជិះ​ម៉ូតូ​របស់​នាង​បម្រុង​គេចខ្លួន​។ ទើប​ខណៈនោះ នាង​ស្រែក​ឆោឡោ​ថា​«​ចោរ​ៗ »​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​ជួយ​ដេញ​ព័ទ្ធ​ចាប់​ជនសង្ស័យ បាន​ភ្លាម​ៗ​តែ​ម្ដង ហើយ​នាង​បាន​យល់​ថា​សុបិន​នោះ​គឺជា​ការ​ពិត​។

អ្នក​ភូមិ​បាន​និយាយ​ថា ក្រោយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ដោយសារ​តែ​កំហឹង​ពួក​គាត់​បាន​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​រួច​ទើប​ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​ចាត់ការ​តាម​ច្បាប់​។ ហើយ​នេះ​គឺជា​រឿងរ៉ាវ​ដែល​បាន​កើតឡើង​ដ៏​កម្រ​មួយ ដែល​ការ​យល់​សុបិន​របស់​នាង​កម្មការិនី​រូប​នោះ​ក្លាយជា​ការ​ពិត​បែប​នេះ​។ ចំណែក​ជនសង្ស័យ​វិញ​ក៏ មិនមែន​សុទ្ធតែ​ធ្វើ​សកម្មភាព​បាន​សម្រេច​នោះ​ទេ​លោក​ចោរ​រូប​នេះ​ក៏​មាន​ថ្ងៃ​អស់លក្ខណ៍ ព្រោះ​សត្វ​ឆ្កែ និង​សុបិន​របស់​ម្ចាស់​ម៉ូតូ​ដូច​ជា​ពេល​នេះ​ដែរ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]