កូរ៉េខាងត្បូង៖ ១ ក្នុងចំណោមស្រ្តីមានផ្ទៃពោះ ៥នាក់នៅប្រទេសកូរ៉េខាងត្បូង ត្រូវបានរកឃើញថាពួកគេបានរំលូតកូនចោល ដោយសារមូលហេតុភាគច្រើនមកពីការព្រួយបារម្ភអំពីជីវភាពរស់នៅប្រចាំថ្ងៃ និងការអភិវឌ្ឍន៍ខ្លួននៅក្នុងសង្គម។

វិទ្យាស្ថានសុខាភិបាលនិងសង្គមកិច្ច បានបញ្ចេញទិន្នន័យដ៏កម្រមួយទាក់ទងទៅនឹងការរំលូតកូន ដែលធ្វើឡើងនៅក្នុងប្រទេសកូរ៉េខាងត្បូងជាលើកដំបូង រយៈពេល ៧ឆ្នាំចុងក្រោយនេះ។

យោងតាមទិន្នន័យខាងលើបានរាយការណ៍ថា ស្រ្តី ៧៥៦នាក់ ក្នុងចំណោមស្ត្រីមានផ្ទៃពោះជិត ៣,៨០០នាក់ បាននិយាយថា ពួកគេទាំងអស់សុទ្ធសឹងតែឆ្លងកាត់បទពិសោធន៍រំលូតកូនចោល ឬយកកូនចេញ។ ក្នុងនោះស្រ្តីមានផ្ទៃពោះប្រមាណ ១០% បាននិយាយថា ពួកគេក៏បានពិចារណាថានឹងរំលូតកូនចោលដែរ ប៉ុន្តែចុងក្រោយក៏ផ្លាស់ប្តូរគំនិតវិញ។ ការស្ទង់មតិនេះត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញានិងខែតុលា លើស្ត្រីនិងក្មេងស្រីជំទង់ ដែលមានអាយុចាប់ពី១៥ ដល់ ៤៤ឆ្នាំ។

យោងតាមច្បាប់ព្រហ្មទណ្ឌនៅប្រទេសកូរ៉េខាងត្បូង ការរំលូតកូនចោល ឬការយកកូនចេញដោយចេតនា ជាអំពើខុសច្បាប់ ដោយត្រូវផាកពិន័យជាអតិបរមាប្រមាណ ២លានវ៉ុន (ជាង ១,៧៧០ដុល្លារ) ឬជាប់ពន្ធនាគារចំនួន ១ឆ្នាំ។

គ្រូពេទ្យត្រូវបានអនុញ្ញាតឱ្យអនុវត្តការរំលូតកូនចោល ឬការយកកូនចេញ លុះត្រាមានករណីរំលោភសេពសន្ថវៈ ឬស្មន្ធការ (ការសេពកាមរវាងបុរស និងស្ត្រីដែលជាប់សាច់ឈាមគ្នា) ឬក៏ក្នុងករណីដែលទារកនៅក្នុងផ្ទៃអាចបង្កឱ្យមានហានិភ័យនានាដល់ម្តាយ  ឬសុខភាពរបស់ទារកតែប៉ុណ្ណោះ។  តែបើទោះបីជាមានការចែងច្បាប់ដូច្នេះក៏ដោយនៅតែមានគ្លីនិកខុសច្បាប់មួយចំនួនបន្តបំពាន និងជួយរំលូតកូនចោលឱ្យស្រ្តីជនជាតិកូរ៉េខាងត្បូងផងដែរ។ កត្តាម្យ៉ាងទៀតដែលជួយឱ្យស្រ្តីយកកូនចេញបានងាយស្រួល គឺការទិញថ្នាំរំលូតកូនពីក្រៅប្រទេស។

យោងតាមការស្ទង់មតិកាលពីពេលថ្មីៗនេះបានឱ្យដឹងថា មូលហេតុចម្បងដែលស្រ្តីមានផ្ទៃពោះសម្រេចចិត្តយកកូនចេញ ឬរំលូតកូនចោល  ដោយសារកត្តាព្រួយបារម្ភខ្លាំងអំពីបញ្ហាសេដ្ឋកិច្ច និងខ្លាចកូនរបស់ពួកគេ ក្លាយជាឧបសគ្គរារាំងដល់ការអភិវឌ្ឍន៍ការងារ  ឬការសិក្សារបស់ខ្លួន។

យ៉ាងណាក៏ដោយ ចំពោះស្រ្តីមានផ្ទៃពោះដែលជ្រើសរើសមិនរំលូតកូនចោល ឬយកកូនចេញវិញ  មូលហេតុធំបំផុតគឺពួកគេឱ្យតម្លៃជីវិតមនុស្ស និងស្រលាញ់ជីវិតមនុស្សច្រើនជាងភាពជោគជ័យផ្សេងៗទៀត។

វិទ្យាស្ថានសុខាភិបាលនិងសង្គមកិច្ច ក៏បានឱ្យដឹងទៀតថា តួលេខនៃស្រ្តីមានផ្ទៃពោះយកកូនចេញ ឬរំលូតកូនចោល មានការធ្លាក់ចុះយ៉ាងខ្លាំងគួរឱ្យគត់សម្គាល់នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មូលហេតុចម្បងគឺដោយសារមនុស្សចេះប្រើប្រាស់វិធីពន្យារកំណើត៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]