ចិន៖ បុរសវ័យចំណាស់ជនជាតិចិនម្នាក់ បានរងរបួសធ្ងន់ធ្ងរ រហូតដល់ថ្នាក់បាក់.ក ក្រោយត្រូវបានសត្វឆ្កែចិញ្ចឹមរបស់ខ្លួន លោតពីលើផ្ទះមកដើម្បីទទួលស្វាគមន៍ដោយក្តីនឹករលឹក ក្រោយបែកគ្នាអស់ពេលជាច្រើនថ្ងៃ។

បើយោងតាមការចុះផ្សាយពីសារព័ត៌មានចិន សៀងហៃអ៊ីស ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងកាលថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ គឺនៅគ្រាដែលបុរសរងគ្រោះ ដែលត្រូវគេស្គាល់ឈ្មោះថា លោកតា Li មានវ័យ៦៧ឆ្នាំ បានទៅលេងផ្ទះក្រោយហួសចូលឆ្នាំចិន។

ឆ្កែចិញ្ចឹមរបស់លោកតា Li

ប្រភពដដែលបន្តថា នៅពេលដែលលោកតា Li បានដើរមកដល់មុខផ្ទះ ក៏ស្រាប់តែសត្វឆ្កែចិញ្ចឹម Husky ដ៏គួរឲ្យស្រលាញ់របស់គាត់ ដែលកំពុងតែនៅលើជាន់ដំបូលផ្ទះ (ជាន់ទី២) ប្រទះឃើញ ក៏ស្ទុះលោតចុះមកក្រោមទាំងឥតស្ទាក់ស្ទើរ ពីលើលោកតាតែម្តង។

ដោយសារតែ ឆ្កែចិញ្ចឹមរបស់លោកតា Li ទម្ងន់ប្រហែល៣០គីឡូក្រាម បានធ្លាក់ចំគាត់ គួបផ្សំនឹងចាស់ជរាផងដែរនោះ ក៏បានបណ្តាលឲ្យលោកតាដួលសន្លប់បាត់មាត់បាត់កតែម្តង។ ភ្លាមៗក្រោយកើតហេតុ លោកតាក៏ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងស្រុក នាទីក្រុង Chenzhou ខេត្ត Hunan ខណៈដែលក្រុមគ្រូពេទ្យបានធ្វើការពិនិត្យ និងរកឃើញថា លោកតា Li បានរងរបួសធ្ងន់ធ្ងរ បណ្តាលឲ្យបាក់.ក និងភ្លាត់ឆ្អឹងកង.ក។

ស្ថិតនៅក្នុងស្ថានភាពកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ លោកតា Li បាននិយាយតិចៗថា លោកតាមិនបន្ទោសទៅលើសត្វឆ្កែរបស់គាត់នោះទេ ប៉ុន្តែនៅលើកក្រោយលោកតានឹងប្រុងប្រយ័ត្នជាងនេះ និងដាក់ច្រវាក់វាឲ្យបានត្រឹមត្រូវផងដែរ ចៀសវាងការកើតមានបញ្ហាដូចជាលើកនេះ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]