(ភ្នំពេញ)៖ ​​​បន្ទាប់ពីបើកការស៊ើបសួរពេញមួយព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះរួចមក លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចសួរបានបង្គាប់ ឲ្យមន្ត្រីពន្ធនាគារ នាំជនជនសង្ស័យឈ្មោះ យិន ហេង ដែលមានរហស្សនាមថា «ចំប៉ី ខ្មៅ» ទៅពន្ធនាគារព្រៃ «ស» វិញដដែល ករណីបង្ហោះវីដេអូលើបណ្តាញសង្គម Facebook ដោយប្រមាថជាតិសាសន៍ខ្មែរយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមមន្ត្រីតុលាការ បានបញ្ជាក់មកអង្គភាពព័ត៌មាន Fresh News នៅថ្ងៃនេះ។

ថ្លែងប្រាប់ Fresh News នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ មន្ត្រីតុលាការបានបញ្ជាក់ថា ជនសង្ស័យ យិន ហេង ត្រូវបានលោក ពេជ្រ វិជ្ជាធរ សម្រេចឃុំខ្លួនបណ្តោះអាសន្នសិន នៅពន្ធនាគារព្រៃ «ស» ដោយរង់ចាំចាត់ការជំនុំ ជម្រះតាមនីតិវិធីបន្តទៀត តាមការចោទប្រកាន់របស់ព្រះរាជអាជ្ញា។

សូមបញ្ជាក់ថា ព្រះរាជអាជ្ញា លី សុផាណា បានចោទប្រកាន់ជនសង្ស័យ យិន ហេង ពីបទ «ញុះញង់ឱ្យមានការរើសអើង» តាមមាត្រា៤៩៤ និងមាត្រា៤៩៦ នៃក្រមព្រហ្មទណ្ឌ ហើយបទល្មើសនេះ អាចមានទោសជាប់ពន្ធនាគារ ពី១ឆ្នាំ ទៅ៣ឆ្នាំ។

កាលពីរសៀលថ្ងៃទី០៦ ខែកុម្ភៈ នគរបាលខណ្ឌដូនពេញ បានបញ្ជូនខ្លួនឈ្មោះ យិន ហេង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៉ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់ ក្នុងសំណុំរឿងបង្ហោះជាសាធារណៈ តាមបណ្តាញសង្គម Facebook ដោយបានជេរប្រមាថមកលើ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

យុវជនដែលជាភេទទី៣ ដែលល្បីក្នុងបណ្ដាញសង្គម Facebook ឈ្មោះ «ចំប៉ី ខ្មៅ» ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ដោយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា​ សហការជាមួយកម្លាំងនគរបាលខណ្ឌដូនពេញ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

គួរជម្រាបដែរថា «ចំប៉ីខ្មៅ» បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឱ្យសមត្ថកិច្ច ចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ មូលហេតុដែលធ្វើឱ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិកចំនួន៣នាក់ បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ដង (៣ក្រញ៉) ដោយមិនដឹងមូលហេតុ។ ជនសង្ស័យថា សកម្មភាពខោកក្បាលពីជនអនាមិក បានធ្វើឱ្យខ្លួនមានការឈឺចាប់ជាខ្លាំង ក៏បង្កឲ្យខ្លួនបង្ហោះវីដេអូជេរប្រមាថខ្មែរ ព្រោះតែកំហឹងមួយឆាវតែម្តង៕

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]