បរទេស៖ អ្នកទាំងអស់គ្នាប្រហែលជាបានដឹងរួចមកហើយថា សព្វថ្ងៃនេះបចេ្ចកវិទ្យាក្នុងពិភពលោកកាន់តែរីកចម្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ តួយ៉ាង ប្រទេសចិន កាលពីខែមុនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលម្តងរួចមកហើយ អំពីការបញ្ជូនយានអវកាស The Changé-4 ទៅកាន់ផ្នែកម្ខាងទៀតនៃភពព្រះច័ន្ទជាលើកដំបូងបង្អស់។

យ៉ាងណាមិញ មិនមែនតែប្រទេសចិនមួយទេ ដែលមានមហិច្ឆតាខ្ពស់ក្នុងការអភិវឌ្ឍគម្រោងហោះទៅសិក្សាស្រាវជ្រាវនិងដកពិសោធន៍សណ្ឋានដីនិងអ្វីដែលមានលើភពព្រះច័ន្ទ។

ថ្មីៗនេះភ្នាក់ងារអវកាសអ៊ឺរ៉ុបបានប្រកាសគម្រោងជីករុករករ៉ែលើឋានព្រះច័ន្ទនាឆ្នាំ២០២៥។ មិនមែនដូចមុនទេពួកគេនឹងមិនទៅរុករកសារធាតុរ៉ែ ឬក៏ថ្មដែលមានលើភពព្រះច័ន្ទទេ។ ប៉ុន្តែពួកគេនឹងជីកដីរុករកទឹក និងអុកស៊ីសែនវិញម្តង។នេះបើយោងតាមការបញ្ជាក់របស់សារព័ត៌មាន The Richest ។

សណ្ឋានដីលើភពព្រះច័ន្ទ

តាមការបញ្ជាក់របស់ភ្នាក់ងារអវកាសអ៊ឺរ៉ុបដដែលបានឲ្យដឹងថា "ពួកយើងគ្រោងបើកដំណើរការរុករកទឹក និងអុកស៊ីសែននៅកន្លែងដែលមានកំទេចធូលីដីប្រភេទ regolith ច្រើន។ វាជាប្រភេទកំទេចធូលីដីដែលគ្របដណ្តប់លើផ្ទៃដីនៅភពព្រះច័ន្ទ។ ពួកយើងជឿថាទឹកនិងអុកស៊ីសែននឹងអាចរកឃើញ ក្រោយពេលជីកកំទេចធូលីដីទាំងអស់នោះចេញ"។

បើគម្រោងនេះជោគជ័យ នាថ្ងៃអនាគតមនុស្សនឹងអាចធ្វើដំណើរទៅរស់នៅលើភពព្រះច័ន្ទរយៈពេលយូរបាន។ មិនតែប៉ុណ្ណោះពួកគេក៏ប្រហែលជាអាចផលិតប្រេងឥន្ធនៈដើម្បីធ្វើជាសាំងចាក់យានអវកាសនៅលើភពព្រះច័ន្ទទៀតផង៕

ដីប្រភេទ regolith
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]