រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ និង​យុវជន​ម្នាក់​ទៀត​បាន​ក្លែងខ្លួន​ជា​សង្ឃ​រួច​ហើយ​បាន​ចេញ​ដើរ​បិណ្ឌ​បាត្រ គ្រប់​ច្រកល្ហក​តាម​ទីប្រជុំជន និង​តាម​ខ្នង​ផ្ទះ​តាម​ភូមិ​នានា​។ ហើយ​អ្នក​ប្រជាពលរដ្ឋ​ជា​ច្រើន ដែល​មានសទ្ធា​ជ្រះថ្លា​ចូល​ចិត្ត​ខាង​ធ្វើបុណ្យ​ដាក់​ទាន​នោះ​បាន​នាំ​គ្នា​ដាក់​បាត្រ​ភាគច្រើន​ជា​លុយកាក់ និង​ក្រាប​សំពះ​ថ្វាយបង្គំ​ក្បាល​ដល់​ដី​គ្រប់​ៗ​គ្នា​។ ដោយ​មិន​បាន​ចាប់អារម្មណ៍ ឬ​ដឹង​ថា​ជន​ដែល​ពួក​គាត់ កំពុង​គោរព​ប្រណិប័តន៍​ចាត់ទុកជា​ស្រែបុណ្យ​ដ៏​ថ្លៃថ្លា​ទៅ​អនាគតជាតិ​នេះ​គឺជា​សង្ឃ​ក្លែងក្លាយ​ឡើយ​។

ចំណែក​ជន​ក្លែង​ជា​សង្ឃ​ទាំង​២​នាក់​ក្រោយ​ពេល​បិណ្ឌ​បាត្រ​បាន​លុយ​ហើយ​បាន​នាំ​គ្នា​ទៅ​កន្លែង​ស្ងាត់​រួច​ដោះ​ស្បង់​ចីវរ​ចេញ និង​ស្លៀកពាក់​ខោអាវ​ជា​គ្រហស្ថ​វិញ ហើយ​ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ​ក៏​ចាប់ខ្លួន ប្រគល់​ជូន​នគរបាល​តែ​ម្ដង​។ អ្នក​ភូមិ​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់ខ្លួន​ជន​ក្លែង​ជា​សង្ឃ​ទាំង​២​នាក់​នេះ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៩​។ នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​ជិត​រោងចក្រ​ស្រា​បៀរ​ហ្ក្រោ​ន ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ជនសង្ស័យ​ដែល​ត្រូវ​ចាប់ខ្លួន​ខាងលើ​នោះ​ម្នាក់​ឈ្មោះ សុខ សុធា អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ជន​នេះ​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​សា​ម័​រ ឃុំ​ត្រពាំង​ស្រែ ស្រុក​មេ​សាង ខេត្តព្រៃវែង ហើយ​បាន​ក្លែងខ្លួន បាន​រយៈពេល​៧​ថ្ងៃ​មក​ហើយ​។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ ប្រា​ង សំណាង អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង​មានស្រុក​កំណើត នៅ​ក្នុងភូមិ​ចារ ឃុំ​ព្រៃ​រំដេង ស្រុក​មេ​សាង ខេត្តព្រៃវែង ជន​នេះ​បាន​ក្លែងខ្លួន​ជា​សង្ឃ​ក្លែង​បាន​រយៈពេល​៣​ថ្ងៃ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​ចាប់ខ្លួន​នគរបាល​ដកហូត បាន​លុយ​ជាង​១០​ម៉ឺន​រៀល​ដែល​ពួក​នេះ​បិណ្ឌ​បាត្រ​បាន​ពី​ទីកន្លែង​នានា​។ រួម​ជាមួយ​ស្បង់​ចីវរ បាត្រ និង​ឆាយ​គណៈមហានិកាយ ២​ក្បាល ដែល​ជនសង្ស័យ​លួច​របស់​ព្រះសង្ឃ​នៅ​ឯ​ស្រុក​កំណើត រួច​យក​ទៅ​ស្គែ​ន ដាក់​តាម​ខ្លួន​ដើម្បី​ការពារ​ក្រែង​អាជ្ញាធរ​ឃាត់​ត្រួតពិនិត្យ​។ អ្នក​ភូមិ​ខាងលើ​បាន​និយាយ​ថា ពួក​គាត់​បានឃើញ​ជន​សង្ឃ​ទាំង​២​នាក់​នេះ​ដើរ​បិណ្ឌ​បាត្រ ច្រើន​ថ្ងៃ​មក​ហើយ មិនតែប៉ុណ្ណោះ​ពួក​គាត់​មិន​បានដឹង​ថា ពួក​នេះ​គឺជា​សង្ឃ​ក្លែងក្លាយ​នោះ​ឡើយ ហើយដោយ​សារ​តែ​ជា​អ្នក​កាន់ និង​ជឿជាក់​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​ទើប​នាំ​គ្នា​ដាក់​បាត្រ និង​ថ្វាយបង្គំ​ជន​ទាំងនេះ​គ្រប់​ៗ​គ្នា​តែ​ម្ដង​។

ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​សង្ឃ​ក្លែងក្លាយ​ទាំង​២​នាក់​នេះ​បាន​គ្រ​ស្បង់​ចីវរ និង​ប្រដាប់​ដោយ​បាត្រ​ផង​បាន​ចេញ​ដើរ​បិណ្ឌ​បាត្រ​តាម​ទីផ្សារ និង​តាម​ខ្នង​ផ្ទះ​ក្នុងភូមិ​ពួក​គាត់​ទៀត​។ ខណៈនោះ​មាន​អ្នក​ដាក់​បាត្រ​ជា​ហូរហែ ដោយ​ខ្លះ​ដាក់​ជា​លុយ និង​ខ្លះ​ទៀត​ដាក់​ជា​ទេយ្យវត្ថុ​ផ្សេង​ៗ លុះ​ក្រោយ​បាន​លុយ​ហើយ​បាន​នាំ​គ្នា​ទៅ​ផ្លាស់​ស្បង់​ចីវរ​ចេញ និង​ស្លៀកពាក់​ខោអាវ​វិញ​នៅ​ត្រង់​ចំណុច កើតហេតុ​ខាងលើ​។ ខណៈនោះ​ហើយ​ត្រូវ​បាន​ពួក​គាត់​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន ប្រគល់​ជូន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​៣​ដើម្បី​ចាត់ការ​តែ​ម្ដង​។

នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១​បាន​ប្រាប់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​កម្លាំង​បាន​ដកហូត​ស្បង់​ចីវរ និង​បាត្រ​ព្រមទាំង​លុយ​ជាង​១០​ម៉ឺន​រៀល ដែល​ពួក​គេ​បិណ្ឌ​បាត្រ​បាន និង​ឆាយា​គណៈមហានិកាយ​ក្លែងក្លាយ​២​ក្បាល​ដែល​ជនសង្ស័យ​លួច ពី​ព្រះសង្ឃ យក​ទៅ​ស្គែ​ន​ដាក់​ជាប់​ខ្លួន​។ បន្ទាប់​ពី​ធ្វើការ​សាកសួរ​អ្នក​ទាំង​២​បាន​សារភាព​ថា ពួក​ខ្លួន​ពិតជា​បាន​ក្លែងខ្លួន​ជា​សង្ឃ​ពិតមែន​ដើម្បី​រក​លុយ ហើយ​បាន​ធ្វើ​ច្រើន​ថ្ងៃ​កន្លង​មក​ហើយ ទើបតែ​ពេល​នេះ​ត្រូវ​អស់លក្ខណ៍​។ ប៉ុន្តែ​ទោះបី​បែប​នេះ​ក្ដី​តាម​ចំណាត់ការ​របស់​ថ្នាក់លើ​បាន​សម្រេច មិន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឡើយ គឺ​សម្រេច​ត្រឹម​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ប៉ុណ្ណោះ រួច​ហើយ​ដោះ​លែង​ឲ្យ​អ្នក​ទាំង​២​មាន​សេរីភាព​វិញ​ហើយ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]